ការចោទប្រកាន់ថាកម្ពុជាបង្កើតច្រកទ្វារអ៊ីនធឺណិតថ្នាក់ជាតិដើម្បីរឹតបន្តឹងកាន់តែធ្ងន់ធ្ងរលើសេរីភាពបញ្ចេញមតិតាមប្រព័ន្ធអនឡាញនោះត្រូវបានក្រសួងការបរទេសកម្ពុជាចាត់ទុកថា ជាការចោទប្រកាន់ដែលគ្មានមូលដ្ឋាន។
ក្រសួងការបរទេសកម្ពុជាបានចេញសេចក្តីបំភ្លឺមួយកាលពីថ្ងៃអង្គារដោយការពារការបង្កើតច្រកទ្វារអ៊ីនធឺណិតជាតិ ក្រោយមានការផ្សព្វផ្សាយនិងការបង្ហាញការព្រួយបារម្ភពីផលប៉ះពាល់លើសិទ្ធិមូលដ្ឋានរបស់អ្នកប្រើប្រាស់។
សេចក្តីបំភ្លឺមួយចុះកាលពីថ្ងៃទី១៥ខែកុម្ភៈលើកឡើងក្នុងន័យដើមថា អ្នកនាំពាក្យក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិបានកត់សម្គាល់ជាមួយការខកចិត្តនូវការបន្តបកស្រាយខុសជាពិសេសដោយប្រព័ន្ធផ្សព្វផ្សាយបរទេសមួយចំនួនអំពីគោលបំណងនៃការបង្កើតច្រកទ្វារអ៊ីនធឺណិតជាតិនៅក្នុងប្រទេសកម្ពុជាបើទោះបីជាមានការពន្យល់និងការបំភ្លឺជាច្រើនដងដោយអាជ្ញាធរមានសមត្ថកិច្ចរបស់កម្ពុជាក្តី។
ក្រសួងការបរទេសបញ្ជាក់ថាការចោទប្រកាន់ដែលថាការបង្កើតច្រកទ្វារអ៊ីនធឺណិតជាតិអនុញ្ញាតឲ្យអាជ្ញាធរត្រួតពិនិត្យនិងតាមដានរាល់សកម្មភាពតាមប្រព័ន្ធអ៊ីនធឺណិតចាប់និងរឹតបន្តឹងការប្រាស្រ័យទាក់ទងនានាតាមប្រព័ន្ធឌីជីថលព្រមទាំងប្រមូលរក្សាទុកនិងចែករំលែកទិន្នន័យផ្ទាល់ខ្លួនរបស់អ្នកប្រើប្រាស់នោះបង្កើតហានិភ័យដល់សិទ្ធិសេរីភាពក្នុងការបញ្ចេញមតិគឺជាការចោទប្រកាន់ដោយគ្មានមូលដ្ឋាន។
កាលពីថ្ងៃទី១៦ខែកុម្ភៈឆ្នាំមុន រដ្ឋាភិបាលបានចេញអនុក្រឹត្យស្តីពី«ការបង្កើតច្រកទ្វារអ៊ីនធឺណិតជាតិ»ក្នុងគោលបំណងសម្រួលនិងគ្រប់គ្រងការភ្ជាប់បណ្តាញអ៊ីនធឺណិតប្រកបដោយប្រសិទ្ធភាពក៏ដូចជាលើកកម្ពស់ការកៀរគរចំណូលថវិកាជាតិនិងកិច្ចការការពារសន្តិសុខសណ្តាប់ធ្នាប់សង្គមវប្បធម៌និងប្រពៃណីជាតិ។ អនុក្រឹត្យស្តីពី«ការបង្កើតច្រកទ្វារអ៊ីនធឺណិតជាតិ»នេះនឹងចូលជាធរមាននៅថ្ងៃពុធទី១៦ខែកុម្ភៈនេះ។
ការបង្កើតច្រកទ្វារអ៊ីនធឺណិតដែលនឹងធ្វើឲ្យចរាចរណ៍វេបសាយទាំងអស់ឆ្លងកាត់ច្រកចូលតែមួយដែលគ្រប់គ្រងដោយរដ្ឋាភិបាលនាំឲ្យមានការព្រួយបារម្ភអំពីការផ្តល់សិទ្ធិអំណាចទូលំទូលាយដល់រដ្ឋាភិបាលក្នុងការគ្រប់គ្រងទិន្នន័យលើប្រព័ន្ធអ៊ីនធឺណិតនិងការបិទគេហទំព័រទាំងឡាយណាដែលរដ្ឋាភិបាលមិនពេញចិត្ត។
អ្នកជំនាញសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិធ្លាប់បានព្រមានថាការបង្កើតនេះនឹងមានឥទ្ធិពល«ធ្ងន់ធ្ងរ»ទៅលើសិទ្ធិឯកជននិងសេរីភាពបញ្ចេញមតិបន្ថែមលើការបង្រ្កាបសំឡេងប្រឆាំងក្នុងប្រទេស។
នាយករងទទួលបន្ទុកផ្នែកឃ្លាំមើលសិទ្ធិមនុស្សនៃអង្គការលីកាដូលោកអំ សំអាតប្រាប់វីអូអេនៅថ្ងៃពុធនេះថា បើទោះបីជាមានការបដិសេធជាបន្តបន្ទាប់ពីសំណាក់រដ្ឋាភិបាលក៏ដោយ អ្នកជំនាញអង្គការអន្តរជាតិនិងអង្គទូតមួយចំនួននៅតែបន្តរក្សាជំហរបង្ហាញការព្រួយបារម្ភថាអនុក្រឹត្យនេះនឹងរឹតត្បិតសិទ្ធិសេរីភាពមូលដ្ឋានរបស់អ្នកប្រើប្រាស់។លោកបន្ថែមថានៅពេលមិនទាន់មានអនុក្រឹត្យស្តីពីច្រកទ្វារអ៊ីនធឺណិតជាតិ រដ្ឋាភិបាលបានបង្កើតស្ថាប័នឬអង្គភាពមួយចំនួនរួចទៅហើយដើម្បីឃ្លាំមើលប្រព័ន្ធបណ្តាញសង្គមឬអ៊ីនធឺណិតខណៈគេឃើញមនុស្សមួយចំនួនត្រូវរងការព្រមានឬឃុំខ្លួនពាក់ព័ន្ធនឹងការរិះគន់ឬចែកចាយព័ត៌មានតាមបណ្តាញសង្គម។
លោកថ្លែងថា៖«អ៊ីចឹងចំណុចទាំងអស់នេះនៅពេលដែលអនុក្រឹត្យនេះដាក់ឲ្យអនុវត្តគឺវាបន្ថែមទម្ងន់បន្ថែមទៀតសម្រាប់ការត្រួតពិនិត្យនិងការឃ្លាំមើលទៅលើអ្នកប្រើប្រាស់នៃប្រព័ន្ធអ៊ីនធឺណិតឬក៏ប្រព័ន្ធបណ្តាញសង្គមហ្នឹងកាន់តែតឹងរ៉ឹងថែមទៀត»។
អ្នកប្រឹក្សាឯករាជ្យលើកិច្ចការសន្ដិសុខប្រព័ន្ធឌីជីថលលោកង៉ែត ម៉ូសេឲ្យដឹងថាបើទោះរចនាសម្ព័ន្ធផ្នែកច្បាប់ពាក់ព័ន្ធនឹងអនុក្រឹត្យស្តីពីច្រកទ្វារអ៊ីនធឺណិតជាតិត្រូវបានដាក់ចេញរួចរាល់ហើយក៏ដោយ លោកនៅតែមានមន្ទិលពាក់ព័ន្ធនឹងធនធានមនុស្សនិងឧបករណ៍សម្រាប់ក្រុមប្រតិបត្តិករក្នុងផ្នែកនេះ។លោកបានសង្កត់ធ្ងន់ពីសារៈសំខាន់នៃការជ្រើសរើសបុគ្គលសម្រាប់ក្រុមការងាររបស់ប្រតិបត្តិករដែលបុគ្គលនោះត្រូវតែមិនទទួលរងឥទ្ធិពលពីជនមានអំណាចឬអ្នកនយោបាយ។
លោកថ្លែងថា៖«តើក្រុមការងារNIG(ច្រកអ៊ីនធឺណិតជាតិ)ការSelect (ជ្រើសរើស)មនុស្សដែលចូលមកក្រុមហ្នឹង ក្រៅពីបទពិសោធន៍ចំណេះជំនាញពួកគាត់ដែលមានហ្នឹងថាតើមានភាសាណាជ្រើសរើសគាត់ដែលធ្វើឲ្យជាក្រុមដែលឯករាជ្យអត់ ដែលមិនមានស្ថិតនៅក្នុងការគ្រប់គ្រងពីអ្នកនយោបាយពីក្រុមអ្នកមានអំណាចណាមកបញ្ជាគាត់ឲ្យគាត់ធ្វើអីផ្សេងដែលខុសពីតួនាទីដែលគាត់បានចែងហ្នឹងអ៊ីចឹងណា៎»។
ចាប់តាំងពីការដាក់ចេញនូវអនុក្រឹត្យនេះមក អង្គការក្រៅរដ្ឋាភិបាលនានាដែលធ្វើការក្នុងវិស័យសិទ្ធិមនុស្ស អង្គការគាំពារផ្នែកបណ្តាញផ្សព្វផ្សាយព័ត៌មានក្រុមហ៊ុនផ្គត់ផ្គង់សេវាកម្មអ៊ីនធឺណិតអ្នកតាមដានសង្គមនិងអ្នកប្រើប្រាស់អ៊ីនធឺណិតមួយចំនួនបានបង្ហាញមន្ទិលនិងក្តីកង្វល់ផ្សេងៗពាក់ព័ន្ធនឹងប្រសិទ្ធភាពនិងវិសាលភាពនៃការអនុវត្តអនុក្រឹត្យនេះ។
ទោះជាយ៉ាងណាក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍បានចេញសេចក្តីប្រកាសព័ត៌មានដោយបញ្ជាក់ថាមិនមានបទប្បញ្ញត្តិណាមួយក្នុងអនុក្រឹត្យនេះចែងអំពីការចាប់យកទិន្នន័យអ្នកប្រើប្រាស់និងការរឹតត្បិតសេរីភាពនៃការបញ្ចេញមតិឡើយ៕