មេដឹកនាំការទូតកម្ពុជា នៅសប្តាហ៍នេះ បានត្អូញត្អែរអំពីការចងសម្ព័ន្ធមិត្តជាមួយបណ្តាប្រទេសផ្សេងទៀត នៅចំពេលមានការកើនឡើងនៃការប្រកួតប្រជែងរបស់ប្រទេសមហាអំណាច ហើយបានស្តីបន្ទោសទៅលើសហភាពអឺរ៉ុប ចំពោះជំហរលម្អៀងទៅរកប្រទេសដែលអនុវត្តលទ្ធិប្រជាធិបតេយ្យទន់ខ្សោយ ឬក៏គ្មានតែម្តង នៅពេលនិយាយដល់ការដាក់គំនាបខាងសេដ្ឋកិច្ច។
ថ្លែងនៅក្នុងពិធីបើកសន្និបាតប្រចាំឆ្នាំរបស់ក្រសួងការបរទេស និងកិច្ចសហប្រតិបត្តិការអន្តរជាតិធ្វើឡើងនៅក្នុងរាជធានីភ្នំពេញកាលពីថ្ងៃអង្គារ លោកប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស បានប្រាប់ក្រុមមន្ត្រីកម្ពុជា និងភ្ញៀវជាតិ និងអន្តរជាតិជាច្រើននាក់ថា នៅក្នុងដំណាក់កាលនៃការប្រកួតប្រជែងដណ្តើមឥទ្ធិពលលើពិភពលោករបស់ប្រទេសមហាអំណាចក្នុងសតវត្សរ៍ទី២១នេះ កម្ពុជាកំពុងស្ថិតក្នុងទីតាំងមួយដែលពិបាកឲ្យកម្ពុជាបង្កើតមិត្ត ដោយឈរលើគោលជំហរនយោបាយការបរទេសអព្យាក្រឹតរបស់ខ្លួន។
លោកអះអាងថា ការកសាងមិត្តភាពនៅពេលនេះ អាចនឹងធ្វើទៅបាន ដោយអាស្រ័យទៅលើផលប្រយោជន៍ដែលហុចឲ្យគ្នាទៅវិញទៅមក។
«បើទៅញញឹមដាក់គេ ចង់ឲ្យគេក្លាយទៅមិត្តរបស់យើង តែគេមិនញញឹមមកវិញ គេស្តីឲ្យយើងវិញ អាហ្នឹងក៏ពិបាក។ ព្រោះធ្វើមិត្ត តែកាលណាអត់ប្រយោជន៍សម្រាប់គេ មិនអាចក្លាយទៅជាមិត្តរបស់គេបានទេ ត្រូវចាំ ចាំ ចាំថា បើយើងមានផលប្រយោជន៍អីមួយសម្រាប់គេ ទើបយើងមានតម្លៃ»។
លោកបានបន្ថែមថា៖
«បើយើងគ្មានផលប្រយោជន៍សម្រាប់ អ្នកដៃគូរបស់យើងទេ យើងគ្មានតម្លៃទេ គ្មានតម្លៃទេ ព្រោះគេត្រូវការពឹងយើងវិញ។ បើគេពឹងយើងបាន គេត្រូវការពឹងយើង ទើបយើងមានតម្លៃ»។
ងាកមកបញ្ហានយោបាយវិញនោះ លោកប្រាក់ សុខុន បានថ្លែងថា សហភាពអឺរ៉ុប បានបង្ហាញគោលជំហរមិនស្មើភាព ក្នុងការប៉ុនប៉ងដាក់ទណ្ឌកម្មពាណិជ្ជកម្មមកលើប្រទេសកម្ពុជា និងប្រទេសមួយចំនួនទៀតក្នុងតំបន់ តួយ៉ាងដូចជាវៀតណាម ឡាវ ដែលជាប្រទេសឯកបក្ស និងភូមាដែលមានភាពទន់ខ្សោយនៅឡើយ ក្នុងការជ្រោមជ្រែងប្រព័ន្ធនយោបាយប្រជាធិបតេយ្យសេរីពហុបក្ស។
លោកថា ប្រទេសទាំងនេះគឺសុទ្ធតែទទួលបានប្រព័ន្ធឋានៈអនុគ្រោះពន្ធស្រដៀងគ្នានឹងកម្ពុជា។
«មីយ៉ាន់ម៉ា ក៏ត្រូវគាត់គំរាម គំរាមកំហែងដាក់ទណ្ឌកម្មដែរ ប៉ុន្តែមកដល់ម៉ោងនេះ អត់មាននរណាថាអីទាំងអស់ មានតែកម្ពុជាមួយគត់ដែលទទួល ទទួលការចាប់ផ្តើមនីតិវិធី ដើម្បីត្រួតពិនិត្យមើល និងវាយតម្លៃឡើងវិញអំពីរបបអនុគ្រោះពន្ធនេះ ឡាវអត់ ស្ងាត់ មីយ៉ាន់ម៉ាស្ងាត់»។
លោកប្រាក់ សុខុន ដែលជាអតីតអ្នកកាសែតរបស់កងទ័ពកម្ពុជា បាននិយាយបន្តដល់ស្ថានភាពនយោបាយកម្ពុជាបច្ចុប្បន្ន ដែលស្ថិតក្រោមការរិះគន់របស់សហភាពអឺរ៉ុប ពាក់ព័ន្ធនឹងការបាត់បង់សិទ្ធិធ្វើនយោបាយរបស់មន្ត្រីគណបក្សប្រឆាំង។
នៅក្នុងបញ្ហានេះ លោកប្រាក់ សុខុន បានបន្ទោសអ្នកស្រី Cecilia Malmstrom ស្នងការពាណិជ្ជកម្មនៃសហភាពអឺរ៉ុប ដែលលោកចោទថា មិនបានស្តាប់ការពន្យល់របស់រដ្ឋាភិបាលខ្មែរពាក់ព័ន្ធនឹងការសុំសិទ្ធិធ្វើនយោបាយឡើងវិញរបស់ក្រុមមន្ត្រីគណបក្សប្រឆាំង១១៨រូប ដែលត្រូវបានហាមឃាត់ដោយសាលដីកាតុលាការកំពូលកម្ពុជា។
លោកប្រមុខការទូត បានលើកឡើងថា អ្នកស្រី Cecilia Malmstrom គួរតែបន្ទោសលោកសម រង្ស៊ីអតីតប្រធានគណបក្សសង្គ្រោះជាតិ ជាជាងការស្តីបន្ទោសរដ្ឋាភិបាលកម្ពុជា ទាក់ទិននឹងការស្នើសុំសិទ្ធិធ្វើនយោបាយឡើងវិញនេះ។
លោកប្រាក់ សុខុន បានថ្លែងដល់ជំនួបមួយជាមួយអ្នកស្រី Cecilia Malmstrom ពាក់ព័ន្ធនឹងការស្នើសុំសិទ្ធិធ្វើនយោបាយយ៉ាងដូច្នេះ៖
«Madam Malmstrom ហ្នឹងក៏បាន ឯកឧត្តមសុខ ចិន្តា ចាំគាត់មកសួរខ្ញុំថា អ្ហេអ្នកឯងឲ្យធ្វើច្បាប់ឲ្យគេទទួលសិទ្ធិនយោបាយឡើងវិញ ហើយអ្នកឯងចាំបាច់ឲ្យគេធ្វើលិខិតធ្វើអី បង្ខំគេធ្វើលិខិតធ្វើអី បើគេបង្ខំ ខ្ញុំថា អត់មានបង្ខំទេ ជាលិខិតដែលបំពេញកិច្ច បង្គ្រប់កិច្ចតែប៉ុណ្ណុងទេ ព្រោះច្បាប់។ គាត់ថា ច្បាប់អត់មានចែង ប៉ុន្តែខ្ញុំថា ច្បាប់ចែងថា តាមសំណើរបស់នាយករដ្ឋមន្ត្រី។ ស្នើដល់នាយករដ្ឋមន្ត្រីខ្ញុំ ផ្អែកលើអី បានយើងធ្វើសំណើទៅព្រះមហាក្សត្រ។ ខ្ញុំសុំតែប៉ុណ្ណឹងតើ! ហើយមកបន្ទោសខ្ញុំធ្វើអី ម៉េចមិនបន្ទោសលោកសម រង្ស៊ី ដែលគំរាមចាត់ទុកអ្នកទាំងឡាយណាដែលនឹងសុំសិទ្ធិនយោបាយឡើងវិញហ្នឹងថា ជាមនុស្សហ្នឹងក្បត់!»។
លោក George Edgar ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំនៅកម្ពុជា បានសុំមិនផ្តល់ការអធិប្បាយ តាមសារអេឡចត្រូនិក ឬ Email ទៅលើការអធិប្បាយរបស់លោករដ្ឋមន្ត្រីការបរទេសបា្រក់ សុខុនទេ។
ក៏ប៉ុន្តែលោកបានអះអាងថា ការសម្រេចដំណើរការព្យួរប្រព័ន្ធឋានៈអនុគ្រោះពន្ធដល់កម្ពុជា ពីសំណាក់គណៈកម្មការសហភាពអឺរ៉ុប មិនមានជាប់ហេតុផលនយោបាយនោះទេ។ លោកបានបញ្ជាក់ថា៖
«សហភាពអឺរ៉ុប មិនបានចាត់វិធានការ ក្នុងនាមឲ្យក្រុមនយោបាយកម្ពុជាណាមួយ ឬក៏គាំទ្រក្រុមមួយប្រឆាំងនឹងក្រុមមួយផ្សេងទៀតទេ។ អ្វីដែលបានធ្វើនេះ គឺដើម្បីប្រជាពលរដ្ឋកម្ពុជាជ្រើសរើសរវាងគណបក្សនយោបាយ និងកម្មវិធីនយោបាយ ដែលអាចជំនួសគ្នាបាន»។
VOA មិនទាន់អាចសុំការអធិប្បាយលោកកេត សោផាន់ អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជាបានទេ ដោយទូរស័ព្ទរបស់លោករោទិ៍ តែគ្មានអ្នកទទួល។
ទាក់ទិនបញ្ហា EBAដដែលនេះ អង្គភាពព័ត៌មានដែលស្និទ្ធនឹងរដ្ឋាភិបាល Fresh News បានធ្វើសេចក្តីរាយការណ៍នៅថ្ងៃពុធនេះថា លោក George Edgar ដែលជិតបញ្ចប់អាណត្តិរបស់លោកបានប្រាប់លោកប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មថា៖
«ក្រុមការងាររបស់គណៈកម្មការអឺរ៉ុប នឹងធ្វើដំណើរមកកាន់ប្រទេសកម្ពុជានៅអំឡុងខែមីនា និងមេសា ឆ្នាំ២០១៩នេះ ដើម្បីជជែកលើការព្យួរបណ្តោះអាសន្នប្រព័ន្ធអនុគ្រោះពន្ធក្រោមកម្មវិធី គ្រប់មុខទំនិញលើកលែងតែសព្វាវុធ (EBA)»។
កាលពីខែកុម្ភៈ សហគមន៍អឺរ៉ុបបានចាប់ផ្តើមដំណើរការជាផ្លូវការ ដែលអាចឈានទៅដកហូតបណ្តោះអាសន្ននូវឋានៈអនុគ្រោះពន្ធពីប្រទេសកម្ពុជា ក្រោមកម្មវិធីពាណិជ្ជកម្ម «គ្រប់មុខទំនិញទាំងអស់លើកលែងតែអាវុធ» ឬ EBA ដោយសារតែការធ្លាក់ចុះនៃសិទ្ធិមនុស្សនិងលទ្ធិប្រជាធិបតេយ្យ។
ក្រោយពីការប្រកាសនោះភ្លាម ក្រុមមេដឹកនាំរបស់គណបក្សសង្គ្រោះជាតិដែលត្រូវបានរំលាយចោលដោយតុលាការកំពូលកាលពីឆ្នាំ២០១៧ បានប្រតិកម្មជាបន្តបន្ទាប់ ដោយបានស្នើរដ្ឋាភិបាលកម្ពុជា សា្តរដំណើរការប្រជាធិបតេយ្យឡើងវិញ ក្នុងនោះគឺការបើកឲ្យគណបក្សបានដំណើរការឡើងវិញ។
អ្នកស្រីមូរ សុខហួរ អនុប្រធានគណបក្សសង្គ្រោះជាតិ បានប្រាប់ VOA កាលពីថ្ងៃអង្គារថា ក្រុមមន្ត្រីគណបក្សប្រឆាំង មិនអាចក្បត់ឆន្ទៈរបស់ប្រជាពលរដ្ឋកន្លះប្រទេស ដោយព្រមចូលខ្លួនសុំសិទ្ធិធ្វើនយោបាយពីរដ្ឋាភិបាលរបស់លោកនាយករដ្ឋមន្ត្រីហ៊ុន សែន នោះទេ។
អ្នកស្រីថា រដ្ឋាភិបាលកម្ពុជាទៅវិញទេ ដែលត្រូវសម្រេចថា ខ្លួនចង់ការពារប្រយោជន៍ពលរដ្ឋ ឬក៏ការពារអំណាច នៅក្នុងបញ្ហារក្សាប្រព័ន្ធឋានៈអនុគ្រោះពន្ធរបស់សហគមន៍អឺរ៉ុប។
«ទីមួយដកបញ្ហារឿង EBA ឲ្យហើយ តែអត់ទេ បញ្ហានេះ ធ្ងន់ណាស់ ហើយលោកហ៊ុន សែន ហ្នឹងក៏គាត់ជ្រាបដែរ មិនមែនគាត់មិនជ្រាបទេ ប៉ុន្តែគាត់ជាអ្នកនយោបាយ ដែលយកប្រទេសជាតិយកទៅធ្វើដូចជាកម្មសិទ្ធិរបស់លោក ហើយគាត់ជាអ្នកនយោបាយដែលចង់នៅក្រាញអំណាចអស់មួយជីវិត ហើយបន្តយកអំណាចនេះ ទៅឲ្យកូនចៅរបស់គាត់ និងគឺនៅក្នុងក្រឡាអុករបស់គាត់ទៅហើយ»។
អ្នកស្រីបានបន្ថែមថា៖
«យើងមិនគួរណាឡើយ ទៅចូលលេង នៅក្នុងក្រឡាអុក ជាមួយនិងលោកហ៊ុន សែន ទេ។ នេះគឺជាផលប្រយោជន៍ជាតិមួយដ៏ធំណាស់ ដែលមិនអាចបុគ្គលម្នាក់ដោយសារយើងចង់យកបានទទួលសិទ្ធិនយោបាយយើងវិញ យើងទៅជាន់ឈ្លីឧត្តមគតិ ជម្រើសនៃប្រជាពលរដ្ឋ ដែលបានប្រាប់យើងហើយ ប្រាប់ហើយប្រាប់ទៀត តាំងពី២០១៣ ដល់២០១៧ ប្រជាពលរដ្ឋជាងពាក់កណ្តាលនគរលោកបានជ្រើសរើសយកគណបក្សសង្គ្រោះជាតិ»។
អ្នកវិភាគនយោបាយកម្ពុជា លោកបណ្ឌិតមាស នី ផ្តល់ការយល់ឃើញថា ភាពតានតឹងនយោបាយនៅពេលនេះ បានកំពុងដាក់ប្រជាពលរដ្ឋខ្មែរឲ្យប្រឈមការខាតបង់ខាងហិរញ្ញវត្ថុ។ លោកថា ក្រុមមន្ត្រីគណបក្សកាន់អំណាច និងគណបក្សប្រឆាំងកំពុងតតាំងយកឈ្នះ តែរៀងៗខ្លួន ទាក់ទិនប្រព័ន្ធឋានៈអនុគ្រោះពន្ធនេះ។
អ្នកវិភាគរូបនេះ ថ្លែងបន្តថា ក្រុមមន្ត្រីជាថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិ កំពុងទប់មិនឲ្យសមាជិកខ្លួន ចុះចូលសុំសិទ្ធិនយោបាយពីរដ្ឋាភិបាលរបស់គណបក្សប្រជាជន ដើម្បីចោទថា ការរំលាយគណបក្សប្រឆាំងកាលពីឆ្នាំ២០១៧នោះ គឺខុសច្បាប់និងប្រឆាំងនឹងឆន្ទៈម្ចាស់ឆ្នោត។
«អ្វីដែលជាការព្រួយបារម្ភរបស់គណបក្សប្រឆាំងហ្នឹង គឺការដាក់ពាក្យសុំនេះ វានឹងអាច គេគិតថា ការដាក់ពាក្យសុំ ដើម្បីឲ្យលើកលែងក្នុងការធ្វើសិទ្ធិ ធ្វើនយោបាយហ្នឹង វានឹងអាច មានន័យថា អ្វីដែលជាការរំលាយគណបក្សសង្គ្រោះជាតិហ្នឹង វាពិតជាត្រឹមត្រូវទៅតាមលក្ខខណ្ឌច្បាប់ពិតប្រាកដមែន ដូចដែលគណបក្ស ដូចដែលរដ្ឋាភិបាលកម្ពុជាបានអះអាង អ៊ីចឹងគេត្រូវតែរក្សានូវជំហរមួយ គឺគេមិនសុំបាទ»។
លោកបានផ្តល់ការកត់សម្គាល់ទៀតថា គណបក្សប្រឆាំងនឹងបែកបាក់កាន់តែខ្លាំងឡើងថែមទៀត ប្រសិនបើមានសមាជិកដែលត្រូវបានគេហាមឃាត់ណាមួយមិនឲ្យធ្វើនយោបាយនោះ ស្នើសុំសិទ្ធិធ្វើនយោបាយឡើងវិញពីរដ្ឋាភិបាលកម្ពុជា។ លោកថា ការណ៍នេះនឹងផ្តល់ឱកាសឲ្យភាគីខាងក្រៅគណបក្សប្រឆាំង វាយប្រហារគណបក្សនេះ កាន់តែខ្លាំងទៀតផង។
ចំពោះបញ្ហាអព្យាក្រឹតភាពរបស់រដ្ឋាភិបាលខ្មែរ ក្នុងទំនាក់ទំនាក់អន្តរជាតិ រដ្ឋធម្មនុញ្ញប្រទេសក្នុងតំបន់អាស៊ីអាគ្នេយ៍មួយនេះ បានចែងយ៉ាងច្បាស់ថា កម្ពុជាជាប្រទេសប្រកាន់គោលជំហរអព្យាក្រឹត មិនចូលបក្ខសម្ព័ន្ធ។
ការណ៍នេះគឺដូចនឹងអ្វីដែលលោកប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស និងកិច្ចសហប្រតិបត្តិការអន្តរជាតិ បានលើកពីខាងដើមមកនេះ។
ក៏ប៉ុន្តែ ចាប់តាំងពីការរំលាយគណបក្សសង្គ្រោះជាតិ ដែលជាគណបក្សប្រឆាំងដ៏ធំបំផុតនៅប្រទេសកម្ពុជានេះរួមមកនោះ រដ្ឋាភិបាលលោក ហ៊ុន សែន ត្រូវគេមើលឃើញថា បានប្រឹងរំកិលខ្លួនទៅកៀកនឹងប្រទេសចិនកាន់តែខ្លាំងឡើង ហើយបានបែរខ្នងដាក់ប្រទេសប្រជាធិបតេយ្យធំៗរួមមានសហរដ្ឋអាមេរិក និងសហភាពអឺរ៉ុប ដែលបានទាមទារឲ្យកម្ពុជាស្តារការអនុវត្តលទ្ធិប្រជាធិបតេយ្យឡើងវិញដូចមានចែងក្នុងរដ្ឋធម្មនុញ្ញ។
ការរឹតចំណងកាន់តែខ្លាំងរបស់កម្ពុជាជាមួយចិននេះ បានផ្តល់ឲ្យកម្ពុជាវិញនូវជំនួយទាំងក្នុងវិស័យហិរញ្ញវត្ថុ និងយោធាយ៉ាងច្រើនសន្ធឹកសន្ធាប់។
ក្នុងដំណើររបស់លោក ហ៊ុន សែន ទៅប្រទេសចិនកាលពីខែមករា ឆ្នាំ២០១៩ រដ្ឋាភិបាលក្រុងប៉េកាំង បានផ្ដល់ជំនួយជិត៦០០លានដុល្លារដល់កម្ពុជា ហើយក៏បានដំឡើងកូតាឲ្យកម្ពុជានាំអង្កររហូតដល់៤សែនតោនចូលទៅប្រទេសចិន។
ការបន្តបង្ហូរជំនួយរបស់ចិនមកឲ្យកម្ពុជានេះ ត្រូវក្រុមអ្នកតាមដាននយោបាយកម្ពុជាមើលឃើញថា កើតមានឡើង រាល់ពេលដែលកម្ពុជាបានចេញមុខការពារគោលជំហររបស់ចិននៅកិច្ចប្រជុំអាស៊ាននានាក្នុងរយៈពេលប៉ុន្មានឆ្នាំថ្មីៗនេះ។
តួយ៉ាងដូចជា នៅក្នុងកិច្ចប្រជុំអាស៊ានក្នុងទីក្រុងភ្នំពេញ កាលពីឆ្នាំ២០១២ ប្រទេសហ្វីលីពីនបានចោទប្រទេសកម្ពុជាថាបានរារាំងមិនឲ្យអាស៊ានចេញសេចក្ដីថ្លែងការណ៍រួមពាក់ព័ន្ធនឹងសមុទ្រចិនខាងត្បូង៕