នៅឯជំនួបកំពូលលើកទី៣៣របស់សមាគមប្រជាជាតិអាស៊ីអាគេ្នយ៍ ហៅកាត់ថា (ASEAN) ដែលត្រូវបានរៀបចំនៅប្រទេសសិង្ហបុរី រយៈពេលបីថ្ងៃនោះ ប្រទេសកម្ពុជា បានប្រកាសស្វាគមន៍ការវិវត្តន៍នានាក្នុងឧបទ្វីបកូរ៉េ ពាក់ព័ន្ធនឹងការបំផ្លាញចោលអាវុធនុយក្លេអ៊ែរ និងការកសាងសន្តិភាពពេញលេញនៅលើឧបទ្វីបមួយនេះ។ នេះបើយោងតាមការបង្ហោះព័ត៌មានសង្ខេបនានាលើទំព័រហ្វេសប៊ុករបស់មេដឹកនាំកម្ពុជា។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលស្ថិតក្នុងតំណែងជានាយករដ្ឋមន្ត្រីរបស់កម្ពុជាជាងបីទសវត្សរ៍មកនោះ កំពុងចូលរួមកិច្ចប្រជុំកំពូល ដែលបានប្រមូលផ្តុំមេដឹកនាំជាច្រើនមកពីប្រទេសដែលជាដៃគូពាណិជ្ជកម្មរបស់អាស៊ាន និងដៃគូនៃកិច្ចសហប្រតិបតិ្តការផ្សេងៗទៀត ក្នុងនោះមានសហរដ្ឋអាមេរិក កាណាដា ចិន រុស្ស៊ី ជប៉ុន កូរ៉េ និងឥណ្ឌាជាដើម។
ក្នុងកិច្ចប្រជុំកំពូលអាស៊ាន-សាធារណរដ្ឋកូរ៉េលើកទី២០ ទាំងលោកហ៊ុន សែន និងបណ្តាមេដឹកនាំប្រទេសសមាជិកអាស៊ានផ្សេងទៀត បានស្វាគមន៍ចំពោះវត្តមានលោកប្រធានាធិបតីកូរ៉េខាងត្បូង មូន ចេអ៊ីន (Moon Jae-In)។ នាកិច្ចប្រជុំនេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានធ្វើការកត់សម្គាល់នានា ចំពោះការវិវត្តន៍ចុងក្រោយលើឧបទ្វីបកូរ៉េ និងចំណងការទូតរវាងសាធារណរដ្ឋកូរ៉េជាមួយប្រទេសក្នុងសមាគមអាស៊ាន។
ទាក់ទិនបញ្ហានៅឧបទ្វីបកូរ៉េ លោកហ៊ុន សែន បានឲ្យដឹងតាមរយៈទំព័រហ្វេសប៊ុករបស់លោកថា៖ «កម្ពុជាស្វាគមន៍នូវជំនួបកំពូលអន្តរកូរ៉េ និងជំនួបកំពូលសហរដ្ឋអាមេរិក-សាធារណរដ្ឋប្រជាមានិតប្រជាធិបតេយ្យកូរ៉េ ដែលជាជំហានដ៏សំខាន់មួយឆ្ពោះទៅរកការកសាងសន្តិភាពអចិន្រៃ្តយ៍កិច្ចសហប្រតិបត្តិការឈ្នះ-ឈ្នះ ព្រមទាំងការលុបបំបាត់អាវុធនុយក្លែអ៊ែរដោយសន្តិវិធី និងវិបុលភាពរួមនៅឧបទ្វីបកូរ៉េ»។
ទំព័រហ្វេសប៊ុករបស់លោកនាយករដ្ឋមន្ត្រីហ៊ុន សែន បានឲ្យដឹងទៀតថា ការវិវត្តន៍ថ្មីៗនេះគឺជាការលើកទឹកចិត្ត និងមិនធ្លាប់មានពីមុនមកនៅក្នុងប្រវត្តិសាស្រ្តនៃឧបទ្វីបកូរ៉េ។ កម្ពុជាសង្ឃឹមថាការវិវត្តន៍នេះនឹងក្លាយជាមូលដ្ឋានគ្រឹះសម្រាប់ការឈានទៅសម្រេចបាននូវសន្តិភាពអចិន្រៃ្តយ៍ និងការរំសាយអាវុធនុយក្លែអ៊ែរទាំងស្រុងនៅឧបទ្វីបកូរ៉េ។
ក្រៅពីបានលើកឡើងនូវដំណើរទៅមុខនៃការរកសន្តិភាពពេញលេញលើឧបទ្វីបកូរ៉េនោះ លោកហ៊ុន សែន ក៏បានកត់សម្គាល់ថា កម្ពុជាមានក្តីរីករាយនូវបំណងដំឡើង កិច្ចប្រជុំកំពូលមេគង្គ-សាធារណរដ្ឋកូរ៉េ ទៅជាកិច្ចប្រជុំកំពូលនាពេលខាងមុខ។ កម្ពុជានឹងបន្តធ្វើការយ៉ាងជិតស្និទ្ធជាមួយបណ្តាប្រទេសសមាជិកអាស៊ាន និងសាធារណរដ្ឋកូរ៉េ ដើម្បីឲ្យកិច្ចប្រជុំកំពូលសម្រេចបានលទ្ធផលប្រកបដោយផ្លែផ្កា សំដៅជំរុញកិច្ចសហប្រតិបត្តិការរបស់សហគមន៍ប្រជាជាតិទាំងពីរនេះថែមទៀត។
ស្របពេលមានការរៀបចំជំនួបកំពូលអាស៊ាន-សាធារណរដ្ឋកូរ៉េ នៅប្រទេសសិង្ហបុរីកាលពីថ្ងៃពុធកន្លងទៅថ្មីៗនោះ នៅប្រទេសកម្ពុជា មានការរៀបចំសន្និសីទតំបន់មួយស្តីពីទំនាក់ទំនងអន្តរកូរ៉េនៅឆ្នាំ២០១៨នេះ ដែលផ្តោតលើតថភាព និងបញ្ហាប្រឈមថ្មី។
លោកបណ្ឌិត ឈាង វណ្ណារិទ្ធិ អ្នកវិភាគ និងអ្នកស្រាវជ្រាវកិច្ចការតំបន់ ដែលបានចូលរួមធ្វើជាវាគិ្មន ក្នុងសន្និសីទតំបន់នោះ បានលើកឡើងពីការវិវត្តន៍ជាវិជ្ជមានលើឧបទ្វីបកូរ៉េ ដែលផ្តើមចេញពីជំនួបកំពូលជាប្រវត្តិសាស្ត្ររវាងមេដឹកនាំកូរ៉េខាងជើងលោកគីម ជុងអ៊ុន និងលោក Moon Jae-In មេដឹកនាំកូរ៉េខាងត្បូង ក៏ដូចជាការរៀបចំឲ្យមានជំនួបកំពូលលើកទីពីររវាងមេដឹកនាំកូរ៉េខាងជើងលោកគីម ជុងអ៊ុន និងប្រធានាធិបតីសហរដ្ឋអាមេរិកលោកដូណាល់ ត្រាំ (Donald Trump)។
អ្នកវិភាគកិច្ចការតំបន់រូបនេះ បានឲ្យដឹងថា នៅក្នុងការដោះស្រាយបញ្ហានៅឧបទ្វីបកូរ៉េខាងជើង ការរៀបចំឲ្យមានកិច្ចប្រជុំកំពូលៗមិនគ្រប់គ្រាន់នោះឡើយ ហើយថា ការកសាងការជឿទុកចិត្តគ្នាទៅវិញទៅមក គឺជាចលករចំាបាច់ ក្នុងការកសាងសន្តិភាពពេញលើឧបទ្វីបមួយនេះ។
លោកអះអាងថា ក្នុងការកសាងការជឿទុកចិត្តគ្នានេះ អាស៊ាន ក៏អាចមានតួនាទីសំខាន់មួយក្នុងការធ្វើរឿងនេះផងដែរ ព្រោះបញ្ហានៅឧបទ្វីបកូរ៉េ ជាបញ្ហារបស់បណ្តាប្រទេសនៅតំបន់អាស៊ីខាងកើត និងអាស៊ីប៉ាស៊ីហ្វិកផងដែរ។
«ឧបទ្វីបកូរ៉េ មិនមែនជាបញ្ហារបស់អាស៊ីខាងជើងឆៀងខាងកើតនោះទេ ប៉ុន្តែវាជាបញ្ហារបស់តំបន់អាស៊ីខាងកើត និងតំបន់អាស៊ីប៉ាស៊ីហ្វិក ហើយស្ថាប័នតំបន់ទាំងឡាយនៅអាស៊ាន ត្រូវតែយកចិត្តទុកដាក់ និងដើរតួនាទីច្បាស់លាស់មួយ ដើម្បីជំរុញការកសាងយន្តការទំនុកចិត្តនៅលើឧបទ្វីបកូរ៉េខាងជើង»។
លោក ពូ សុធីរៈ នាយកប្រតិបត្តិវិទ្យាស្ថានខ្មែរសម្រាប់សហប្រតិបត្តិការ និងសន្តិភាព ហៅកាត់ថា (CICP) មានប្រសាសន៍ ប្រាប់ VOA ក្នុងម៉ោងសម្រាកអាហារថ្ងៃត្រង់នៃសន្និសីទតំបន់ស្តីពីទំនាក់ទំនងអន្តរកូរ៉េកាលពីថ្ងៃពុធកន្លងទៅថា សន្តិភាពដែលកើតឡើងនៅឧបទ្វីបកូរ៉េ គឺជាភាពសុខសាន្តរបស់កម្ពុជា និងប្រទេសឯទៀតផងដែរ។ លោកថ្លែងថា កម្ពុជាដែលនឹងធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំអាស៊ាននៅឆ្នាំ២០២០ខាងមុខនេះ តែងតែផ្តល់ការគាំទ្រឲ្យអាស៊ានចូលរួមបើកផ្លូវឲ្យមានការចរចារវាងកូរ៉េទាំងពីរ។ ក៏ប៉ុន្តែអាស៊ានអាចធ្វើកិច្ចការនេះបាន ទាល់តែមានការអញ្ជើញពីសាមីប្រទេស។
«ខ្មែរយើងគាំទ្រណាស់ ឲ្យមានគេហៅដូចថា ដើរតួជាអ្នកសម្របសម្រួលឲ្យមានការចរចារវាងកូរ៉េទាំងពីរ ប្រើយន្តការរបស់អាស៊ានដែលគេហៅដូចថា match-maker ឲ្យកូរ៉េទាំងពីរហ្នឹងស្រុះស្រួលគ្នា confidence-building [ការកសាងទំនុកចិត្ត] ឲ្យជឿទុកចិត្តគ្នា ឲ្យអង្គុយចុះជជែកគ្នាលោកសូរិន ពិនសុវណ្ណ គាត់ស្លាប់ គាត់ថា អាស៊ានត្រូវមាន គណៈប្រតិភូមួយទៅធ្វើទស្សនកិច្ចនៅកូរ៉េខាងជើង ហើយខ្ញុំចាំ កាលហ្នឹង ឯកឧត្តមហោ ណាំហុង ក៏គាត់បានប្រកាសថា ខ្មែរយើងអាច ដូចថានាំមុខទៀតក្នុងរឿងហ្នឹង បើសិនជារដ្ឋមន្ត្រីការបរទេសរបស់អាស៊ានទាំងអស់ព្រម កម្ពុជាអាចដូចថា ធ្វើមេអណ្តើក ជួយសម្របសម្រួល ដូច្នេះបង្ហាញថា ខ្មែរចង់ដោះស្រាយបញ្ហាហ្នឹង ចង់ជួយដោះស្រាយបញ្ហាហ្នឹង»។
ក្នុងបញ្ហាជម្លោះលើឧបទ្វីបកូរ៉េដែលបានអូសបន្លាយពេលរាប់សិបឆ្នាំមកនេះ រដ្ឋាភិបាលកម្ពុជាក៏ធ្លាប់បានទាមទារឲ្យកូរ៉េខាងជើងអនុវត្តឲ្យបានពេញលេញនូវសេចក្តីសម្រេចចិត្តពាក់ព័ន្ធទាំងអស់របស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ និងកាតព្វកិច្ចអន្តរជាតិរបស់ខ្លួន ហើយនឹងបញ្ឈប់ការសាកល្បងប្រើអាវុធនុយក្លេអ៊ែរ និងបាញ់គ្រាប់មីស៊ីលគ្រប់ប្រភេទ ក្នុងគោលបំណងការពារសន្តិភាព និងស្ថិរភាពនៅក្នុងឧបទ្វីបកូរ៉េ៕