ចាប់តាំងពីលោក Wanchalearm Satsaksit ត្រូវចាកចេញពីមាតុភូមិកំណើតក្នុងប្រទេសថៃ មករស់នៅប្រទេសកម្ពុជា ដើម្បីគេចចេញពីការធ្វើទុក្ខបុកម្នេញដោយរបបសឹកថៃ ដែលចូលកាន់អំណាចដោយរដ្ឋប្រហារឆ្នាំ២០១៤ លោកតែងរក្សាទំនាក់ទំនងជាប្រចាំជាមួយក្រុមគ្រួសារនៅខេត្តឧប្បលរាជធានី (Ubon Ratchathani) ជាពិសេសជាមួយបងស្រី គឺអ្នកស្រី Sitanun Satsaksit។
បងប្អូនបង្កើតទាំងពីរនាក់ផ្ដោះផ្ដងគ្នាតាមទូរស័ព្ទជារៀងរាល់ថ្ងៃ មួយថ្ងៃៗមិនដឹងជានិយាយទូរស័ព្ទប៉ុន្មានដងទេ ដែលសូម្បីតែអ្នកស្រី Sitanun ក៏មិនអាចរាប់បានផង។
តែខ្សែទូរស័ព្ទចុងក្រោយដែលអ្នកទាំងពីរនិយាយគ្នា នាថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២០ បានបញ្ចប់ដោយក្ដីតក់ស្លុត។
វេលាម៉ោងជាង៤រសៀលថ្ងៃនោះ ខណៈអ្នកទាំងពីរជជែកគ្នា ស្រាប់តែមានសំឡេងប្រតាយប្រតប់គ្នាលាន់ឮពីខាងលោក Wanchalearm ដែលលោកស្រែកដង្ហោយ«ដកដង្ហើមមិនរួចទេ! ដកដង្ហើមមិនរួចទេ!» ជាភាសាថៃ ហាក់ដូចជាមានអ្នកណាចាប់លោកទៅ។
ទូរស័ព្ទក៏ដាច់ត្រឹមនោះ។ អ្នកស្រី Sitanun ក៏ទាក់ទងប្អូនប្រុសលែងបាន។ លោក Wanchalearm ក៏បាត់ខ្លួនបាត់ដំណឹង ចាប់ពីពេលនោះមក។
ជាង៥ខែកន្លងមកហើយ ដំណឹងអំពីជោគវាសនាលោក Wanchalearm ក៏មិនមានតម្រុយ តែការតស៊ូផ្លូវច្បាប់ក្នុងតុលាការកម្ពុជា បាននាំអ្នកស្រី Sitanunមកកម្ពុជានៅដើមខែវិច្ឆិកានេះ ដើម្បីចូលខ្លួនបំភ្លឺនៅមុខលោកចៅក្រមស៊ើបសួរ ស៊ិន សុវណ្ណរ័ត្ន នៃសាលាដំបូងរាជធានីភ្នំពេញ។
ក្នុងបទសម្ភាសន៍ជាមួយ VOA ពីទីស្នាក់ធ្វើចត្តាឡីស័កមួយកន្លែងនៅរាជធានីភ្នំពេញ អ្នកស្រី Sitanun បានរៀបរាប់ថា៖
«ខ្ញុំចង់ស្វែងរកការពិតថាមានរឿងអ្វីកើតឡើងចំពោះប្អូនប្រុសរបស់ខ្ញុំគឺលោក Wanchalearm»។
អ្នកស្រី Sitanun បានធ្វើដំណើរមកដល់ភ្នំពេញជាមួយនឹងក្រុមពិគ្រោះយោបល់ផ្នែកច្បាប់ជនជាតិថៃចំនួនបីនាក់ កាលពីថ្ងៃទី១០ ខែវិច្ឆិកា ហើយត្រូវតម្រូវឱ្យធ្វើចត្តាឡីស័ករយៈពេលពីរសប្ដាហ៍ ស្របតាមវិធានរបស់អាជ្ញាធរកម្ពុជាប្រឆាំងនឹងការរីករាលដាលនៃជំងឺកូវីដ១៩។
ក្រុមគ្រួសារត្រកូល Satsaksit បានដាក់ពាក្យបណ្ដឹងមកកាន់សាលាដំបូងរាជធានីភ្នំពេញ កាលពីខែកក្កដា អំពីករណីចាប់ពង្រត់ និងបាត់ខ្លួននៃលោក Wanchalearm វ័យ៣៧ឆ្នាំ។
ក្នុងដីកាចុះថ្ងៃទី២៧ ខែតុលា ដែលVOAទទួលបាន លោកចៅក្រមស៊ើបសួរ ស៊ិន សុវណ្ណរ័ត្ន បានកោះហៅអ្នកស្រី Sitanun មកបំភ្លឺក្នុងដំណើររឿង«ចាប់ឃុំឃាំង និងបង្ខាំងខុសច្បាប់» និង«កាន់កាប់អាវុធដោយគ្មានការអនុញ្ញាត» ក្នុងករណីលោក Wanchalearm។ អ្នកស្រីត្រូវបង្ហាញខ្លួននៅសាលាដំបូងនៅថ្ងៃទី៨ ខែធ្នូ ខាងមុខនេះ។
អំពីការបំភ្លឺនៅចំពោះមុខចៅក្រមកម្ពុជានៅខែក្រោយ អ្នកស្រី Sitanun មានប្រសាសន៍ថា៖
«ខ្ញុំពិតជាមិនដឹងថាត្រូវរំពឹងអ្វីជាអ្វីនោះទេ»។
ប្រាំខែមកនេះ នគរបាលកម្ពុជាបានប្រកែកថាខ្លួនមិនអាចរកឃើញឡើយវត្តមានរបស់លោក Wanchalearm នៅកម្ពុជា គិតត្រឹមថ្ងៃទី៤ ខែមិថុនា នៃការបាត់ខ្លួន ដោយថាទិដ្ឋាការរបស់លោកបានផុតកំណត់តាំងពីថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៧ ហើយតាំងពីថ្ងៃនោះមក លោកក៏មិនបានស្នើសុំបន្តសុពលភាពទិដ្ឋាការរបស់លោកដែរ។
ស្ថានបេសកកម្មអចិន្ត្រៃយ៍កម្ពុជាប្រចាំអង្គការសហប្រជាជាតិនៅទីក្រុងហ្សឺណែវ បានផ្ញើរបាយការណ៍របស់ក្រសួងមហាផ្ទៃទៅឱ្យការិយាល័យឧត្តមស្នងការសិទ្ធិមនុស្សអង្គការសហប្រជាជាតិ កាលពីថ្ងៃទី១២ ខែសីហា ឆ្នាំ២០២០ ដោយលើកឡើងថាចាប់តាំងពីថ្ងៃទី១៩ ខែតុលា ឆ្នាំ២០១៥ មក ពុំមានឡើយកំណត់ត្រាដែលថាលោក Wanchalearm ប្រើប្រាស់លិខិតឆ្លងដែនថៃរបស់លោក ធ្វើដំណើរចាកចេញពីប្រទេសកម្ពុជា។
អាជ្ញាធរកម្ពុជាក៏មិនអាចបញ្ជាក់ផ្ទៀងផ្ទាត់អំពីការបាត់ខ្លួនរបស់លោក Wanchalearm ព្រមទាំងថាគ្មានឈ្មោះរូបលោករស់នៅក្នុងអគារខុនដូ Mekong Gardens ក្នុងខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញនោះដែរ។
ក្នុងបទសម្ភាសន៍ជាមួយVOA អ្នកស្រី Sitanun បានបញ្ជាក់ថា៖
«ក្រុមគ្រួសារយើងទាំងមូលបានដឹងថា គាត់(Wanchalearm) រស់នៅប្រទេសកម្ពុជាពេញមួយអំឡុងពេលនេះ»។
ខណៈអ្នកស្រីចោទប្រកាន់ដោយត្រង់ៗថា រដ្ឋអំណាចថៃជាអ្នកនៅពីក្រោយករណីចាប់ពង្រត់និងបាត់ខ្លួនរបស់លោក Wanchalearm អ្នកស្រី Sitanun ជាបងស្រីបានលើកឡើងថា នៅពេលការធ្វើចត្តាឡីស័កនៅកម្ពុជា ត្រូវបញ្ចប់ជាស្ថាពរ អ្នកស្រី និងក្រុមពិគ្រោះយោបល់ផ្លូវច្បាប់ នឹងចេញទៅរកភស្ដុតាងបន្ថែមដោយផ្ទាល់អំពីករណីបាត់ខ្លួនប្អូនប្រុសរបស់អ្នកស្រី។
ស្ថានទូតថៃមិនទាន់ឆ្លើយតបអ្វីនឹងសំណើរបស់VOA សុំសេចក្ដីអធិប្បាយ ឆ្លើយតបនឹងការលើកឡើងរបស់អ្នកស្រី Sitanun នៅឡើយទេ គិតត្រឹមល្ងាចថ្ងៃពុធនេះ។
លោក សំ ចំរើន មេធាវីការពារក្ដីឱ្យអ្នកស្រី Sitanun បានលើកឡើងថា តំណាងអយ្យការនៅសាលាដំបូងរាជធានី បានចោទប្រកាន់ទៅលើអញ្ញត្រជន ដែលគេមិនស្គាល់អត្តសញ្ញាណ និងភិនភាគ ទាក់ទិននឹងរឿងបាត់ខ្លួនរបស់លោក Wanchalearmនេះ។
«ដើមបណ្ដឹងយើងនេះ យើងអត់បានដាក់ចូលជាមួយសមត្ថកិច្ច[នគរបាល]ទេ យើងដាក់ចូលព្រះរាជអាជ្ញាតែម្ដង ហើយព្រះរាជអាជ្ញាគេចោទប្រកាន់លើអញ្ញត្រជនណាមួយ បានជាបញ្ជូនទៅឱ្យចៅក្រមស៊ើបហ្នឹងណា បានន័យថាព្រះរាជអាជ្ញាគេសម្រេចចោទប្រកាន់ហើយ បានដល់ចៅក្រមស៊ើប»។
លោក James Buchanan គ្រូឧទ្ទេសជំនាញនយោបាយថៃនៅសាកលវិទ្យាល័យ Mahidol ប្រទេសថៃ បានលើកឡើងថា លោកមិនមានក្ដីរំពឹងនោះទេ ថាការស៊ើបអង្កេតក្នុងតុលាការកម្ពុជា និងដោយអាជ្ញាធរកម្ពុជា អាចឈានទៅស្វះស្វែងរកបាននូវ«ការពិត»អំពីជោគវាសនារបស់លោក Wanchalearm។
អ្នកស្រាវជ្រាវរូបនេះបានប្រាប់ VOA តាមសារអ៊ីមែលយ៉ាងដូច្នេះថា៖
«កាយវិការនានាដែលខាងថៃ និងខាងកម្ពុជាធ្វើ ទាក់ទងនឹងការស៊ើបអង្កេតនេះ ទំនងបំផុត គ្រាន់តែជាឆាកល្ខោន ដែលគេសម្ដែង ដើម្បីស្ដារសង្គ្រោះមុខមាត់ និងធ្វើយ៉ាងណាឱ្យស្ងប់ស្ងាត់អស់ចិត្តពីសំណាក់អ្នកស្រី Sitanun និងក្រុមអ្នកច្បាប់ដែលកំពុងផ្ដល់ជំនួយទាំងនោះប៉ុណ្ណោះ»។
ការណ៍ដែលមានការចោទប្រកាន់លើអញ្ញត្រជន ដោយតុលាការកម្ពុជានេះ លោក Buchanan បានលើកឡើងថាជាតាក់ទិចមួយក្នុងរឿងនេះរបស់ភាគីកម្ពុជា ដើម្បីរំងាប់អារម្មណ៍របស់ត្រកូលSatsaksit ផង និងបញ្ចៀសភាពល្អក់កករជាមួយភាគីថៃផង។
លោក ខៀវ សុភ័គ រដ្ឋលេខាធិការក្រសួងមហាផ្ទៃ បានលើកឡើងថា រដ្ឋាភិបាលកម្ពុជាធ្វើកិច្ចការតាមនីតិវិធីក្នុងករណីលោក Wanchalearm ដោយមិនស្ថិតក្រោមសម្ពាធនយោបាយឬការទូតអ្វីនោះទេ។
«យើងនៅតែរក្សាជំហរដូចដដែលទេ គឺថារីករាយនឹងទទួលបានព័ត៌មានទាំងឡាយណាដែលពាក់ព័ន្ធទៅដល់ការស្វែងរកឱ្យឃើញនូវជនរងគ្រោះបាត់ខ្លួន Wanchalearm ហ្នឹង ព្រោះយើងមិនទាន់មានអ្វីតម្រុយអ្វីជាក់លាក់ក្នុងការតាមដានទេ។ និយាយរួម យើងបាត់ដានហើយ អ្វីៗដែលបានលើកឡើងក្នុងសង្គមហ្វេសប៊ុក ឬអីក៏ដោយ វាអត់មានអីជាការពិត»។
លោក ខៀវ សុភ័គ មិនផ្ដល់យោបល់អ្វីលើដំណើរការរបស់តុលាការដែលចាត់ការលើករណីលោក Wanchalearm នេះទេ។
«ហ្នឹងរឿងតុលាការទេក្មួយ ពូមិនបានដឹង ព្រោះពូមិនស្ថិតក្នុងសមត្ថកិច្ចយុត្តការណ៍របស់តុលាការទេ ក្មួយ ... អាស្រ័យទៅលើតុលាការ បើតុលាការលោកមានអ្វី យើងរីករាយធ្វើតាមហ្នឹងទៀត ក្មួយ»។
លោក Wanchalearm Satsaksit ជាសកម្មជននយោបាយដែលស្មោះស្ម័គ្រនឹងអតីតនាយករដ្ឋមន្ត្រីថៃលោក Thaksin Shinawatra ដែលបាត់បង់តំណែងក្នុងរដ្ឋប្រហារឆ្នាំ២០០៦។
រដ្ឋប្រហារឆ្នាំ២០១៤ដែលនាំឱ្យលោក Wanchalearm ភៀសខ្លួនចេញពីថៃ ដឹកនាំដោយ លោក Prayuth Chan-O-Cha ដែលគ្រានោះជាមេបញ្ជាការកងទ័ពជើងគោកភូមិន្ទថៃ។
មុនពេលបាត់ខ្លួន លោក Wanchalearm ដែលមានប្រជាប្រិយភាព និងសកម្មបំផុតលើបណ្ដាញសង្គម តែងបង្ហោះសារឡកឡឺយ ចំអកឱ្យលោក Prayuth។
ចុងក្រោយបំផុត នៅថ្ងៃទី១៣ ខែឧសភា មុនពេលបាត់ខ្លួន លោកចំអកឱ្យមន្ត្រីនគរបាលនៃរដ្ឋាភិបាលលោក Prayuth ដែលបានទៅឃ្លាំមើលផ្ទះកំណើតរបស់លោកនៅខេត្តឧប្បលរាជធានី។
អ្នកស្រី Sitanun ក៏បានលើកឡើងថា ប្អូនប្រុសរបស់អ្នកស្រី ធ្លាប់បានរអ៊ូរទាំអំពីការតាមដានពីសំណាក់ខ្សែបណ្ដាញនៃកងកម្លាំងសន្ដិសុខថៃ មុនពេលបាត់ខ្លួនផងដែរ។
សាក្សីក្បែរអគារខុនដូ Mekong Gardensក្នុងរាជធានីភ្នំពេញ បានប្រាប់VOAមួយថ្ងៃក្រោយពីមានការចាប់ខ្លួនលោក Wanchalearm ទៅថា សកម្មជនថៃរូបនេះ កំពុងអង្គុយរង់ចាំទិញប្រហិតចៀននៅមុខអគារខុនដូ មុននឹងមានបុរសមិនស្គាល់មុខមួយក្រុម ចូលមកក្រៀកចាប់លោកញាត់បញ្ចូលក្នុងរថយន្ត យកចេញទៅបាត់។
លោក Wanchalearm បានក្លាយជាសកម្មជនថៃចុងក្រោយបំផុត ដែលត្រូវបានរាយការណ៍ថា ត្រូវបានចាប់ពង្រត់ និងបាត់ខ្លួនទាក់ទិននឹងភាពសកម្មខាងនយោបាយ។
អង្គការឃ្លាំមើលសិទ្ធិមនុស្សHuman Rights Watch បានអះអាងថា មានសកម្មជនថៃ៩នាក់ហើយ រួមទាំងលោក Wanchalearm ផង ដែលបានបាត់ខ្លួននាប៉ុន្មានឆ្នាំចុងក្រោយនេះ៕