មេដឹកនាំគណបក្សជំទាស់និងគណបក្សគ្រប់គ្រងប្រទេសមានជំនួបដ៏កម្រមួយ ក្រោយគណបក្សទាំងពីរបានព្រមព្រៀងគ្នាបញ្ចប់វិបត្តិនយោបាយកើតចេញពីការបោះឆ្នោត។ ជំនួបនេះជាជំនួបធម្មតារវាងមេដឹកនាំទាំងពីរ។
មេដឹកនាំគណបក្សជំទាស់ គឺ លោក សម រង្ស៉ី បានជួបជាមួយលោក ជា ស៊ីម ប្រធានគណបក្សប្រជាជនកម្ពុជាដ៏កម្រមួយ កាលពីរសៀលថ្ងៃច័ន្ទ តែក្រុមមន្ត្រីចាត់ទុកថា នេះជាជំនួបធម្មតារវាងមេដឹកនាំទាំងពីរ។ នេះបើតាមការអះអាងរបស់លោកអេង ឆៃអ៊ាង មន្ត្រីជាន់ខ្ពស់នៃគណបក្សសង្គ្រោះជាតិ។
«ដូច្នេះការសម្តែងការគួរសម ហើយនឹងការសួរសុខទុក្ខរវាងមេដឹកនាំគណបក្ស មួយទៅមេដឹកនាំគណបក្សមួយទៀតគឺជារឿងធម្មតា ហើយរឿងនេះជាវប្បធម៌ ជាប្រពៃណីរបស់ខ្មែរយើង»។
លោកឆៃអ៊ាងបានអះអាងថា ក្នុងជំនួបនៅឯគេហដ្ឋានរបស់លោកជា ស៊ីមក្នុងរាជធានីភ្នំពេញនោះ មេដឹកនាំទាំងពីរមិនបានពិភាក្សាអំពីបញ្ហានយោបាយទេគឺគ្រាន់តែបានសួរសុខទុក្ខគ្នាទៅវិញទៅមកជាធម្មតាតែប៉ុណ្ណោះ។ លោកថា ការមិនពិភាក្សារឿងនយោបាយនេះគឺដោយសារលោកសម រង្ស៉ីបានជួបជាមួយលោកនាយករដ្ឋមន្ត្រីហ៊ុន សែន អនុប្រធានគណបក្សប្រជាជនអំពីបញ្ហានយោបាយនិងបញ្ហាចរចាគ្នារឿងកែទម្រង់បោះឆ្នោតនោះរួចហើយ ដែលកើតឡើងកាលពីដើមខែតុលាក្នុងសភា។
លោកជា ស៊ីមត្រូវគេដឹងថា មានជំងឺរ៉ាំរ៉ៃមួយចំនួន ហើយលោកមិនសូវចេញមុខញឹកញាប់ជាសាធារណៈជាច្រើនឆ្នាំមកហើយ។
លោកអេង ឆៃអ៊ាងបានបន្ថែមថា នេះជាជំនួបដំបូងក្នុងរយៈពេល៦ឆ្នាំរវាងមេដឹកនាំទាំងពីរ។
ជំនួបនេះកើតឡើងក្រោយពេលគណបក្សទាំងពីរបានចុះកិច្ចព្រមព្រៀងដើម្បីធ្វើការជាមួយគ្នាក្នុងសភានិងដោះស្រាយបញ្ហាជាតិធំៗ កែទម្រង់ប្រព័ន្ធបោះឆ្នោតជាដើម។
លោកជា ស៊ីម ជាប្រធានព្រឹទ្ធសភា ហើយបើតាមច្បាប់របស់ប្រទេសលោកក្លាយជាប្រមុខរដ្ឋស្តីទីម្តងម្កាល នៅពេលព្រះមហាក្សត្រអវត្តមាន។
លោកពុទ្ធា ហង្ស នាយកប្រតិបត្តិនៃអង្គការនិចហ្វិចដែលឃ្លាំមើលនយោបាយ បានអះអាងថា ជំនួបនេះជាការបង្ហាញឲ្យឃើញពីការផ្លាស់ប្តូរយុទ្ធសាស្ត្ររបស់មេដឹកនាំគណបក្សនយោបាយនិងជាជំនួបដ៏កម្រ។
«កន្លងមកគណបក្សទាំងពីរអត់ព្រមនិយាយអ្វីជារឿងល្អរបស់ភាគីម្ខាងទៀតទេ សូម្បីតែល្អមែនក៏អត់បាននិយាយផង។ ប៉ុន្តែក្រោយពីកិច្ចព្រមព្រៀងឃើញថា គណបក្សទាំងពីរមានការប្តូរយុទ្ធសាស្ត្រ ជាពិសេសគណបក្សសង្គ្រោះជាតិហ្នឹងតែម្តង។ យើងឃើញថា គាត់ព្យាយាមដោះស្រាយបញ្ហាតាមរបៀបការជួបជាមួយនឹងមេដឹកនាំកំពូលៗរបស់គណបក្សដែលកំពុងកាន់អំណាច»។
ជំនួបនេះកើតឡើងក្នុងដំណាក់កាលដែលគណបក្សទាំងពីរកំពុងចរចាគ្នាក្នុងគោលបំណងបញ្ចប់ច្បាប់បោះឆ្នោត ច្បាប់ជ្រើសរើសតំណាងរាស្ត្រនៅដំណាច់ឆ្នាំនេះ៕