ភ្នំពេញ៖ «ខ្មែរក្រហមធ្វើឲ្យយើងព្រឺសាច់។ គ្រាន់តែមើលយើងដូចជាគេបាញ់ដោយភ្នែក»។
លោកហ្វ្រង់ស័រ ប៉ុងស្សូ(François Ponchaud) គ្រូប្រដៅសាសនាកាតូលិកនៅកម្ពុជាបានរៀបរាប់ក្នុងសវនាការក្នុងអង្គជំនុំជម្រះសាលាដំបូងរបស់សាលាក្តីខ្មែរក្រហមនៅថ្ងៃអង្គារនេះអំពីការបណ្តេញប្រជាជនចេញពីក្រុងភ្នំពេញរបស់ពួកខ្មែរក្រហមនិងការចាប់ផ្តើមប្រព្រឹត្តព្រៃផ្សៃរបស់ពួកកុម្មុយនីស្តអាវខ្មៅនេះ។
លោកហ្វ្រង់ស័រ ប៉ុងស្សូ អាយុ៧៤ឆ្នាំបានមកដល់ប្រទេសកម្ពុជានៅខែវិច្ឆិកាឆ្នាំ១៩៦៥ហើយបានរស់នៅរហូតដល់ខ្មែរក្រហមចូលកាន់កាប់ទីក្រុងភ្នំពេញ។
អាចារ្យសាសនារូបនេះបានស្ថិតនៅក្រោមរបបខ្មែរក្រហមបានរយៈពេលពីរសប្តាហ៍។ គាត់និយាយភាសាខ្មែរយ៉ាងស្ទាត់ជំនាញ។ ព្រមទាំងបានបដិសេធនិយាយភាសាបារាំងដែលជាភាសាកំណើតរបស់គាត់នៅក្នុងសវនាការទៀតផង។ គាត់ត្រូវការនិយាយភាសាខ្មែរដោយខ្លួនឯង។
«ថ្ងៃ១៧ ខ្មែរក្រហមជម្លៀសប្រជាជនទៅអស់យ៉ាងហោចណាស់នៅស្ថានីយ៍រថភ្លើងទៅដល់វិមានឯករាជ្យ ព្រះបរមរាជវាំង ក្រមួនស ទទេរស្អាត ឥតមានមនុស្សទាល់តែសោះ។ ហើយខ្មែរក្រហមយកកាំភ្លើងវាយទ្វារ យកអីវ៉ាន់ដែលនៅកណ្តាលផ្លូវ»។
យ៉ាងណាក៏ដោយសាក្សីដដែលដែលបានវិលត្រឡប់មករស់នៅប្រទេសកម្ពុជាវិញក្រោយពីរបបខ្មែរក្រហមបានដួលរលំរហូតមកដល់ពេលនេះគាត់បានចំណាយពេលរស់ក្នុងប្រទេសកម្ពុជាជាង៣០ឆ្នាំហើយ។
សក្ខីកម្មរបស់លោកហាក់ដូចជាបានបដិសេធថាខ្មែរក្រហមបានកាប់សម្លាប់ប្រជាពលរដ្ឋភ្លាមៗក្រោយពីពួកគេឡើងកាន់អំណាចនៅថ្ងៃទី១៧ខែមេសាឆ្នាំ១៩៧៥។
សាក្សីជាច្រើនកាលពីពេលមុនបញ្ជាក់ថាកងទ័ពខ្មែរក្រហមបានបាញ់សម្លាប់ពលរដ្ឋណាដែលរឹងរូសមិនព្រមចេញពីទីក្រុងភ្នំពេញឬដោយសារតែពលរដ្ឋទាំងនោះជារដ្ឋការនៃរបបសាធារណរដ្ឋខ្មែររបស់លោកសេនាប្រមុខលន់ នល់ឬជាកងទាហានលន់ នល់។
លោកប៉ុងស្សូ និយាយថាលោកមិនបានឃើញការសម្លាប់នោះទេក្នុងអំឡុងពេលមានការជម្លៀស
ប្រជាពលរដ្ឋចេញពីក្រុងភ្នំពេញនោះ។ ប៉ុន្តែលោកបានឃើញថាកងទ័ពខ្មែរក្រហមចាប់ឆែកឆេររថយន្តនិងសម្រាតខោអាវកងទាហានលន់ នល់។
ដូចសាក្សីមុនៗដែរ អាចារ្យកាតូលិករូបនេះបញ្ជាក់ថាកងទ័ពខ្មែរក្រហមភាគច្រើនក្មេងៗនិងជា«មនុស្សល្ងង់»។
លោកបញ្ជាក់បន្ថែមថាប្រជាពលរដ្ឋនៅតាមជនបទបានជឿស៊ុបលើពួកខ្មែរក្រហមហើយផ្តល់ក្តីរំពឹងលើការដឹកនាំរបស់ពួកកុម្មុយនីស្តដោយសារអស់សង្ឃឹមនឹងរបបដឹកនាំលោកលន់នល់ដែលគេនិយាយថាមានការជិះជាន់ ប្រមាថមើលងាយនិងអំពើពុករលួយ។
លោកហ្វ្រង់ស័រ ប៉ុងស្សូ និយាយថាលោកអាចឃើញការកាប់សម្លាប់និងការបំផ្លិចបំផ្លាញរបស់ពួកខ្មែរក្រហមពីរឆ្នាំមុនពួកនេះឡើងកាន់អំណាច។
«តាំងពីឆ្នាំ១៩៧៣ យើងដឹងច្បាស់អំពីអ្វីដែលខ្មែរក្រហមធ្វើនៅវាលស្រែ។ យើងដឹងកាលណា គេចាប់ គេយកភូមិមួយ គេដុតផ្ទះ គេសម្លាប់មេភូមិ ហើយអ្នកដែលមានអំណាច ហើយគេជម្លៀសប្រជាជននៅក្នុងព្រៃ»។
ជាអ្នកនិពន្ធសៀវភៅដែលទាក់ទងនឹងប្រវតិ្តសាស្ដ្រប្រទេសខ្មែរជាច្រើននៅក្នុងនោះមានសៀវភៅដែលនិយាយរៀបរាប់ពីរបបខ្មែរក្រហមដែលមានចំណងជើងថា«ប្រទេសកម្ពុជា ឆ្នាំសូន្យ» លោកហ្វ្រង់ស័រ ប៉ុងស្សូ បានរិះគន់ដល់កងទ័ពវៀតណាមដែល«ចូលលុកលុយប្រទេសកម្ពុជា»និងការទម្លាក់គ្រាប់បែករបស់កងទ័ពអាមេរិកាំងដែលលោកចាត់ទុកថា«ជាទង្វើសាហាវ»។
ក្រៅពីនោះសាក្សីដដែលបានរិះគន់យ៉ាងធ្ងន់មាត់លើអង្គការសហប្រជាជាតិចំពោះការកាត់ទោសខ្មែរក្រហមដែលអង្គការសហប្រជាជាតិខ្លួនឯងធ្លាប់គាំទ្រនោះ៕