ភ្នំពេញ៖ ក្រុមមេធាវីការពារក្តីបានស្នើសុំដល់អង្គជំនុំជម្រះសាលាដំបូងនៃសាលាក្តីខ្មែរក្រហមឲ្យដោះលែងលោកខៀវ សំផនឲ្យនៅក្រៅឃុំជាបន្ទាន់ ដោយសារមូលហេតុថា ការកាត់ក្តីអាចអូសបន្លាយពេលយូរ។
នៅក្នុងសំណើដាក់ជូនសាលាដំបូងកាលពីថ្ងៃសុក្រ ប៉ុន្តែត្រូវបានផ្សព្វផ្សាយជាសាធារណៈនៅរសៀលថ្ងៃច័ន្ទនេះ មេធាវីចំនួនបួនរូបរបស់ជនជាប់ចោទខៀវ សំផន អតីតប្រមុខរដ្ឋខ្មែរក្រហម បានលើកឡើងថា ការឃុំខ្លួនកូនក្តីរបស់ពួកគេនេះ «មិនមានមូលដ្ឋានទៀតនោះទេ»។
នៅក្នុងសំណើដាក់ជូនសាលាដំបូងកាលពីថ្ងៃសុក្រ ប៉ុន្តែត្រូវបានផ្សព្វផ្សាយជាសាធារណៈនៅរសៀលថ្ងៃច័ន្ទនេះ មេធាវីចំនួនបួនរូបរបស់ជនជាប់ចោទខៀវ សំផន អតីតប្រមុខរដ្ឋខ្មែរក្រហម បានលើកឡើងថា ការឃុំខ្លួនកូនក្តីរបស់ពួកគេនេះ «មិនមានមូលដ្ឋានទៀតនោះទេ»។
ក្រុមមេធាវីបន្ថែមថា មានហានិភ័យនៃលទ្ធភាពការចេញសាលក្រមក្នុងរយៈពេលសមស្រប និងការរំលោភសិទ្ធិជាមូលដ្ឋាន ហើយក៏ជាការប៉ះពាល់ដល់ភាពថ្លៃថ្នូរលើកូនក្តីផងខ្លួន។
មេធាវីដែលរួមមានលោកគង់ សំអុន និងសហមេធាវីសញ្ជាតិបារាំងចំនួនបីរូបគឺលោកស្រីអានតា ហ្គីសេ (Anta Guissé) លោកអាទួរ វែកេន (Arthur Verken) និងលោកហ្ស៊ាក់ វែហ្ស៊ែស (Jacques Verges) បានលើកពីការបំបែកនីតិវិធីកាត់ក្តីក្នុងសំណុំរឿង០០២ដែលធ្វើឲ្យប៉ះពាល់ដល់ភាពឆាប់រហ័សនៃការកាត់ក្តីកូនក្តីរបស់ពួកខ្លួន។ ហើយពួកគេបានគូសបញ្ជាក់ថា ដំណើរការកាត់ក្តីនេះ «មិនងាយនឹងបញ្ចប់នោះទេ ហើយបើសិនជាត្រូវបញ្ចប់នៅថ្ងៃណាមួយក៏ដោយ ក៏លទ្ធភាពនៃការចេញសាលក្រមនៅឆ្ងាយដែរ»។
មេធាវីទាំងបួនរូបសង្កត់ធ្ងន់ថា «ការបន្តឃុំខ្លួនខៀវ សំផន ដោយគ្មានលទ្ធភាពចេញសាលក្រមជារឿងដែលមិនអាចទទួលយកបាន»។
ដូច្នេះពួកគេគូសបញ្ជាក់ថា បរិបទនេះតម្រូវឲ្យដាក់ខៀវ សំផនក្រោមការត្រួតពិនិត្យរបស់តុលាការ ដោយសារតែភាពមិនប្រាកដប្រជានៃដំណើរការនីតិវិធីតុលាការ។
ហើយក្រុមមេធាវីស្នើថា ការដោះលែងខៀវ សំផនដោយភ្ជាប់ជាមួយនឹងលក្ខខណ្ឌ។
លោកឡាស អលសិន មន្ត្រីផ្នែកទំនាក់ទំនងកិច្ចការច្បាប់របស់សាលាក្តីខ្មែរក្រហម មានប្រសាសន៍ថា អង្គជំនុំជម្រះបានទទួលសំណើពីក្រុមមេធាវីខៀវ សំផនហើយ។
«អង្គជំនុំជម្រះបានទទួលការស្នើសុំនេះហើយ។ ក្រុមចៅក្រមនឹងត្រូវធ្វើសេចក្តីសម្រេចតាមផ្លូវតុលាការ ប៉ុន្តែយើងមិនទាន់ដឹងពីពេលវេលាដែលពួកគាត់នឹងធ្វើសេចក្តីសម្រេចនោះទេ»។
ខៀវ សំផន អាយុ៨១ឆ្នាំនឹងត្រូវឈានចូលវ័យ៨២ឆ្នាំនៅចុងឆ្នាំ២០១៣នេះ។ គាត់ត្រូវចាប់ខ្លួនកាលពីឆ្នាំ២០០៧ ក្រោមការចោទប្រកាន់ពីការទទួលខុសត្រូវចំពោះការស្លាប់ និងការសម្លាប់ប្រជាពលរដ្ឋខ្មែរយ៉ាងតិច១,៧លាននាក់ក្នុងការកាន់កាប់អំណាចរបស់គាត់។
អតីតប្រមុខរដ្ឋខ្មែរក្រហមដដែលនេះត្រូវដាក់ឲ្យស្ថិតក្នុងសំណុំរឿង០០២ជាមួយនឹងនួន ជា អតីតប្រធានសភា និងជាមេមនោគមវិជ្ជាខ្មែរក្រហម អៀង សារី អតីតរដ្ឋមន្ត្រីការបរទេសដែលទើបនឹងស្លាប់កាលពីពាក់កណ្តាលខែមុន និងប្រពន្ធរបស់អៀង សារី គឺអៀង ធីរិទ្ធ ដែលត្រូវបានដោះលែងឲ្យនៅក្រៅឃុំដោយសារតែជំងឺវង្វេងវង្វាន់ធ្ងន់ធ្ងរ។
កាលពីឆ្នាំ២០១១ តុលាការធ្លាប់បានបដិសេធមិនព្រមដោះលែងខៀវ សំផនឲ្យនៅក្រៅឃុំរួចទៅហើយ ដោយបារម្ភពីការធ្វើឲ្យមានអស្ថិរភាពសង្គម ប៉ះពាល់ដល់សាក្សី និងការធានាវត្តមានជនជាប់ចោទក្នុងការកាត់ក្តីជាដើម។
នៅក្នុងសំណើទៅកាន់អង្គជំនុំជម្រះកាលពីសប្តាហ៍មុន ក្រុមមេធាវីរបស់ជនជាប់ចោទបានបកស្រាយប្រឆាំងទៅនឹងហេតុផលទាំងនោះ៕