ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា​នឹង​រៀបចំ​សិក្ខា​សាលា​អំពី​របប​ប្រល័យ​ពូជសាសន៍​នៅ​ឆ្នាំ​២០១៧


និស្សិតអាន​សារចារ​នៅលើ​ផ្ទាំង​របស់​មជ្ឈមណ្ឌល​ឯកសារ​​កម្ពុជា​អំពី​របប​ប្រល័ួពូជសាសន៍។​
និស្សិតអាន​សារចារ​នៅលើ​ផ្ទាំង​របស់​មជ្ឈមណ្ឌល​ឯកសារ​​កម្ពុជា​អំពី​របប​ប្រល័ួពូជសាសន៍។​

មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា ដែល​បានចំណាយ​ពេល​ជា​ច្រើន​ឆ្នាំ​មក​ហើយដើម្បី​រក្សា​ទុកឯកសារ​ទាក់ទង​នឹង​របប​កម្ពុជា​ប្រជាធិបតេយ្យ​នោះ​ ​នឹង​រៀបចំ​ទទួល​កិច្ច​ប្រជុំ​អន្តរជាតិ​មួយ​ដែល​ពាក់ព័ន្ធ​នឹង​របប​ប្រល័យ​ពូជ​សាសន៍​ នៅ​ឆ្នាំ​២០១៧។

អង្គការ​ International Association of Genocide Scholars ​តែងតែ​រៀបចំ​កិច្ច​ប្រជុំ​នេះ​កំឡុង​ពេល​២​ឆ្នាំ​ម្តង​ ដើម្បី​សិក្សា​ស្រាវជ្រាវ​បន្ថែម ​និង​ណែនាំ​ និង​បង្រៀន​ឱ្យ​ដឹង​ពី​អំពើ​ប្រល័យ​ពូជ​សាសន៍ក្នុង​ការ​ទប់​ស្កាត់​កុំ​ឱ្យ​មាន​អំពើ​បែប​នេះ​កើត​ឡើង​ម្តង​ទៀត ព្រមទាំង​បង្ហាញឫស​គល់​ និង​ផល​ប៉ះពាល់​ដែល​នាំ​ឲ្យ​មានអំពើ​ប្រល័យ​ពូជ​សាសន៍ ហើយ​ធ្វើ​កំណែ​ទម្រង់​យន្តការ​ដើម្បី​គាំពារ​កុំ​ឱ្យ​មាន​អំពើ​ប្រល័យ​ពូជ​សាសន៍​ដូច្នេះទៀត។​

លោក ​ឌី​ ខាំបូលី​ នាយក​សាលា​ផ្នែក​ផ្សព្វផ្សាយ​ការ​យល់​ដឹង​អំពី​អំពើ​ប្រល័យ​ពូជ​សាសន៍​ ជម្លោះ​ និង​សិទ្ធិ​មនុស្ស​ នៅ​វិទ្យាស្ថាន​ស្លឹករឹត
លោក ​ឌី​ ខាំបូលី​ នាយក​សាលា​ផ្នែក​ផ្សព្វផ្សាយ​ការ​យល់​ដឹង​អំពី​អំពើ​ប្រល័យ​ពូជ​សាសន៍​ ជម្លោះ​ និង​សិទ្ធិ​មនុស្ស​ នៅ​វិទ្យាស្ថាន​ស្លឹករឹត

លោក ​ឌី​ ខាំបូលី​ នាយក​សាលា​ផ្នែក​ផ្សព្វផ្សាយ​ការ​យល់​ដឹង​អំពី​អំពើ​ប្រល័យ​ពូជ​សាសន៍​ ជម្លោះ​ និង​សិទ្ធិ​មនុស្ស​ នៅ​វិទ្យាស្ថាន​ស្លឹករឹត បាន​និយាយ​ប្រាប់​អ្នក​យក​ព័ត៌មាន VOA ​ថា កិច្ចប្រជុំ​នេះ​នឹង​នាំ​មក​នូវ​ផល​ប្រយោជន៍​ជាច្រើន​ដល់​ប្រជាជន​កម្ពុជា​ ដើម្បី​សិក្សាអំពី​របប​ប្រល័យ​ពូជ​សាសន៍។​

លោក​បាន​បន្ត​ទៀត​ថា៖​ «កិច្ច​ប្រជុំ​នេះ​នឹង​នាំ​មក​នូវ​ការ​សិក្សាស្រាវជ្រាវ​ថ្មីៗ​អំពី​របប​ប្រល័យ​ពូជ​សាសន៍ អំពី​ការ​ទប់ស្កាត់​អំពើ​ប្រល័យ​ពូជ​សាសន៍ និង​ការ​កសាង​សន្តិភាព​រវាង​ប្រទេស​ និង​ប្រទេសក្នុង​ពិភពលោក‍»។‍

កិច្ច​ប្រជុំ​នេះ​នឹង​ប្រព្រឹត្ត​ទៅ​ស្រប​ពេល​ជាមួយ​នឹង​ការ​កាត់ទោស​មេ​ដឹកនាំ​នៃ​របប​កម្ពុជា​ប្រជា​ធិបតេយ្យ​ នៅ​សាលាក្តី​ខ្មែរក្រហម​ ដែល​មាន​ការ​គាំទ្រ​ដោយ​អង្គការ​សហ​ប្រជាជាតិ។​ ​ អ្នកនាំ​ពាក្យ​របស់​សាលាក្ដី​ខ្មែរ​ក្រហម​និង​ជន​រងគ្រោះ​ក្នុង​របប​កម្ពុជា​ប្រជាធិបតេយ្យ​ បាន​បង្ហាញ​ការ​គាំទ្រ​ចំពោះការ​ធ្វើកិច្ច​ប្រជុំ​នេះ​ក្នុង​ប្រទេស​កម្ពុជា។​

លោក ​នេត្រ ភក្ត្រា អ្នក​នាំ​ពាក្យ​សាលាក្តី​ខ្មែរក្រហម បាន​និយាយ​ថា៖ ​«យើង​សង្ឃឹម​ថា​ ប្រជាជន​កម្ពុជា​នឹង​ទទួល​បាន​ព័ត៌មាន​បន្ថែម​អំពី​របប​ប្រល័យ​ពូជ​សាសន៍​ ពី​ការ​សិក្សា​ស្រាវជ្រាវ​របស់​អ្នក​សិក្សា​ស្រាវជ្រាវ​ទាំង​នោះ»។

នៅ​ក្នុង​វ័យ​៦៤​ឆ្នាំ​ លោក​ស្រី​ចាន់​ សុភាព​ ដើម​បណ្តឹង​រដ្ឋប្បវេណី​ក្នុង​សំណុំ​រឿង​០០២​ បាន​និយាយ​ថា​ លោកស្រី​សង្ឃឹម ​ថា​ លោកស្រី​នឹង​បាន​ចូលរួម​ក្នុង​កិច្ច​ប្រជុំ​នេះ។​

លោកស្រី​ បាន​ថ្លែង​ថា៖ ​«កិច្ច​ប្រជុំ​នេះ​នឹង​បង្ហាញ​អំពីប្រវត្តិ​របស់​របប​ ប្រល័យ​ពូជ​សាសន៍​ ឱ្យ​ប្រជាជន​កម្ពុជា​ទាំងអស់​បាន​ដឹង​ និង​សិក្សា​ ហើយ​ចង​ចាំ​អំពី​ភាព​កាច​សាហាវ​ ​និង​ផល​ប៉ះពាល់​យ៉ាង​ឃោរឃៅ​ដែល​របប​នេះ​បាន​បង្ក​ឡើង»៕

គំរូប្លង់​នៃ​វិទ្យាស្ថាន​ស្លឹក​រឹត (រូបថត​ផ្តល់​ឲ្យ​ដោយ​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា)
គំរូប្លង់​នៃ​វិទ្យាស្ថាន​ស្លឹក​រឹត (រូបថត​ផ្តល់​ឲ្យ​ដោយ​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា)

XS
SM
MD
LG