ជនសង្ស័យម្នាក់នៃសំណុំរឿងបន្ថែម០០៣គឺលោកមាស មុតបានថ្លែងថា លោកមិនអាចធ្វើតាមដីការបង្គាប់របស់សហចៅក្រមស៊ើបអង្កេតតុលាការខ្មែរក្រហមម្នាក់បានទេ ដោយសារនីតិវិធីតម្រូវឲ្យមានហត្ថលេខាពីរក្នុងការកោះហៅរូបលោកទៅកាន់តុលាការ។
សហចៅក្រមស៊ើបអង្កេតនៃសាលាក្តីខ្មែរក្រហមដែលចូលរួមដោយអ.ស.ប.គឺលោកម៉ាក ហាម៉ុនបានខកខានជាច្រើនលើកចាប់តាំងពីចុងឆ្នាំទៅ ដោយមិនធ្វើការចាប់ខ្លួន ឬកោះហៅជនសង្ស័យពីរនាក់គឺលោកមាស មុត និងអ្នកស្រីអ៊ឹម ចែម ជាជនសង្ស័យក្នុងសំណុំរឿង០០៣និង០០៤មកបំភ្លឺអំពីការស៊ើបអង្កេតរបស់លោក។ គេដឹងថា តាមការចោទប្រកាន់របស់សហព្រះរាជអាជ្ញាគឺថា ជនទាំងពីរមានការពាក់ព័ន្ធនឹងឧក្រិដ្ឋកម្ម ការកាប់សម្លាប់ពលរដ្ឋខ្មែរស្លូតត្រង់ជាច្រើននាក់ក្នុងទសវត្សរ៍១៩៧០។ ការខកខាននោះគឺសហចៅក្រមភាគីកម្ពុជាលោកយូ ប៊ុនឡេងមិនយល់ស្របនឹងចៅក្រមអន្តរជាតិគឺលោកម៉ាក ហាម៉ុន ហើយអាជ្ញាធរ និងជនជាប់ចោទមិនបានសហការ។ លោកម៉ាក ហាម៉ុនបានដាក់ពាក្យសុំលាឈប់ពីការងារនៅសប្តាហ៍នេះ ដោយលោកលើកបញ្ហាផ្ទាល់ខ្លួន តែការលាលែងនេះកើតឡើង ក្រោយពេលមិនមានកិច្ចសហការ ហើយរឿងក្តី ដែលរដ្ឋាភិបាលធ្លាប់បានរារាំងនេះ ត្រូវរាំងស្ទះដំណើរការនីតិវិធី។
ថ្លែងប្រាប់វីអូអេតាមទូរស័ព្ទកាលពីថ្ងៃព្រហស្បតិ៍ លោកមាស មុតបានអះអាងថា លោកមិនបានធ្វើតាមដីការតុលាការ ដោយសារតែមានហត្ថលេខាសហចៅក្រម តែម្នាក់ក្នុងចំណោមពីរនាក់។
លោកថ្លែងតាមខ្លឹមសារដើមថា៖
«រឿងហ្នឹងខុសច្បាប់ដែលចែងថា ត្រូវមានសហមេធាវី សហចៅក្រម សហព្រះ រាជអាជ្ញា»។
លោកមាស មុតបានបន្ថែមដែរថា លោកម៉ាក ហាម៉ុនបានធ្វើការកោះហៅលោកពីរលើក កាលពីឆ្នាំទៅម្តង និងកាលពីដើមខែមិថុនាម្តង។
«មែនទែនទៅ ខ្ញុំគ្មានគំនិតរត់ចោលស្រុកទេ។ បើចាំបាច់ថា ត្រូវមានទោស ត្រូវនិយាយគ្នាតាមផ្លូវច្បាប់»។
ច្បាប់របស់តុលាការចែងថា ទោះជាចៅក្រមមានការខ្វែងគំនិតគ្នាក្តី តែនីតិវិធីស៊ើបអង្កេតមិនអាចត្រូវរាំងស្ទះបានទេ ដែលមានន័យថា អាជ្ញាធរត្រូវតែអនុវត្តតាមដីការតុលាការក្នុងការចាប់ខ្លួន ឬនាំខ្លួនជនជាប់ចោទ។
ជនជាប់ចោទម្នាក់ទៀតគឺអ្នកស្រីអ៊ឹម ចែមធ្លាប់បានប្រាប់វីអូអេកាលពីដើម ឆ្នាំដែរថា លោកស្រីក៏មិនធ្វើតាមដីការតុលាការដែរ ដោយអ្នកស្រីអះអាងថា អ្នកស្រីគ្មានការពាក់ព័ន្ធនឹងបទចោទទេ។
លោកស្ទីវិន រ៉ែប (Stephen Rapp) ឯកអគ្គរដ្ឋទូតគោរចស.រ.អា.ទទួលបន្ទុកឧក្រិដ្ឋកម្មសង្គ្រាម បានចេញមុខបញ្ជាក់ចំៗថា រដ្ឋាភិបាលកម្ពុជាគ្មានឆន្ទៈក្នុងការចាប់ខ្លួនជនសង្ស័យពីរនាក់ ដែលជាអតីតកម្មាភិបាលខ្មែរក្រហម ដែលចៅក្រមបានចោទប្រកាន់នោះ ហើយបញ្ជូនមកកាន់តុលាការដើម្បីបំពេញនីតិវិធីច្បាប់។ លោកបានជំរុញឲ្យរដ្ឋាភិបាលកម្ពុជាចាប់ខ្លួនជនសង្ស័យតាមនីតិវិធី។ លោកថ្លែងយ៉ាងដូច្នេះ ដោយសារថា រយៈពេលពីរឆ្នាំជាង ហើយដែលអាជ្ញាធរកម្ពុជាមិនបានសហការក្នុងការចាប់ខ្លួនជនសង្ស័យក្នុងសំណុំរឿងខ្មែរក្រហម០០៣ និង០០៤ ដែលរដ្ឋាភិបាលលោកហ៊ុន សែនធ្លាប់បានរារាំងជាសាធារណៈ៕