អ្នកជំងឺបេះដូងម្នាក់មកពីប្រទេសអូម៉ង់ ត្រូវបានបញ្ជាក់ថា ជាករណីនៃជំងឺផ្លូវដង្ហើមមជ្ឈឹមបូពារ ឬ MERS លើកដំបូងនៅក្នុងប្រទេសថៃ។
លោកវេជ្ជបណ្ឌិត Rajata Rajatanavin រដ្ឋមន្រ្តីសុខភាពសាធារណៈ បានប្រាប់សន្និសីទសារព័ត៌មានក្នុងទីក្រុងបាងកកថា៖ «ការធ្វើតេស្តនៅមន្ទីរពិសោធន៍២ យើង អាចបញ្ជាក់ថា យើងបានរកឃើញមេរោគ MERS នេះ»។
លោក Rajata និយាយទៀតថា អ្នកជំងឺនោះជាពាណិជ្ជករមកពីប្រទេសអូម៉ង់។ លោក និយាយថា បុរសដែលមានអាយុ៧៥ឆ្នាំរូបនោះ បានធ្វើដំណើរទៅកាន់ប្រទេសថៃដើម្បីព្យាបាលជំងឺបេះដូង។
ក្រុមមន្រ្តីបានប្រាប់ VOAថា វេជ្ជបណ្ឌិតម្នាក់នៅឯមន្ទីរពេទ្យអន្តរជាតិ Bumrungrad បានសង្ស័យថា បុរសនោះមានផ្ទុកមេរោគ MERS ពីព្រោះតែលោកមកពីបរទេស ហើយបានត្អូញត្អែពីផ្លូវដកដង្ហើម ហើយមានជំងឺគ្រុនក្តៅ។
យោងតាមលោក Thanarath Phalipat នាយកការិយាល័យជំងឺឆ្លងរបស់ក្រសួងសុខាភិបាលបានប្រាប់ឲ្យដឹងថា មនុស្ស៥៩នាក់ផ្សេងទៀត ត្រូវបានគេឃ្លាំមើលមេរោគនេះនៅឯមន្ទីរពេទ្យឬនៅផ្ទះដែលក្នុងនោះរួមមានអ្នកធ្វើដំណើរដែលបានអង្គុយនៅក្នុងកៅអី២ជួរខាងមុខឬខាងក្រោយបុរសជនជាតិអូម៉ង់ដែលបានធ្វើដំណើរតាមយន្តហោះទៅកាន់ទីក្រុងបាងកកនោះ។ ពួកបុគ្គលិកថែទាំងសុខភាព សណ្ឋាគារនិងអ្នកបើកបររថយន្តតាក់ស៊ីក៏ត្រូវបានគេឃ្លាំមមើលផងដែរ។
ក្រុមមន្រ្តីបានប្រាប់ VOA ថា សមាជិក៤នាក់របស់ក្រុមគ្រួសារបុរសជាតិអូម៉ង់ដែលបានធ្វើដំណើរជាមួយលោក ត្រូវបានគេដាក់ឲ្យនៅដាច់ដោយឡែកពីគេនៅក្នុងវិទ្យាស្ថានការពារជំងឺឆ្លង Bamrasnaradura ដែលនៅទីនោះអ្នកជំងឺម្នាក់ ត្រូវបានគេព្យាបាល ហើយមានសេចក្តីរាយការណ៍ថា លោកបានស្ថិតក្នុងស្ថានភាពនឹងនរនៅឯវិទ្យាស្ថាន Nonthaburi ភាគខាងជើងរាជធានីបាងកក៕