ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

កម្លាំង​ប្រដាប់​អាវុធ​ប្រើ​អំពើ​ហិង្សា​បំបែក​បាតុកម្ម​ដឹកនាំ​ដោយ​លោក​ ម៉ម សូណង់ដូ


បាតុករ​ម្នាក់​គេច​ពី​ក្រុម​ប៉ូលិស​បង្ក្រាប​កុប្បកម្ម​ដែល​បាន​បាញ់​គ្រាប់បែក​ផ្សែង​ក្នុង​អំឡុង​ពេល​បាតុកម្ម​មួយ​នៅ​ក្រុង​ភ្នំពេញ​កាល​ពី​ថ្ងៃ​ច័ន្ទ​ទី​២៧ ខែ​មករា ឆ្នាំ​២០១៤។
បាតុករ​ម្នាក់​គេច​ពី​ក្រុម​ប៉ូលិស​បង្ក្រាប​កុប្បកម្ម​ដែល​បាន​បាញ់​គ្រាប់បែក​ផ្សែង​ក្នុង​អំឡុង​ពេល​បាតុកម្ម​មួយ​នៅ​ក្រុង​ភ្នំពេញ​កាល​ពី​ថ្ងៃ​ច័ន្ទ​ទី​២៧ ខែ​មករា ឆ្នាំ​២០១៤។
រយៈពេល​៥​នាទី​ប៉ុណ្ណោះ​ បន្ទាប់ពី​បាន​កំណត់​ឱសានវាទ​ឲ្យក្រុម​បាតុករ​ចាក​ចេញ​ពី​មុខ​ក្រសួង​ព័ត៌មាន​ កង​រាជ​អាវុធ​ហត្ថ​និង​ប៉ូលិសបង្ក្រាប​បាតុកម្ម​ជាច្រើន​រាប់​រយ​នាក់​បាន​ចាប់​ផ្តើម​វាយ​បង្ក្រាប​ដោយ​អំពើ​ហិង្សា​ដោយ​មិន​រើស​មុខ​ទៅ​លើ​ក្រុម​អ្នក​កាសែត មន្ត្រី​អង្គការ​ក្រៅ​រដ្ឋាភិបាល​ និងក្រុម​បាតុករ​ដែល​ដឹក​នាំ​ដោយ​លោក​ម៉ម សូណង់ដូ។​ (មើល​កម្រង​រូបថត)

កង​កម្លាំងមាន​សមត្ថកិច្ច​ប្រដាប់​ដោយ​ដំបង​ឆក់​ និង​ខែល​គ្រប់​ដៃ​ បាន​បោក​គ្រាប់​បែក​ផ្សែង​ជាច្រើន​គ្រាប់​ទៅ​លើ​ក្រុម​បាតុករ ​ដែល​ឈរ​ស្រែក​ទាមទារដោយ​សន្តិវិធី​នៅ​ពី​មុខ​ក្រសួង​ព័ត៌មាន ​បណ្តាល​ឲ្យក្រុម​បាតុករ​បាន​រត់​ស្លន់​ស្លោ ​គេច​ចេញ​ពី​ការ​តាម​បង្ក្រាប​របស់កង​កម្លាំងមាន​សមត្ថកិច្ច។

បោក​គ្រាប់​បែក​បាន​ផ្ទុះ​ឡើង។​

«អ្នក​អត់​មាន​ភារកិច្ច​ចេញ!»។​

សាក្សី​ឃើញ​ផ្ទាល់​ភ្នែក​ និង​ក្រុម​មន្ត្រី​ឃ្លាំ​មើល​ការ​រំលោភ​សិទ្ធិ​មនុស្ស​ បាន​អះអាង​ថា ​យ៉ាង​តិច​មាន​ក្រុម​បាតុករ​ប្រមាណ​៩​នាក់​បាន​រង​របួស​យ៉ាង​ធ្ងន់​ធ្ងរ ​រួច​ហើយ​ត្រូវ​បាន​បញ្ជូន​ទៅ​ព្យាបាល​នៅ​មន្ទីរ​ពេទ្យ​ឯកជន​ និង​មន្ទីរ​ពេទ្យ​រដ្ឋ។​

លោក​សុខ នី​ អាយុ​៣៥​ឆ្នាំ​ អ្នក​រត់​ម៉ូតូឌុប​ម្នាក់​ ត្រូវ​បាន​កង​កម្លាំងមាន​សមត្ថកិច្ច​វាយ​ឲ្យរង​របួស​ត្រង់​ក្បាល។ លោក​មាន​ប្រសាសន៍​ថា​ កង​រាជ​អាវុធ​ហត្ថមាន​គ្នា​ពីរ​ទៅ​បី​នាក់​ បាន​វាយ​លោក​នឹង​ដំបងដោយ​មិន​បាន​សួរ​នាំ​អ្វី​ទាំង​អស់។​

លោក​សុខ​ នី​ ដែលរុំ​បង់​ពណ៌ស​នៅ​លើ​ក្បាល​ អង្គុយ​ក្រោម​ដើម​ឈើ​មួយ​ និយាយ​រៀប​រាប់​ថា៖​ «គាត់​ស្រែក​ថា​ ឲ្យខ្ញុំ​ចេញ។​ ខ្ញុំ​ថា​ អត់​អី​ទេ​ ខ្ញុំ​ចេញ»។ ​ដល់​ពេល​ខ្ញុំ​ចេញ​ទៅ​ ស្រាប់​តែ​ គ្រាន់​តែ​ចេញ​ទៅ​មាន​កម្លាំងពីរ​ បី​នាក់​មក​វៃ​ខ្ញុំ​តែ​ម្តង»។​

លោក ​អំ សំអាត​ ប្រធាន​ផ្នែក​ស៊ើប​អង្កេត​របស់​អង្គការ​លីកា​ដូ​ បាន​ហៅ​ការ​បង្ក្រាប​របស់​កង​កម្លាំងមាន​សមត្ថកិច្ច​ថា ជា​ការប្រើ​ប្រាស់​វិធី​មួយ​ដ៏​ឃោរឃៅ​ទៅ​លើ​ការ​តវ៉ា​ដោយ​សន្តិវិធី​របស់​ក្រុម​បាតុករ។

លោក​និយាយ​ថា៖​ «ខ្ញុំ​គិត​ថា​ ការ​បង្ក្រាប​នេះ​វា​ហាក់​បី​ដូច​ជា​ការ​ប្រើ​ប្រាស់​វិធី​មួយ​ដ៏​ឃោរឃៅ​ ដែល​យើង​មិន​អាច​ទទួល​យក​បាន​ទេ។ វា​ជា​ការ​រំលោភ​សិទ្ធិ​មនុស្ស​មួយ​ដ៏​ធ្ងន់​ធ្ងរ។ ​វា​គួរ​តែ​មាន​ការ​ចរចា​គ្នា​មួយ​យើង​មិន​ចង់​ឲ្យមាន​ប្រើ​ប្រាស់​អំពើ​ហិង្សា​តាម​របៀប​នេះ​ទេ។ ហើយ​យើង​ថ្កោល​ទោស​ជា​ដាច់​ខាត​ចំពោះ​ទង្វើ​ទាំង​អស់​នេះ​ បាទ»។​

ក្រុម​មន្ត្រី​មាន​សមត្ថកិច្ច​មិន​បាន​ធ្វើ​អត្ថាធិប្បាយ​ណា​មួយ​ជាមួយ​នឹង​ក្រុម​អ្នក​កាសែតទេ​ នៅ​ពេល​ដែល​បាន​ព្យាយាម​សាក​សួរ​នៅ​កន្លែង​បង្ក្រាប។​

លោក​ខេង ទីតូ ​អ្នក​នាំពាក្យ​កង​រាជ​អាវុធ​ហត្ថ​លើ​ផ្ទៃ​ប្រទេស​ បាន​អះអាង​ថា ​ការ​វាយ​បង្ក្រាប​របស់​កង​កម្លាំងមាន​សមត្ថកិច្ច​នេះ​កើត​មានឡើង​ដោយ​សារ​តែ​លោក​ម៉ម សូណង់ដូ​បាន​បំពាន​បម្រាមរបស់​រដ្ឋាភិបាល។​

លោក​និយាយ​ថា៖​ «គាត់​បាន​ធ្វើ​ការ​បិទ​ផ្លូវ​ហើយ​ធ្វើ​ឲ្យមាន​ការ​កក​ស្ទះ​ ខូច​ខាត​សណ្តាប់​ធ្នាប់​ របៀប​រៀប​រយ​នៅ​តាម​ដង​ផ្លូវ។ វា​ប៉ះ​ពាល់​ដល់​ផល​ប្រយោជន៍​សារធារណៈ។ ហើយ​គាត់​ក៏​បាន​បដិសេធ​នូវ​សំណូម​ពរ​សុំ​ឲ្យគាត់​រំសាយ​ម្តង​ហើយ​ម្តង​ទៀត។ អញ្ចឹង​បាន​ជា​កង​កម្លាំងមាន​សមត្ថកិច្ច​បង្ខំចិត្ត​ធ្វើ​ការ​បំបែក»។​

សាក្សី​ឃើញ​ផ្ទាល់​ភ្នែក ​និង​មន្ត្រី​សិទ្ធិ​មនុស្ស​បាន​អះអាង​ថា​ ក្រុម​បាតុករ​ប្រមាណ​ជិត៥០០​នាក់​ដែល​ដឹក​នាំ​ដោយ​លោក​ម៉ម សូណង់ដូ​បាន​ដើរ​ចេញ​ពី​ទី​លាន​ប្រជា​ធិបតេយ្យ​ដោយ​សន្តិវិធី​ឆ្ពោះ​ទៅ​ក្រសួង​ព័ត៌មាន​ ដើម្បី​ទាមទារ​ឲ្យដំឡើងកម្លាំងផ្សាយ​របស់​ស្ថានីយ៍ទូរទស្សន៍​ និង​វិទ្យុ​សម្បុក​ឃ្មុំ​នៅ​តាម​បណ្តា​ខេត្ត​មួយ​ចំនួន​ទៀត។​

«ពួក​យើង​នាំ​គ្នា​ដង្ហែ​ទៅ​ក្រសួង​ព័ត៌មាន​ដើម្បី​ឲ្យក្រសួង​ព័ត៌មាន​អនុញ្ញាត​ឲ្យលោក​ម៉ម សូណង់ដូ​បង្កើត​ជា​ប៉ុស្តិ៍​វិទ្យុ​មួយ​សម្រាប់​ប្រជា​ពលរដ្ឋ​ខ្មែរ​យើង​ទាំង​អស់ ​ជា​វិទ្យុឯក​រាជ្យ»។​

លោក​ម៉ម សូណង់ដូ​ នាយក​ស្ថានីយ៍វិទ្យុ​សម្បុក​ឃ្មុំ​ មាន​ប្រសាសន៍​ប្រាប់​ក្រុម​អ្នក​សារព័ត៌មាន​នៅ​ស្ពាន​នាគ​ក្បែរ​ទី​លាន​ប្រជាធិបតេយ្យ​ថា​ ការ​ស្នើ​សុំ​ដំឡើងកម្លាំងការ​ផ្សាយ​នេះ​ជា​សំណើរបស់​ប្រជា​ពលរដ្ឋ។​

លោក​បាន​បញ្ជាក់​ថា ​លោក​បាន​សុំ​ច្បាប់​ទៅ​សាលា​ក្រុង​ភ្នំពេញ​ហើយ​ដើម្បី​ស្នើ​សុំ​ធ្វើ​បាតុកម្ម​ទាមទារ​ តែ​សាលា​ក្រុង​មិន​អនុញ្ញាត។​

លោក​និយាយ​ថា៖​ «ការទាម​ទារ​របស់​ប្រជាពលរដ្ឋ​វាស្រប​ច្បាប់​ និង​ស្រប​រដ្ឋធម្មនុញ្ញ​ និង​ស្រប​គោល​ការណ៍​របស់​រដ្ឋាភិបាល។ ហើយ​ខ្ញុំ​មក​នេះ​គឺ​មក​គាំទ្រ​អ្វី​ដែល​ប្រជា​ពលរដ្ឋ​ចង់​បាន។ ប៉ុន្តែ​បើ​សិន​ប្រជា​ពលរដ្ឋ​ប្រើ​អំពើ​ហិង្សា​ ខ្ញុំ​អត់​គាំទ្រ​ទេ»។​

លោក​ម៉ម សូណង់ដូ​បាន​ស្នើ​សុំ​ដំឡើងកម្លាំងផ្សាយ​ស្ថានីយ៍ទូរទស្សន៍​ និង​វិទ្យុសម្បុក​ឃ្មុំ​តាំង​ពី​ឆ្នាំ​២០០៥​មក​ម្ល៉េះ ក៏ប៉ុន្តែ​ត្រូវ​បាន​ក្រសួង​ព័ត៌មាន​បាន​ឆ្លើយ​ថា៖ ​«ពុំមាន​សល់​ហ្វ្រេកង់​វិទ្យុ​ និង​ហ្វេ្រកង់​ទូរទស្សន៍​សម្រាប់​ផ្តល់​ជូន​ទេ»។​

វីអូអេ​បានព្យាយាម​ទាក់ទង​សុំ​សេច​ក្តី​អត្ថាធិប្បាយ​បំភ្លឺ​ពី​លោក​ខៀវ កាញារិទ្ធ ​រដ្ឋមន្ត្រី​ក្រសួង​ព័ត៌មាន​ តែ​មិន​អាច​ទាក់ទង​បាន​ទេ ​ដោយ​ទូរស័ព្ទ​របស់​លោក​គ្មាន​អ្នក​ទទួល។​

ការ​វាយ​បង្ក្រាប​របស់​កង​កម្លាំងមាន​សមត្ថកិច្ច​នៅ​ថ្ងៃ​ច័ន្ទ​នេះ​បាន​កើត​មាន​ឡើង​ជាប់ៗ​គ្នា បន្ទាប់​ពី​ការវាយ​បង្ក្រាប​ដោយ​ហិង្សា​ទៅ​លើ​ការ​តវ៉ា​របស់​សហជីព​សេរី​កម្មករ​កាល​ពី​ថ្ងៃ​អាទិត្យ​ម្សិល​មិញ​នេះ ដែល​បាន​បណ្តាល​ឲ្យមាន​មនុស្ស​ប្រមាណ​ជាង​១០​នាក់​បាន​រង​របួស ​ដោយ​រាប់​បញ្ចូល​ទាំង​អ្នក​តំណាង​រាស្ត្រ​ជាប់​ឆ្នោត​មក​ពី​គណបក្ស​សង្គ្រោះ​ជាតិ​ផងដែរ៕
XS
SM
MD
LG