ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ព័ត៌មាន​តាម​អ៊ីនធឺណិត​នៅ​កម្ពុជា​កើន​ឡើង ​តែ​មិន​ទាន់​ប៉ះពាល់​ព័ត៌មាន​​បោះពុម្ព​ទេ​


តូប​លក់​កាសែត​នៅ​តាម​របង​វត្ត​លង្កា បណ្តោយ​ផ្លូវ​ប៉ាស្ទ័រ ​ ក្នុង​រាជ​ធានី​ភ្នំពេញ កាល​ពី​ថ្ងៃ​២៧ ខែ​កញ្ញា​ ឆ្នាំ​២០១៥។ ជា​រៀង​រាល់​ព្រឹក​ អតិថិជន​ជា​ច្រើន​តែង​តែ​និយម​មក​ជាវ​កាសែត​នៅ​កន្លែង​នេះ ឬ​ឈរ​អាន​ព័ត៌មាន​ដើម្បី​ដឹង​ពី​ព្រឹត្តិការណ៍​ដែល​បាន​កើត​ឡើង​នៅ​ក្នុង​សង្គម​។ (អ៊ុំ​ សូនីតា/VOA)
តូប​លក់​កាសែត​នៅ​តាម​របង​វត្ត​លង្កា បណ្តោយ​ផ្លូវ​ប៉ាស្ទ័រ ​ ក្នុង​រាជ​ធានី​ភ្នំពេញ កាល​ពី​ថ្ងៃ​២៧ ខែ​កញ្ញា​ ឆ្នាំ​២០១៥។ ជា​រៀង​រាល់​ព្រឹក​ អតិថិជន​ជា​ច្រើន​តែង​តែ​និយម​មក​ជាវ​កាសែត​នៅ​កន្លែង​នេះ ឬ​ឈរ​អាន​ព័ត៌មាន​ដើម្បី​ដឹង​ពី​ព្រឹត្តិការណ៍​ដែល​បាន​កើត​ឡើង​នៅ​ក្នុង​សង្គម​។ (អ៊ុំ​ សូនីតា/VOA)

រយៈ​ពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ​​​ ​ប្រជាជន​កម្ពុជា​ភាគ​ច្រើន​កំពុង​តែ​និយម​អាន​ព័ត៌មាន​តាម​រយៈ​ទូរស័ព្ទ​ទំនើប​​​ និង​​ឧបករណ៍​អេឡិចត្រូនិក​ផ្សេងៗ​ដោយ​សេរី ​តាម​ភាព​សម្បូរ​បែប​នៃ​បណ្តាញ​អ៊ីនធឺណិត​ដែល​មាន​តម្លៃ​សមរម្យ។​

ស្រប​ពេល​ដែល​វិស័យបច្ចេកវិទ្យា​មាន​ការ​រីក​ចម្រើន ការ​ប្រើប្រាស់​អ៊ីនធឺណិត​នៅ​ក្នុង​ប្រទេស​កម្ពុជា​ក៏​មាន​ការ​កើន​ឡើង​ដែរ​ ដែលជំរុញឲ្យមាន​ការ​រីក​ដុះ​ដាល​នៃ​ប្រព័ន្ធផ្សព្វផ្សាយ​ព័ត៌មាន​បែប​ឌីជីថល ដែល​នាំ​ឲ្យមាន​ការ​ព្រួយ​បារម្ភ​ថា ​ប្រព័ន្ធ​ផ្សព្វផ្សាយ​តាម​បែប​បោះ​ពុម្ព​អាច​នឹង​មាន​ការ​បាត់​បង់​ និង​ជួប​បញ្ហា​ប្រឈម​ច្រើន​នា​ពេល​អនាគត​ តែ​នាយក​ផ្នែក​បោះពុម្ព​ និងនិពន្ធ​នាយក​ របស់​ក្រុមហ៊ុន​កាសែត​នានា​បាន​និយាយ​ថា​ ប្រព័ន្ធ​ផ្សព្វផ្សាយ​បែប​ប្រពៃណី​នេះ​នៅ​តែ​មាន​សន្ទុះ​ និង​ស្ថិរភាព​ល្អ។​

រយៈ​ពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ​ ​ប្រជាជន​កម្ពុជា​ភាគ​ច្រើន​កំពុង​តែ​និយម​អាន​ព័ត៌មាន​តាម​រយៈ​ទូរស័ព្ទ​ទំនើប​ និងឧបករណ៍​អេឡិចត្រូនិក​ផ្សេងៗ​ដោយ​សេរី ​តាម​ភាព​សម្បូរ​បែប​នៃ​បណ្តាញ​អ៊ីនធឺណិត​ដែល​មាន​តម្លៃ​សមរម្យ។​

ទោះ​បី​ជា​ការ​ប្រើ​ប្រាស់​បច្ចេកវិទ្យា​ និងព័ត៌មាន​យ៉ាង​សម្បូរ​បែបលើ​ប្រព័ន្ធ​ដ៏​មាន​ឥទ្ធិពល​នេះ​មាន​ការ​រីក​ចម្រើន​យ៉ាង​ខ្លាំង​ក៏​ដោយ​ ​តែ​អ្នក​គ្រប់គ្រង​សារ​ព័ត៌មាន​ធំៗ​នៅ​ក្នុង​ប្រទេស​កម្ពុជា បាន​អះ​អាងប្រាប់ ​VOA ​ថា​ ​ស្ថាប័ន​កាសែត​របស់​ខ្លួនមិន​ទទួល​ផល​ប៉ះ​ពាល់​នោះ​ទេ។​ ​ហើយ​ប្រព័ន្ធ​ផ្សព្វផ្សាយ​បែប​ប្រពៃណី​មួយ​នេះ​ នៅ​តែ​មាន​សន្ទុះ​ ​និង​ស្ថិរភាព​ល្អ​នៅ​ឡើយ។​ ​ វា​ខុស​ពី​អី្វ​ដែល​បាន​កើត​ឡើង​នៅ​ក្នុង​ប្រទេស​អភិវឌ្ឍ​ផ្សេងៗ។

លោក ​កៃ គឹមសុង​ និពន្ធ​នាយក​របស់​កាសែត​ភ្នំពេញ​ប៉ុស្តិ៍​ជា​ភាសា​ខ្មែរ ​បាន​ឱ្យ​ដឹង​ថា ​ការ​លក់​ចេញ​នៃ​កាសែត​របស់​ស្ថាប័ន​លោក​នៅ​តែ​មាន​ការ​កើន​ឡើង​បន្តិច​បន្តួច​ ​បើ​ប្រៀប​ធៀបទៅ​ប៉ុន្មាន​ឆ្នាំ​មុន។​

លោក ​កៃ​ គឹមសុង​ ជឿ​ជាក់​ថា​ ក្នុង​រយៈ​ពេល​៥​ទៅ​១០​ឆ្នាំ​ខាង​មុខ​ទៀត​ ​វត្តមាន​របស់​កាសែត​នៅ​តែ​ធ្វើ​ចរាចរ​ក្នុង​ប្រទេស​កម្ពុជា ​ដោយ​សារ​អ្នក​ផ្សាយ​ពាណិជ្ជកម្ម​នៅ​តែ​បន្ត​ការ​គាំទ្រ​ ធ្វើ​ការ​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម​នៅ​លើ​កាសែត​ដែល​ជា​ប្រព័ន្ធ​ផ្សព្វផ្សាយ​ដ៏​ចំណាស់​នេះ។

«ពិត​មែន​តែ​បណ្តាញ​ព័ត៌មាន​សង្គមហ្នឹង​វា​រីក​ចម្រីន​លឿន​ មាន​សន្ទុះ​លឿន​ក៏​ពិត​មែន​ ក៏​ប៉ុន្តែ​មិន​មែន​មាន​ន័យ​ថា ​អ្នក​ដាក់​ពាណិជ្ជកម្ម​ទាំង​អស់​នោះ​ បង្វែរ​ទៅ​រក​ការ​ផ្សាយ​ពាណិជ្ជ​កម្ម​លើ​ឌីជីថល​ទេ​ ឬ​លើ​បណ្តាញ​ព័ត៌មាន​សង្គម​អី​ទេ។​ អ្នក​ផ្សាយ​ពាណិជ្ជកម្ម​នៅ​តែ​បន្ត​ការ​គាំទ្រ​ការ​បោះ​ពុម្ព​ពាណិជ្ជ​កម្ម​របស់​គេ​នៅ​លើ​ទំព័រ​កាសែត​ ពី​ព្រោះ​ថា​ កាសែត​ហ្នឹង​វា​ងាយ​នឹង​អាន​ជាង​ ​ងាយ​នឹង​មើល​ជាង»។​

ទោះ​បី​ជា​យ៉ាង​នេះ​ក្ដី​ ​លោក​កៃ គឹមសុង​ក៏បាន​ផ្ដល់​ដំបូន្មាន​ទៅ​ដល់​ស្ថាប័ន​កាសែត​នានា​ថា​ ​ពួក​គេ​គួរតែ​ពង្រឹង​ និង​បង្កើត​គេហទំព័រ​របស់​ស្ថាប័ន​ពួក​គេ​ដើម្បីប្រកួត​ប្រជែង​ និង​ឈរ​ជើង​នៅ​ក្នុង​សង្គម​ឌីជីថល​ដែល​វាយលុក​ក្នុង​ប្រទេស​កម្ពុជា​នា​ពេល​អនាគត។

តូប​លក់​កាសែត​នៅ​តាម​របង​វត្ត​លង្កា បណ្តោយ​ផ្លូវ​ប៉ាស្ទ័រ ​ ក្នុង​រាជ​ធានី​ភ្នំពេញ កាល​ពី​ថ្ងៃ​២៧ ខែ​កញ្ញា​ ឆ្នាំ​២០១៥។
តូប​លក់​កាសែត​នៅ​តាម​របង​វត្ត​លង្កា បណ្តោយ​ផ្លូវ​ប៉ាស្ទ័រ ​ ក្នុង​រាជ​ធានី​ភ្នំពេញ កាល​ពី​ថ្ងៃ​២៧ ខែ​កញ្ញា​ ឆ្នាំ​២០១៥។

ស្រដៀង​គ្នា​នេះ​ដែរ​ ​លោក​ Douglas Steel​ នាយក​គ្រប់​គ្រង​ទូទៅ​នៅ​កាសែត​ភាសា​អង់គ្លេស​ The Cambodia Daily​ បាន​ប្រាប់​ VOA ​ថា​ ចំនួន​នៃ​ការ​លក់​ចេញ​នៃ​កាសែត​របស់​លោក​នៅ​តែ​មាន​ស្ថិរភាព។ ​ទោះ​បី​ជា​សព្វ​ថ្ងៃ​នេះ​ការ​ជាវ​នៅ​តាម​តូប​កាសែត​មាន​ការ​ធ្លាក់​ចុះ​ តែ​អត្រា​អតិជន​ដែល​បាន​ចុះ​ឈ្មោះ​ជាវ​ជា​ប្រចាំ​មាន​ការ​កើន​ឡើង។​

«ព័ត៌មាន​នៅ​តែ​ជា​ព័ត៌មាន​ ទោះ​បី​ជា​វា​ស្ថិត​ក្នុង​ទម្រង់​ណា​ក៏ដោយ​ មិន​ថា​ វាជា​រូបភាព​ ឬ​កាសែត​នោះ​ទេ។​ តួនាទី​របស់​ស្ថាប័ន​ព័ត៌មានមាន​តែ​មួយ​គត់គឺប្រមូល​ព័ត៌មាន​ ​ដាក់​ព័ត៌មាន​បញ្ចូល​គ្នា ​និងផ្សាយ​ចេញ​ មិន​ថា​ តាម​ទម្រង់​ឌីជីថល​ ឬ​ការ​បោះពុម្ព​ ដូច្នេះ​វា​អាស្រ័យ​លើ​ចំណង់​ចំណូល​ចិត្ត​របស់​អ្នក​អាន​តែ​ប៉ុណ្ណោះ»។​

ចាប់​តាំង​ពី​ឆ្នាំ​២០០៨​មក​ ស្ថាប័ន​កាសែត​ ឬ​ប្រព័ន្ធ​ផ្សព្វផ្សាយ​បែប​ប្រពៃណី​មួយ​ចំនួន​ធំ​នៅ​កម្ពុជា និង​ព័ត៌មាន​ថ្មីៗ​តាម​អ៊ីនធឺណិត បាន​ព្យាយាម​បង្កើត​គេហទំព័រសម្រាប់ស្ថាប័ន​ខ្លួន​ ​ដើម្បី​ផ្សព្វផ្សាយ​ព័ត៌មាន​ និង​ពាណិជ្ជ​កម្ម​ផ្សេង​ ​ដែល​ប្រជាជន​នានា​អាច​ចូល​អាន​ដោយ​មិន​គិត​ថ្លៃ។​

ទោះ​បី​ជា​យ៉ាង​ណា​ក៏​ដោយ​ កាសែត​នៅ​តែ​ដើរ​តួនាទី​យ៉ាង​សំខាន់​សម្រាប់បម្រើ​អតិថិជន​របស់​ខ្លួន​តាម​ប្រព័ន្ធ​ផ្សព្វផ្សាយ​បែប​ប្រពៃណី​នេះ​នៅ​ឡើយ។​ គេ​សង្កេត​ឃើញ​ថា​ ​នៅ​តាម​បណ្តោយ​ផ្លូវ​ប៉ាស្ទ័រ​ ​តូប​កាសែត​ជា​ច្រើន​នៅតែមាន​ភាព​មមាញឹក​ និង ​រវល់​ខ្លាំង​ ដោយសារ​តែ​មាន​អតិថិជន​ច្រើន។​ អ្នក​លក់​នៅ​ទីនេះ​បាន​និយាយ​ថា ​អាជីវកម្ម​របស់​ពួក​គេ​នៅ​តែ​ល្អ ​ជា​ពិសេស​នៅ​ពេល​ព្រឹក។​

យុវជន​ឈ្មោះ​ស្រ៊ីង​ ឆវ័ន្ត​ ​និស្សិត​ឆ្នាំ​ទី​បីផ្នែក​ច្បាប់​នៅ​សាកល​វិទ្យាល័យ​ភូមិន្ទ​នីតិសាស្ត្រ​ និងវិទ្យាសាស្រ្ត​សេដ្ឋកិច្ច​ បាន​ប្រាប់​ថា​ ខ្លួន​ជឿ​ថា ​កាសែត​ ឬ​ព័ត៌មាន​បែប​បោះពុម្ព​នេះ​នឹង​មិន​បាត់​បង់​នោះ​ឡើយ​ ព្រោះ​វា​មាន​ផល​ប្រយោជន៍​ច្រើន ដោយ​សារ​វា​មាន​ភាព​ងាយ​ស្រួល​ក្នុង​ការ​រក្សា​ទុក​ជា​ឯកសារ​ដើម្បី​ស្រាវជ្រាវ។​

អតិថិជន​កាសែត​វ័យ​ក្មេង​រូប​នេះ​បាន​ថ្លែង​ដូច្នេះ​ថា៖​

«នៅ​ក្នុង​អ៊ីនធឺណិត​ភាគ​ច្រើន​ នៅ​ពេល​ដែល​ចេញ​ព័ត៌មាន​ថ្មី​មក​ ព័ត៌មាន​ចាស់ៗ​វា​លុប​បាត់​ហើយ។​ អញ្ចឹង​យើង​ពិបាក​រក​ព័ត៌មាន​ចាស់​មក​ធ្វើ​ឯកសារ​របស់​យើង​ណាស់»។​

លោក ​អ៊ុន ​ផល្លី​ វេជ្ជបណ្ឌិត​វ័យ​៥០ឆ្នាំ​ ​នៅ​មន្ទីរពេទ្យ​ចរី​ភ្នំពេញ​ ដែល​ជា​អ្នក​គាំទ្រ​ប្រព័ន្ធ​ផ្សព្វផ្សាយ​បែប​បោះពុម្ព ​ដូចជា​កាសែត​ ​បាន​ប្រាប់​ VOA​ ថា​ ព័ត៌មាន​នៅ​ក្នុង​កាសែត​ មាន​ការ​ចែក​តាម​ផ្នែក​ និង​ប្រភេទ​ព័ត៌មាន​យ៉ាង​ល្អ​ ​រីឯ​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​បែប​ឌីជីថល​ ពេល​ខ្លះ​មាន​ភាព​ច្របូក​ច្របល់។​

«វា​លើស​ត្រង់​ថា​ វា​គ្រប់​ជ្រុង​ជ្រោយ​ជាង​ ដូច​ថា ​ក្នុង​មួយ​ថ្ងៃ​ហ្នឹង​ វា​និយាយ​រឿង​សព្វ។​ បើ​អ៊ីនធឺណិត​ គ្រាន់​តែ​ថា​ វា​លឿន​ជាង​កាសែត។​ ប៉ុន្តែ​ពេល​ខ្លះ​វា​ផ្ដោត​តែ​ម្ដុំ​ទេ​ ដូច​ថា ​ពេល​មាន​បញ្ហា​អី​មួយ​អញ្ចឹង​ វា​ផ្ដោត​តែ​លើ​មួយ​ហ្នឹង​ អា​ផ្សេង​ទៀត​វា​ភ្លេច»។​

លោក​ សំ​ ភិរក្ស មន្ត្រីនៅ​ក្រសួង​ការពារ​ជាតិ​ ​ បាន​ឱ្យ​ដឹង​ថា ​គាត់​ចូលចិត្ត​អាន​ព័ត៌មាន​នៅ​លើ​កាសែត​ជា​ជាង​នៅ​លើ​ទូរស័ព្ទ​ទំនើប​ ឬ​ ​ឧបករណ៍​ អេឡិចត្រូនិក​ផ្សេងៗ​ទៀត​ ដោយសារ​វា​អាច​ជួយ​ការពារ​ភ្នែក​របស់​លោក។​

របាយ​ការណ៍​ឆ្នាំ​២០១៥របស់​ក្រសួង​ប្រៃសណីយ៍​បាន​ឱ្យ​ដឹង​ថា​មាន​ប្រជាពលរដ្ឋ​កម្ពុជា​ជាង៥​លាន​នាក់​កំពុង​ប្រើប្រាស់​អ៊ីនធឺណិត។​ ដោយ​សារ​ចំនួន​អ្នក​ប្រើប្រាស់​អ៊ីនធឺណិត និង​ប្រើប្រាស់បណ្ដាញ​សង្គម​នៅ​ប្រទេស​កម្ពុជា​មាន​ការ​កើន​ឡើង​នា​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ​ ​គេហទំព័រ​ព័ត៌មាន និង​ ​ប្រព័ន្ធ​ផ្សព្វផ្សាយ​តាម​អ៊ីនធឺណិតមាន​ការ​កើន​ឡើង​យ៉ាង​ខ្លាំង។​

លោក ​ស៊ុន​ ​ណារិន​ ​អ្នក​គ្រប់​គ្រង​ផ្នែក​ព័ត៌មាន​តាម​អ៊ីនធឺណិតនៃ​គេហទំព័រ​សំឡេង​ប្រជាធិបតេយ្យ​ (VOD)​ ដែល​បង្កើត​ឡើង​ចាប់​ឆ្នាំ​២០១១មក​ ​បាន​ប្រាប់​VOA​ថា​ ​ចំនួន​អ្នក​ចូល​អាន​ព័ត៌មាន​ក្នុង​គេហទំព័រ​របស់​ VOD ​មាន​ការ​កើន​ឡើង​ជា​បន្ត​បន្ទាប់។​ ​ ​ហើយ​នា​ពេល​ចុង​ក្រោយ​នេះ​ ​VOD​ បាន​ភ្ជាប់​ខ្លួន​ទៅ​នឹង​បណ្តាញ​សង្គម​ Facebook​ ក្នុង​នោះ​ ​ក៏​បាន​ទទួល​ការ​ ​Like​ ​នៅ​លើ​ទំព័រ​ Facebook​ ខ្លួន​ជា​ច្រើន​ផង​ដែរ។​

«បើ​យើង​គិត​ពី​ទំព័រ​ Facebook ​ដែល​យើង​មាន​ចាប់​តាំង​ពី​ការ​ចាប់​ផ្ដើមពី​ឆ្នាំ​២០១១​មក​ដល់​ឆ្នាំ​នេះ​មាន​ទៅ​ដល់​៤៤​ម៉ឺន​ like ​ហើយ។​ អញ្ចឹង​មាន​ន័យ​ថា ​យើង​ឃើញ​ចំនួន​ប្រជាជន​ហ្នឹង​ គឺ​អ្នក​មើល​ហ្នឹង​គាត់​ចាប់​ផ្ដើម​កើន​ឡើង​នៅ​លើ Facebook។ ​អញ្ចឹង​បើ​យើង​មើល​ការ​ដែល​គាត់​ចូលគេហទំព័រ​មើល​ក៏​មាន​ការ​កើន​ឡើង​ដែរ​ គឺ​ពី​មុន​មាន​តែ​៣​ ឬ​ ៤​ពាន់ ​បន្ទាប់​មក​មាន​ការ​កើន​ឡើង។ ​រហូត​មក​ដល់​ឥឡូវ​ហ្នឹង ​វា​អាច​មាន​៣​ទៅ​៤ម៉ឺន​នាក់​នៅ​ក្នុង​មួយ​ថ្ងៃ»។

លោក​ ស៊ុន ណារិន ​បាន​បន្ត​ថា​ ​ចំណុច​ពិសេស​បំផុត​របស់​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឌីជីថលគឺ​វា​ល្បឿន។​ ​ប៉ុន្តែ​ខ្លឹម​សារ​ព័ត៌មានមិន​បាន​លម្អិត​ដូចក្នុង​ប្រព័ន្ធ​ផ្សព្វផ្សាយ​តាម​បែប​បោះពុម្ព ​ដូចជាកាសែត​នោះ​ទេ ​ព្រោះ​ប្រព័ន្ធ​ផ្សព្វផ្សាយ​បែប​បោះពុម្ព​មាន​ពេល​វេលា​គ្រប់​គ្រាន់​ក្នុង​ការ​តាមដានព័ត៌មាន​ផ្សេងៗ។​

លោក ​អ៊ុក គឹមសេង​ រដ្ឋ​លេខាធិការ​ក្រសួង​ព័ត៌មាន​ ​បាន​សម្តែង​ការ​ព្រួយ​បារម្ភ​អំពី​អនាគត​នៃប្រព័ន្ធ​ផ្សព្វផ្សាយ​បែប​បោះពុម្ព ​ដូច​ជា​កាសែត ​បន្ទាប់​ការ​វិវត្ត​នៃ​ប្រព័ន្ធ​អ៊ីនធឺណិត​ និង​ការ​វាយ​លុក​ទី​ផ្សារ​របស់​ព័ត៌មាន​បែបឌីជីថល ​នា​ពេល​បច្ចុប្បន្ន​នៅ​ក្នុង​ប្រទេស​កម្ពុជា។​

«សម្រាប់​ប្រជាជន​ និង​មហាជន​ទូទៅ​ ខ្ញុំ​គិត​ថា​ ពួក​គាត់​បាន ​និង​កំពុង​ចាប់​ផ្ដើម​បោះបង់​កាសែត​ ឬ​ក៏​មធ្យោបាយ​បោះ​ពុម្ព​ហ្នឹង​ហើយ​ ហើយ​គាត់​ផ្អែក​ទៅ​លើ​ព័ត៌មាន​ដែល​គាត់​ទទួល​បាន​តាម​រយៈ​ទូរស័ព្ទ ​ឬ​តាម​រយៈ​កុំព្យូទ័រ។ ​ ​អញ្ចឹង​យើង​ឃើញ​ថា​ សារព័ត៌មាន​បែប​បោះពុម្ព​ហ្នឹង​កំពុង​តែ​ប្រឈម​នឹង​ការ​បោះ​បង់​ពី​មនុស្ស​ទូទៅ»។​

លោក ​អ៊ុក​ គឹមសេង​បាន​បន្ត​ទៀត​ថា​ ការ​បាត់បង់កាសែត​អាច​«នឹង​ឈាន​មក​ដល់​នា​ពេល​អនាគត»​ ​ហើយ​វា​នឹង​ជួប​ប្រទះ​ការ​លំបាក​ក្នុង​ការ​ប្រកួត​ប្រជែង​នៅ​ក្នុង​ពិភព​ឌីជីថល​នេះ ​ដោយ​សារ​ប្រទេស​កម្ពុជាសព្វ​ថ្ងៃ​កំពុង​ស្ថិត​ក្នុង​ដំណាក់​កាល​អន្តរកាល​ឈាន​ទៅ​ទំនើប​កម្ម​នៃ​ប្រព័ន្ធ​អ៊ីនធឺណិត។​

​គួរ​បញ្ជាក់​ផង​ដែរ​ថា ប្រព័ន្ធ​ផ្សព្វផ្សាយ​បែប​បោះពុម្ព​ ដូច​ជា​កាសែត​ជា​ច្រើន​នៅ​សហ​រដ្ឋ​អាមេរិក​ និង​នៅ​ក្នុង​ប្រ​ទេស​ជឿន​លឿន​មួយ​ចំនួន​ទៀត ត្រូវ​បិទទ្វារ​ជា​បន្ត​បន្ទាប់ ​ចាប់​តំាង​ពី​មានវិបត្តិ​ហិរញ្ញ​វត្ថុ​ នា​ពាក់​កណ្តាល​ឆ្នាំ​២០០៨​ ​និង​ការ​រីក​ដុះ​ដាល​នៃ​ប្រព័ន្ធ​ផ្សព្វផ្សាយ​បែប​ឌីជីថល​នេះ៕

XS
SM
MD
LG