ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សាលាក្តី​ខ្មែរក្រហម​ថា​ វៀតណាម​និង​ថៃ​មិន​សហការ​លើ​សំណុំ​រឿង​០០៣ ​និង ​០០៤


រូបឯកសារ៖ សវនាការ​មួយ​របស់​តុលាការ​ខ្មែរ​ក្រហម។
រូបឯកសារ៖ សវនាការ​មួយ​របស់​តុលាការ​ខ្មែរ​ក្រហម។

សហ​ចៅក្រម​ស៊ើប​អង្កេត​អន្តរជាតិ​នៃ​សាលាក្តី​កាត់ទោស​ខ្មែរក្រហម​បាន​បង្ហាញ​ឲ្យ​ដឹង​ថា ​ប្រទេស​វៀតណាម​និង​ប្រទេសថៃ​មិនទាន់​បាន​ផ្តល់​កិច្ច​សហការ​ក្នុង​ការ​ស៊ើប​អង្កេត​សំណុំរឿង​ចម្រូង​ចម្រាស​បន្ថែម​០០៣ ​និង​០០៤​ ដើម្បី​ស្វែង​រក​យុត្តិធម៌​ចំពោះ​ការ​កាប់​សម្លាប់​ពលរដ្ឋ​ខ្មែរ​ស្លូត​ត្រង់​កាលពី​ទស​វត្សរ៍​១៩៧០​ទេ។​

សេចក្តី​ថ្លែងការណ៍​មួយ​របស់​លោក​ ម៉ាក ហាម៉ុន​ សហ​ចៅក្រម​ស៊ើប​អង្កេត​អន្តរជាតិ​ដែល​បាន​ដាក់​ពាក្យ​លា​ឈប់​ពី​តំណែង​ ​បាន​បញ្ជាក់​ថា​ ​លោក​បាន​ស្នើ​សុំពី​ប្រទេស​វៀតណាម ​និង​ថៃ​តាំងពី​ថ្ងៃ​ទី១៥​ខែ​វិច្ឆិកា​ឆ្នាំ​២០១៣​ ដោយ​លិខិត​បី​ច្បាប់។ ​តែ​រហូត​មក​ដល់​ពេលនេះ​ ប្រទេស​ទាំង​ពីរ​មិន​បាន​ផ្តល់​ជូន​ទេ។​

សហ​ចៅក្រម​ស៊ើប​អង្កេត​ម៉ាក ហាម៉ុន ​បាន​បញ្ជាក់​ក្នុង​សេចក្តី​ថ្លែង​ការណ៍​ដដែល​ថា​ លោក​ចង់​ឲ្យ​ប្រទេស​ទាំងពីរ​ជួយ​ ជ្រោម​ជ្រែង​ផ្តល់​ឯកសារ​ពាក់​ព័ន្ធ​នឹង​កិច្ចការស៊ើប​សួរ ​និង​ផ្តល់​លទ្ធភាព​ចូល​ពិនិត្យ​ មើល​បណ្ណសារ​ដែល​អាច​មាន​ឯកសារ​ទាំង​ឡាយ​ពាក់ព័ន្ធ​នឹង​សំណុំ ​រឿង​ទាំង​ពីរ​នេះ។​

លោក​នេត្រ ភក្ត្រា ​អ្នក​នាំពាក្យ​សាលាក្តី​ បាន​បញ្ជាក់​ថា​ សហ​ចៅក្រម​ស៊ើប​អង្កេត​បាន​ស្នើ​សុំ​ឲ្យ​ប្រទេស​វៀតណាម​ និង​ថៃ​អនុវត្តឲ្យ​បាន​ពេញលេញ​តាម​សំណើ​សុំ​ឲ្យ​មាន​ការ​ជួយ​ជ្រោម​ជ្រែង​នេះ។​

សំណុំ​រឿង​០០៣ ​និង​០០៤​មាន​ការ​ចោទ​ប្រកាន់​ចំពោះ​ការ​រំលោភ​ធ្ងន់ធ្ងរ​លើច្បាប់​ជាតិ ​និង​អន្តរជាតិ ទាក់​ទងនឹង​ការ​សម្លាប់​មនុស្ស​ជាច្រើន​នៅ​ចន្លោះ​ខែ​មេសា​ ឆ្នាំ​១៩៧៥​ដល់ខែ​មករា​ឆ្នាំ​១៩៧៩។​

«ដោយសារ​តែកិច្ច​ខិតខំ​ប្រឹងប្រែង​នេះ​មិន​ទាន់​ទទួល​បាន​ផ្លែផ្កា​នៅឡើយ​នោះ​ អញ្ចឹង​ហើយ​បាន​ជា​សហ​ចៅក្រម​ស៊ើប​អង្កេត​អន្តរជាតិ​បាន​ស្នើ​សុំ​ឲ្យ​ប្រទេស​វៀតណាម​ហើយ​នឹង​ប្រទេស​ថៃ​ហ្នឹង​អនុវត្ត​ឲ្យ​បាន​ពេញ​លេញ​តាម​សំណើ​សុំការ​ជួយ​ជ្រោម​ជ្រែង​ចាំបាច់​ទាំងឡាយ​ដើម្បីជា​ផល​ប្រយោជន៍​ក្នុង​ការ​ស្វែងរក​យុត្តិធម៌»។​

ក្រុម​មន្ត្រី​តុលាការ​ពុំ​បាន​បញ្ជាក់​លម្អិត​ថា ​តើ​ឯកសារ​អ្វី​ខ្លះ​ដែល​សហ​ចៅក្រម​ស៊ើប​អង្កេត​អន្តរជាតិ​នៃ​តុលាការ​ខ្មែរក្រហម​បាន​ស្នើ​សុំ​ពី​ប្រទេស​វៀតណាម​និង​ថៃ​នោះ​ទេ។​

សំណុំ​រឿង​០០៣ ​និង​០០៤​មាន​ការ​ចោទ​អំពី​ការ​រំលោភ​ធ្ងន់ធ្ងរ​លើ​ច្បាប់​ជាតិ​ និង​ច្បាប់​អន្តរជាតិ​ទាក់​ទង​នឹង​ការ​សម្លាប់​មនុស្ស​ជា​ច្រើន​នៅ​ចន្លោះ​ខែ​មេសា​ឆ្នាំ​១៩៧៥ ​ដល់​ខែ​មករា​ឆ្នាំ​១៩៧៩។​ សហ​ចៅក្រម​ស៊ើប​អង្កេត​មាន​សិទ្ធិ​ធ្វើការ​ស្នើ​សុំ​ជំនួយ​តាម​វិធាន​ផ្ទៃក្នុង​សាលាក្តី ​និង​តាម​កិច្ច​ព្រម​ព្រៀង​រវាង​អ.ស.ប. និង​ប្រទេស​កម្ពុជា។​ សំណុំ​រឿង​នេះ​មាន​ជន​សង្ស័យ​៤​នាក់​ដែល​គេ​សន្មត់​ថា ​ជា​សំណុំ​រឿងចុង​ក្រោយ។​ ជន​សង្ស័យ​ទាំង​នោះ​គឺ​ជា​អតីត​កម្មាភិបាល​ខ្មែរក្រហម​ថ្នាក់​កណ្តាល​ ​គឺ​លោក​អោ អាន​ ហៅ​តា​អាន ​លោក​យឹម ទិត​ ហៅ​តាទិត ​និងអ្នកស្រី​អ៊ឹម ចែម​ក្នុង​សំណុំ​រឿង​០០៤ ​និង ​លោក​មាស មុត​ក្នុង​សំណុំ​រឿង​០០៣។​ ​សហ​ចៅក្រម​ស៊ើប​អង្កេត​បរទេស​បាន​ខកខាន​មិនបាននាំខ្លួន​ជន​សង្ស័យ​និង​ជន​ត្រូវ​ចោទ​មក​សាក​សួរ​ដើម្បី​បិទ​បញ្ចប់​ការ​ស៊ើប​អង្កេត​ទេ ​ដោយសារ​អ្វីមួយ ​ដែល​គេ​ដឹង​ថា ​គ្មាន​ការ​សហការ​ពី​ភាគី​កម្ពុជា។​

សាលាក្តី​ខ្មែរក្រហម​កំពុង​កាត់ទោស​សំណុំ​រឿង​០០២​ វគ្គ​២ ​ដែល​ពាក់ព័ន្ធ​នឹង​មេ​ដឹកនាំ​ខ្មែរក្រហម​កំពូល​ពីរ​រូប​ ដែល​កំពុង​រស់រាន​មាន​ជីវិត​គឺ​នួន ជា បងធំ​ទី​២​ និង​ខៀវ សំផន​ អតីត​ប្រមុខ​រដ្ឋ។​ ជន​ទាំង​ពីរ​ត្រូវ​កាត់​ទោស​ដាក់​គុក​មួយ​ជីវិត និង​បន្ត​ការ​កាត់ទោស​ពី​បទ​ឧក្រិដ្ឋកម្ម​ប្រឆាំង​នឹង​មនុស្ស​ជាតិ​ និង​ជាប់​ពាក់​ព័ន្ធ​ នឹង​បទ​ឧក្រិដ្ឋ​កម្ម​សង្គ្រាម ​ឧក្រិដ្ឋ​កម្ម​ប្រល័យ​ពូជ​សាសន៍ ​និង​បទ​ឧក្រិដ្ឋ​កម្ម​មួយ​ចំនួន​ទៀត​ ដែលធ្វើ​ឲ្យ​ពលរដ្ឋ​ខ្មែ​រជាង​១​លាន​៧​សែន​នាក់​ស្លាប់​ ក្នុង​សម័យ ​ខ្មែរក្រហម​នៃរបប​កម្ពុជា​ប្រជាធិបតេយ្យ ​ចន្លោះ​ឆ្នាំ​១៩៧៥​ដល់​ឆ្នាំ​១៩៧៩៕

XS
SM
MD
LG