ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក​ហោ ណាំហុង​ព្រួយ​ខ្លាច​ជន​ជាប់​ចោទ​ស្លាប់​មុន​សាលាក្តី​ខ្មែរក្រហម​បិទទ្វារ


លោក​ហោ ណាំង​ហុង ​ឧបនាយក​រដ្ឋមន្ត្រី​និង​ជា​រដ្ឋមន្ត្រី​ការបរទេស​កម្ពុជា
លោក​ហោ ណាំង​ហុង ​ឧបនាយក​រដ្ឋមន្ត្រី​និង​ជា​រដ្ឋមន្ត្រី​ការបរទេស​កម្ពុជា

លោក​ហោ ណាំង​ហុង ​ឧបនាយក​រដ្ឋមន្ត្រី​និង​ជា​រដ្ឋមន្ត្រី​ការបរទេស​កម្ពុជា​បានធ្វើ​ការព្រមាន​នេះ​ក្នុង​ជំនួប​ជាមួយ​លោកស្រី​ឯកអគ្គរដ្ឋទូត​អូស្រា្ត​លី ​ផេ​ន​នី រី​ឆាត(Penny Rechards)ក្នុង​ទីក្រុង​ភ្នំពេញ។

​ភ្នំពេញ៖ មន្ត្រី​ជាន់ខ្ពស់​រដ្ឋាភិបាល​កម្ពុជា​នៅ​ថ្ងៃ​អង្គារ​នេះ​ព្រមាន​ពី​ការ​ស្លាប់បាត់​បង់ជីវិត​ជនជាប់ចោទ​បន្ថែម​ទៀត​សម្រាប់​កាត់ទោស​នៅក្នុង​សាលាក្តី​ខ្មែរក្រហម។

ការព្រមាន​បានធ្វើ​ឡើង​ស្របពេល​ដែល​អៀង សារី ​អតីត​មេដឹកនាំ​កំពូល​ខ្មែរក្រហម​និង​ជា​ជនជាប់ចោទ​គន្លឹះ​ម្នាក់​ក្នុង​សំណុំរឿង​០០២​បាន​ស្លាប់​កាលពី​ថ្ងៃទី១៤ខែ​មិនា​ក្នុង​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​សូ​វៀត​ក្នុង​ក្រុងភ្នំពេញ​នៅពេល​ដែល​ការកាត់ទោស​កំពុង​ដំណើរការ។

លោក​ហោ ណាំង​ហុង ​ឧបនាយក​រដ្ឋមន្ត្រី​និង​ជា​រដ្ឋមន្ត្រី​ការបរទេស​កម្ពុជា​បានធ្វើ​ការព្រមាន​នេះ​ក្នុង​ជំនួប​ជាមួយ​លោកស្រី​ឯកអគ្គរដ្ឋទូត​អូស្រា្ត​លី ​ផេ​ន​នី រី​ឆាត(Penny Rechards)ក្នុង​ទីក្រុង​ភ្នំពេញ។
លោក​កុយ គួង ​អនុរដ្ឋលេខាធិការ​និង​ជា​អ្នកនាំពាក្យ​ក្រសួង​ការបរទេស​បញ្ជាក់​ថា​ក្នុង​ជំនួប​នោះ​ភាគី​ទាំងសងខាង​បាន​លើក​ពី​សំណុំរឿង​កាត់ទោស​មេដឹកនាំ​ខ្មែរក្រហម​ហើយ​លោក​ហោ ណាំហុង​បាន​លើក​ពី​កង្វល់​ចំពោះ​ការស្លាប់​របស់​ជនជាប់ចោទ​បន្ថែម​ទៀត។

លោក​បាន​បញ្ជាក់​ថា៖
«ឯកឧត្តម​ក៏បាន​សម្តែង​នូវ​កង្វល់​ថា​ខ្លាច​នៅ​អនាគត​សាលាក្តី​នេះ​ប្រព្រឹត្ត​ទៅដោយ​គ្មាន​អ្នកទោស»។
ការស្លាប់​របស់​អតីត​ឧបនាយក​រដ្ឋមន្ត្រី​និង​ជា​រដ្ឋមន្ត្រី​ការបរទេស​ខ្មែរក្រហម​ធ្វើ​ឲ្យ​ជនជាប់ចោទ​ក្នុង​សំណុំរឿង​ទី២​នៅសល់តែ​ពីរ​នាក់​ចាស់ជរា​តែប៉ុណ្ណោះ​គឺ​នួន ជា​ អាយុ៨៦ឆ្នាំ ​និង​ជា​អតីត​បងធំ​មាន​អំណាច​លំដាប់​ទី២​ក្នុង​របប​ខ្មែរក្រហម​និង​ខៀវ សំផន ​អតីត​ប្រមុខរដ្ឋ​ដែល​មិនសូវមាន​ឥទ្ធិពល​ជិត​ឈាន​ចូក​វ័យ៨២ឆ្នាំ។

លោក​កុយ គួង ​លើកឡើងថា​លោក​ហោ ណាំហុង​បាន​ជំរុញ​ដោយ​មិន​ប្រើពាក្យ​ចំៗឲ្យ​សាលាក្តី​ខ្មែរក្រហម​ធ្វើការ​កាត់ទោស​ឲ្យ​បាន​លឿន​ជាង​នេះ​បើ​ពុំ​នោះទេ​អតីត​មេដឹកនាំ​ខ្មែរក្រហម​នឹង​ស្លាប់​អស់​នៅ​មុនពេល​ការកាត់ទោស​ឈានដល់​ទីបញ្ចប់។

«ឥឡូវនេះ​ដូចជា​ករណី០០២​នៅសល់​អ្នកទោស​ប៉ុន្មាន​នាក់​នោះ។ ដូច្នេះ​ចំណុច​នេះ​ឯកឧត្តម​ឧបនាយក​រដ្ឋមន្ត្រី​ជំរុញ​យ៉ាងណា​ឲ្យ​សាលាក្តី​នេះ​ដំណើរការ​ឲ្យ​បាន​លឿន​ដើម្បី​កុំ​ឲ្យ​បញ្ចប់​ដោយ​គ្មាន​អ្នកទោស​មកឈរ​កាត់ក្តី​បន្តទៀត​នោះ»។

សាក្សី​មួយ​ចំនួន​បាន​អះអាង​ក្នុង​សាលាក្តី​ខ្មែរក្រហម​ថា​លោក​ហោ ណាំហុង ​មាន​តួនាទី​មួយ​ផ្នែក​នៅក្នុង​គុក​បឹងត្របែក​ដែល​ស្ថិតក្រោម​ការត្រួតពិនិត្យ​របស់​អៀង សារី​ប៉ុន្តែ​លោក​បាន​បដិសេធ​ថា​លោក​ក៏​ជា​ជនរងគ្រោះ​មួយរូប​ក្នុង​របប​នោះ​ដែរ។

របប​កម្ពុជា​ប្រជាធិបតេយ្យ​របស់​ពួក​ខ្មែរក្រហម​បាន​បង្ក​ឲ្យ​ប្រជាពលរដ្ឋ​កម្ពុជា​ស្លាប់​និង​ត្រូវបាន​សម្លាប់​សរុប​ចំនួន១,៧លាន​នាក់​ចន្លោះ​ពី​ឆ្នាំ១៩៧៥​ដល់​ឆ្នាំ១៩៧៩។

អតីត​មេដឹកនាំ​ខ្មែរក្រហម​និង​អ្នកទទួល​ខុសត្រូវ​ខ្ពស់បំផុត​ខ្មែរក្រហម​ចំនួន​ពីរ​នាក់​បាន​ស្លាប់បាត់​បង់ជីវិត​មុន​ការកាត់ទោស​បាន​ទៅដល់​គោលដៅ​នោះ​គឺ​អៀង សារី ​និង​តា​ម៉ុក ​ដែល​បាន​ស្លាប់​មុន​ចូល​រង្វង់​ក្រចកសេះ​កាលពី​ឆ្នាំ២០០៦។

គ្មាន​មេដឹកនាំ​ខ្មែរក្រហម​ណា​ម្នាក់​បានបង្ហាញ​ពី​មូលហេតុ​ការស្លាប់​និង​ការសម្លាប់​ប្រជាពលរដ្ឋ​ខ្មែរ​ក្នុង​របប​ដែល​ពួកគេ​គ្រប់គ្រង​នៅមុន​ការស្លាប់​របស់​ជនជាប់សង្ស័យ​និង​ជនជាប់ចោទ​ទាំងពីរ​នាក់​នេះ​ទេ។
លោក​ឡាស អ​ល​សិន ​មន្ត្រី​ផ្នែក​កិច្ចការ​ច្បាប់​របស់​សាលាក្តី​ខ្មែរក្រហម​មានប្រសាសន៍​ថា​ការកាត់ទោស​មិនអាច​បង្ខំ​ដោយសារតែ​ភាព​ចាស់ជរា​របស់​ជនជាប់ចោទ​នោះទេ។

«តុលាការ​ដឹងថា​ជនជាប់ចោទ​មាន​វ័យ​ចំណាស់​និង​ដឹងថា​វា​មាន​ភាពចាំបាច់​ក្នុង​ការធានា​ថា​យើង​បាន​ព​ន្លឿ​ន​នីតិ​វិធី។ ក្នុងពេល​ជាមួយគ្នា​នេះ​យើង​មិនអាច​បន្ថយ​ពេលវេលា​កាត់ទោស​ដោយសារតែ​ជនជាប់ចោទ​មាន​វ័យចាស់​ជរា​នោះទេ​ពីព្រោះថា​ពួកគេ​មាន​សិទ្ធិ​ដូច​ជនជាប់ចោទ​នៅក្នុង​ការកាត់ទោស​ពីបទ​ឧក្រិដ្ឋ​ដទៃទៀត​ដែរ​បើទោះជា​ពួកគេ​មាន​វ័យ​ចំណាស់​ក៏ដោយ»។
កាលពី​សប្តាហ៍​មុន​លោកនាយក​រដ្ឋមន្ត្រី​ហ៊ុន សែន​ក៏បាន​ចាត់ទុកថា​បញ្ហា​ថវិកា​និង​ភាព​ចាស់ជរា​របស់​ជនជាប់ចោទ​ក្នុង​សាលាក្តី​ខ្មែរក្រហម​គឺជា​កង្វល់​ក្នុងការ​ស្វែងរក​យុត្តិធម៌​ដល់​ជនរងគ្រោះ​កម្ពុជា​ផងដែរ៕
XS
SM
MD
LG