Rose Gana Fomban Leke ដែលជាសាស្រ្តាចារ្យដើមកំណើតជនជាតិកាមេរូន (Cameroon) និងជាម្ចាស់ពានរង្វាន់ Kwame Nkrumah សម្រាប់អ្នកវិទ្យាសាស្រ្តស្រីដ៏ល្អបំផុតនៅអាហ្រ្វិក កំពុងធ្វើការស្រាវជ្រាវទៅលើជំងឺគ្រុនចាញ់ ដែលអង្គការសុខភាពពិភពលោកនិយាយថាជំងឺនេះនៅតែជាឃាតករលេខមួយនៅអាហ្រ្វិកជាពិសេសក្នុងចំណោមស្រ្តីមានផ្ទៃពោះ។ បញ្ញវ័ន្តរូបនោះបានបំពេញការងារ និងចុះផ្សាយឯកសារជាច្រើនអំពីជំងឺគ្រុនចាញ់ទៅលើគភ៌ ហើយបានរកឃើញអ្វីដែលថ្មីនៅក្នុងការផ្តល់តំហែទាំសុខភាពសម្រាប់ស្ត្រីមានផ្ទៃពោះដែលរងគ្រោះពីជំងឺគ្រុនចាញ់នេះ។
អ្នកស្រីវេជ្ជបណ្ឌិត Rose Gana FombaN Leke និយាយថា នៅពេលអ្នកស្រីនៅជាក្មេងស្រីរៀននៅអនុវិទ្យាល័យ អ្នកស្រីបានដឹងថាស្រ្តីមានផ្ទៃពោះជាច្រើនស្លាប់ដោយជំងឺគ្រុនចាញ់នៅក្នុងសហគមន៍ការមេរូនរបស់អ្នកស្រី ហើយអ្នកស្រីបានប្រកាន់ខ្ជាប់នូវឆន្ទៈថា នៅថ្ងៃណាមួយអ្នកស្រីនឹងជួយសង្រ្គោះជីវិតមនុស្សទូទៅឲ្យបាន។ កិច្ចខិតខំប្រឹងប្រែងរបស់អ្នកស្រីបានចេញជាផ្លែផ្កា នៅពេលដែលអ្នកស្រីទទួលបានមូលនិធិសម្រាប់ការស្រាវជ្រាវពីសាកលវិទ្យាល័យនៅស.រ.អា. បន្ទាប់ពីការព្យាយាមជិត១០០ដងរបស់អ្នកស្រី។
«ខ្ញុំបានទៅរកមើលកន្លែងដែលគេធ្វើការស្រាវជ្រាវអំពីករណីជំងឺគ្រុនចាញ់ ហើយខ្ញុំបានទៅសាកលវិទ្យាល័យ Illinois។ នៅពេលខ្ញុំត្រឡប់ទៅប្រទេសរបស់ខ្ញុំវិញ ខ្ញុំបានសរសេរពាក្យស្នើសុំមូលនិធិទៅកាន់ស.រ.អា។ ខ្ញុំបានសរសេរសម្រាប់ការប្រកួតប្រជែងដើម្បីទទួលបានមូលនិធិជាច្រើន ហើយចុងក្រោយខ្ញុំទទួលបានមូលនិធិគ្រប់គ្រាន់ដោយសហការជាមួយសាកលវិទ្យាល័យ Georgetown ដើម្បីបង្កើតកម្មវិធីមួយអំពីជំងឺគ្រុនចាញ់អំឡុងពេលមានផ្ទៃពោះ»។
វេជ្ជបណ្ឌិត Leke បានបង្កើតអង្គការក្រៅរដ្ឋាភិបាលមួយដែលហៅថា «សម្ព័ន្ធកាមេរូនប្រឆាំងជំងឺគ្រុនចាញ់» (Cameron Coalition Against Malaria) ដែលជាអង្គការមួយដែលអ្នកស្រីនិយាយថា គោលបំណងរបស់អង្គការនេះ គឺដើម្បីធ្វើការប្រយុទ្ធប្រឆាំងនឹងជំងឺគ្រុនចាញ់ និងដើម្បីផ្តល់សារដ៏មុតមាំទៅដល់ក្រុមអាជ្ញាធរឲ្យអនុម័តគោលនយោបាយសមស្រប ក៏ដូចជាការផ្លាស់ប្តូរឆ្ពោះទៅរកប្រទេសកាមេរូនគ្មានជំងឺគ្រុនចាញ់។ វេជ្ជបណ្ឌិតរូបនេះនិយាយថា ក្នុងនាមជាស្រ្តីម្នាក់ អ្នកស្រីមានការលំបាកក្នុងការបញ្ចុះបញ្ចូលអ្នកដែលស្ថិតនៅថ្នាក់លើ ដែលភាគច្រើនជាបុរស។
«អ្វីដែលខ្ញុំមិនចង់ទុកនៅក្នុងចិត្តរបស់ខ្ញុំគឺជា រឿងទាក់ទងនឹងភាពជាស្រ្តីភេទ ដោយសារខ្ញុំជាមនុស្សស្រីនៅទីនោះ។ ជួនកាល ខ្ញុំគ្រាន់តែចាត់ទុកខ្លួនខ្ញុំជាមនុស្សម្នាក់ដូចមនុស្សដទៃទៀតអញ្ចឹងដែរ ពួកយើងទាំងអស់គ្នាកំពុងបំពេញការងារ ហើយយើងទាំងអស់គ្នាកំពុងធ្វើដំណើរស្របតាមមាគ៌ានៃការងារនេះ។ ពីព្រោះខ្ញុំមានអារម្មណ៍ថា ជួនកាលប្រសិនបើយើងផ្តោតទៅលើរឿងភាពជាស្រ្តីភេទខ្លាំងពេក និងដោយសារតែភាពជាស្រ្តីភេទនេះហើយដែលពួកគេធ្វើមកលើរូបខ្ញុំបែបនេះ យើងនឹងមិនមានការរីកចម្រើនទៅមុខនោះទេ។ ខ្ញុំគិតថាវាជារឿងបន្ទាប់បន្សំ។ ខ្ញុំអង្គុយពិភាក្សាជាមួយមនុស្សប្រុស ពួកគេចែករំលែកគំនិតរបស់ពួកគេ ហើយខ្ញុំអាចពិភាក្សាជាមួយពួកគេនៅក្នុងកម្រិតដូចគ្នា»។
អ្នកស្រីវេជ្ជបណ្ឌិត Leke សព្វថ្ងៃជាម្ចាស់ពានរង្វាន់មួយចំនួនរួមមាន ពានរង្វាន់ Kwame Nkrumah Award ក្នុងឆ្នាំ២០១១ សម្រាប់អ្នកវិទ្យាសាស្រ្តស្រីឆ្នើមបំផុតនៅអាហ្រ្វិក។ ពានរង្វាន់នេះទទួលស្គាល់ការរួមចំណែករបស់អ្នកស្រីនៅក្នុងការស្រាវជ្រាវស្តីអំពីជំងឺគ្រុនចាញ់ និងការងាររបស់អ្នកស្រីប្រឆាំងនឹងជំងឺនេះ ជាពិសេសក្នុងចំណោមស្រ្តីមានផ្ទៃពោះ។ រដ្ឋមន្រ្តីនៃក្រសួងលើកកម្ពស់ស្រ្តីនិងគ្រួសាររបស់កាមេរូនលោកស្រី Marie Theres Abena Ondoua បានពណ៌នា អ្នកស្រីវេជ្ជបណ្ឌិត Lekeជាអ្នកកំណត់ល្បឿននៃបោះជំហានទៅមុខរបស់ស្ត្រីនៅកាមេរូន។
«អ្នកស្រីជា ស្រ្តីភេទពេញលក្ខណៈមួយរូប។ នៅពេលពួកគេពណ៌នាអ្វីដែលអ្នកស្រីបានធ្វើការសិក្សា អ្នកអាចនិយាយថា ស្រ្តីកាមេរូនអាចធ្វើរឿងហ្នឹងបាន។ ហេតុអ្វីបានជាមនុស្សស្រីមិនអាចសិក្សាបានវែងឆ្ងាយនៅក្នុងជំនាញមួយចំនួន។ វាគឺដោយសារតែពួកគេធ្លាប់គិតថាមនុស្សស្រីទាំងនោះគឺទុកសម្រាប់តែមនុស្សប្រុស។ អ្នកស្រីមានសមត្ថភាពគ្រប់គ្រាន់ ហើយអ្នកស្រីត្រូវបានលើកទឹកចិត្តឲ្យធ្វើបែបនេះ។ យើងលែងស្ថិតនៅក្នុងសម័យដែលពួកគេធ្លាប់និយាយថា វិទ្យាសាស្រ្តគឺសម្រាប់មនុស្សប្រុស ហើយអក្សរសាស្ត្រគឺសម្រាប់មនុស្សស្រី។ មនុស្សស្រីគួរតែដឹងថា ពួកគេអាចទៅគ្រប់ទីកន្លែង ហើយធ្វើអ្វីបានយ៉ាងច្រើនដូចមនុស្សប្រុសអញ្ចឹងដែរ»។
សង្គមកាមេរូននៅតែមានលក្ខណៈអភិរក្សខ្លាំងនៅពេលដែលនិយាយអំពីការលើកតំណែង និងការដឹកនាំដោយស្រ្តី។ នេះជាមូលហេតុដែលមនុស្សមួយចំនួននៅទីនេះចាត់ទុកលោកស្រីវេជ្ជបណ្ឌិត Leke ជា «មនុស្សប្រុស»។ អ្នកកាសែតឈ្មោះ Jessy Atogo ប្រាប់ខ្ញុំថា អ្នកស្រីមិនមានអារម្មណ៍ល្អទេនៅពេលគេគិតបែបនេះ។
«បុរសធ្លាប់បានមកទីនេះ ហើយពួកគេកំពុងតែទទួលបានជោគជ័យ។ ដូច្នេះ ប្រសិនបើស្រ្តីម្នាក់ធ្វើលើសពីអ្វីដែលសង្គមគិត នាងនឹងត្រូវគេចាត់ទុកជាបុរសជាមិនខាន។ ប៉ុន្តែវាមិនមែនអញ្ចឹងទេ ខ្ញុំមានន័យថាយើងអាចតវ៉ាអំពីបញ្ហានេះរហូតទាល់តែប្រទេសនេះយល់ស្រប ប៉ុន្តែនៅពេលស្រ្តីដាក់ចិត្តថាធ្វើអ្វីមួយ ពួកគេនឹងធ្វើវាជាមិនខាន។ ស្រ្តីត្រូវបានផ្តល់អំណាច និងផ្តល់នូវអ្វីដទៃទៀតពីព្រះជាម្ចាស់។ យើងគួរតែទទួលស្គាល់រឿងនេះ និងនិយាយថាខ្ញុំគឺជាខ្ញុំ ដែលបង្កើតឡើងដោយព្រះ។ អ្នកស្រីនឹងមិនត្រូវបានបំភ្លេចជារៀងរហូត»។
អ្នកស្រីវេជ្ជបណ្ឌិត Leke និយាយថា អ្នកស្រីមានជំនឿថា អ្វីដែលប្រសើរបំផុតសម្រាប់ស្រ្តីនៅប្រទេសរបស់អ្នកនៅមកដល់ជាក់ជាមិនខាន ប៉ុន្តែពួកគេមិនគួររងចាំតែអ្នកដទៃធ្វើអ្វីទាំងនោះឲ្យកើតឡើងទេ។
«ចូរកុំចុះចាញ់ និងប្តេជ្ញាខ្លួន ហើយកុំអង្គុយរងចាំ រដ្ឋាភិបាលមិនបានធ្វើដូចនេះទេ។ អ្នកដឹងនូវអ្វីដែលយើងកំពុងតែធ្វើសម្រាប់ខ្លួនយើងក្នុងជីវិតយើង។ ខ្ញុំប្រាប់ខ្លួនឯងថា ខ្ញុំត្រូវតែខំប្រឹងទៅមុខតទៅទៀត ហើយខ្ញុំគិតថា វាជាការងារលំបាកដ៏ច្រើន។ វាជាអ្វីដែលអ្នកហៅថា ជាការបេ្តជ្ញាចិត្ត។ នៅទីនោះ អ្នកពុះពារយ៉ាងខ្លាំង ហើយអ្នកបន្តធ្វើដូច្នេះរហូត ដោយមិនគិតពីថាមានបញ្ហាប្រឈមអ្វីនោះទេ។ អ្នកត្រូវតែទៅមុខ អ្នកមិនត្រូវឈប់នោះទេ»។
សាស្ត្រាចារ្យដែលមានវ័យ៦៨ឆ្នាំម្នាក់នេះនិយាយថា អ្នកស្រីនៅតែមានមហិច្ឆតាច្រើនទៀត ហើយនិងនៅតែស្តាប់បទចម្រៀងដែលមានចំណងជើងថា «ស្រ្តី» ដែលច្រៀងដោយ Juliana Kenyomozi សិល្បករដើមកំណើតអ៊ូហ្គង់ដា (Uganda) ដើម្បីជាការបំផុសគំនិត៕
ប្រែសម្រួលដោយ ប៊ុន ប៉េងហ៊ុយ