ភ្នំពេញ៖ ក្រុមមន្ត្រីឃ្លាំមើលការរំលោភសិទ្ឋិមនុស្សបានរកឃើញថាក្នុងរយៈពេលប្រាំបួនខែឆ្នាំ២០១២នេះសេរីភាពនៃការបញ្ចេញមតិនៅកម្ពុជាមានការធ្លាក់ចុះគួរឲ្យបារម្ភបើទោះបីត្រូវបានការពារដោយច្បាប់ជាតិ និងច្បាប់អន្តរជាតិក៏ដោយ។
ការធ្លាក់ចុះនៃសេរីភាពក្នុងការបញ្ចេញមតិនេះត្រូវបានមន្ត្រីអង្កការសង្គមស៊ីវិលទាំងនោះលើកយកចំណុចអវិជ្ជមានមួយចំនួនដែលបានកើតឡើងនៅកម្ពុជាក្នុងរយៈពេលកន្លងមកនេះដែលរួមមានការបាញ់សម្លាប់លោក ឈុត វុទ្ឋី មន្ត្រីការពារបរិស្ថានដ៏សកម្មមួយរូបកាលពីខែមេសានៅក្នុងខេត្តកោះកុង ការចាប់ខ្លួនលោកម៉ម សូណង់ដូ នាយកស្ថានីយវិទ្យុសម្បុកឃ្មុំនិងជាប្រធានសមាគមអ្នកប្រជាធិបតេយ្យដាក់ពន្ឋនាគារ ការចេញដិការកោះហៅលោក ចាន់ សាវ៉េតមន្ត្រីឃ្លាំមើលការរំលោភសិទ្ឋិមនុស្សរបស់អង្កការអាដហុកពាក់ព័ន្ឋនឹងការផ្តល់ជំនួយដល់ចារី និងលោករ៉ុង ឈុន ប្រធានសមាគមន៏គ្រូបង្រៀនឯករាជ្យកម្ពុជានិងចុងក្រោយគេការបាញ់សម្លាប់លោកហង្ស សេរីឧត្តម អ្នកកាសែតវរជនក្នុងខេត្តរតនៈគីរី។
លោកអ៊ូ វីរះ ប្រធានមជ្ឃមណ្ឌលសិទ្ឋិមនុស្សកម្ពុជាបានលើកឡើងនៅក្នុងកម្មវិធីកិច្ចពិភាក្សាតុមូលស្តីពី«សិទ្ឋិការពារសិទ្ឋិមនុស្សនិងសេរីភាពបញេ្ចញមតិ» ដែលត្រូវបានរៀបចំឡើងនៅថ្ងៃអង្គារ ទី១៨ ខែ កញ្ញា នេះថា វប្បធម៌នៃភាពភ័យខ្លាច និងនិទណ្ឌភាពនៅកម្ពុជាកំពុងតែរីករាលដាលយ៉ាងខ្លាំង។លោកបានបញ្ជាក់ថា គណបក្សប្រជាជនបានគ្រប់គ្រង និងគាបសង្កត់ប្រព័ន្ឋផ្សព្វផ្សាយភាគច្រើនថែមទាំងកំហិតការផ្តល់អាជ្ញាបណ្ណដល់បុគ្គលដែលមានទំនាក់ទំនងជាមួយរដ្ឋាភិបាលតែប៉ុណ្ណោះ។
«រាល់ថ្ងៃនេះយើងទទួលស្គាល់ថា វាមានបញ្ហាច្រើនហើយបញ្ហានេះបណ្តាលមកពីរបៀបគ្រប់គ្រងអត់ណែន និងដោយសារតុលាការជាស្ថាប័នមួយមិនទាន់មានប្រសិទ្ឋភាពទេ»។
ករណីបាញ់សម្លាប់លោក ឈុត វុទ្ឋី សកម្មជនការពារព្រៃឈើកាលពីប្រាំមួយខែកន្លងមកនេះរដ្ឋាភិបាលកម្ពុជាមិនទាន់រកឃើញឃាតករពិតប្រាកដទៅផ្តន្ទាទោសនៅឡើយទេបន្ទាប់ពីតុលាការបានកោះហៅមនុស្សប្រមាណប្រាំពីរនាក់មកសាកសួរ ហើយតុលាការគ្រោងនឹងបើកសវនាការជំនុំជម្រះនៅក្នុងខែតុលាខាងមុខនេះ។
លោកអំ សំអាតមន្ត្រីឃ្លាំមើលការរំលោភសិទ្ឋិមនុស្សរបស់អង្កការលីកាដូបាននិយាយថាឆ្នាំ២០១៣ខាងមុខកម្ពុជានិងរៀបចំការបោះឆ្នោតជាសកល។ដូច្នេះសិទ្ឋិសេរីភាពនិងការបញ្ចេញមិតិផ្សេងៗត្រូវបានរិតត្បិតដោយសារតែវាអាចពាក់ព័ន្ឋនិងការទាញយកសម្លេងឆ្នោតផងដែរ។
«អញ្ចឹងយើងគួរតែបង្ហាញនូវឆន្ទៈណាមួយដែលគិតថាកម្ពុជាជាប្រទេសដែលប្រកាន់លិទ្ឋិប្រជាធិបតេយ្យពិតបា្រកដ គោរពសិទ្ឋិមនុស្ស បើកសិទ្ឋិសេរីភាពបើសិទ្ឋិសេរីភាពនេះឲ្យបានទូលំទូលាយ។ពីព្រោះបើមិនអញ្ចឹងទេនិងមានការរិះគន់ជាបន្តទៀត»។
អ្នកស្រីទេព វន្នីដំណាងអ្នកភូមិបឹងកក់ដែលបានចូលរួមក្នុងកម្មវិធីតុមូលស្តីពីសិទ្ឋិមនុស្សបាននិយាយថាមានសម្មជនតវ៉ាដីធ្លីរបស់អ្នកភូមិបឹងកក់ចំនួន១៤នាក់ត្រូវបានអាជ្ញាធររដ្ឋាភិបាលចាប់ដាក់ពន្ឋនាគារ។ អ្នកស្រីបាននិយាយថានៅកម្ពុជាបច្ចុប្បន្នសិទ្ឋិសេរីភាពក្នុងការការពារដីធ្លីនិងផ្ទះសម្បែងរបស់ខ្លួនឯងមិនមានទេដោយសារតែអ្នកភូមិបឹងកក់ប្រៀបបីដូចជាបន្លានៅក្នុងបេះដូងថ្នាក់ដឹកនាំ។
«គេតែងតែប្រើប្រាស់ដូចជាប្រព័ន្ឋតុលាការមកគាបសង្កត់បំបិទសិទ្ឋិសេរីភាពក្នុងការបញ្ចេញមតិហើយគេបំភិតបំភ័យហើយបំបាក់ស្មារតីដើម្បីធ្វើយ៉ាងណាកុំឲ្យពួកយើងហ្នឹងចេះក្លាហានហ៊ានតវ៉ារឿងដីធ្លីនិងសិទ្ឋិរស់រានមានជីវិតរបស់យើងតែម្តង»។
លោកផៃ ស៊ីផានអ្នកនាំពាក្យនៃទីស្តីការគណៈរដ្ឋមន្ត្រីមានចា្រនចោលចំពោះការលើកឡើងនេះ។លោកបាននិយាយថាសេរីភាពបញ្ចេញមិតិមិនត្រូវធ្វើអ្វីឲ្យលើសពីសំណាញ់ច្បាប់នោះទេ។
«សេរីភាពបញ្ចេញមតិវាត្រូវវាស្ថិតនៅក្នុងរង្វង់ច្បាប់មួយ វាស្ថិតនៅក្នុងអ្វីដែលជាឥរិយាបទដើម្បីចូលរួមក្នុងកិច្ចការគោរពនូវអ្វីដែលជាវប្បធម៌ គោរពនូវគុណភាពរបស់សង្គមក៏ដូចជាការគោរពច្បាប់នេះឯង»។
លោកផៃ ស៊ីផានបានបញ្ជាក់ទៀតថាសេរីភាពនៃការបញ្ចេញមតិដោយយកចំនួនមនុស្សដែលត្រូវបានសម្លាប់ និងចំនួនមនុស្សដែលត្រូវបានជាប់ពន្ឋនាគារថាជាការធ្លាក់ចុះនៃសិទ្ឋិបញ្ចេញមតិគឺមិនត្រឹមត្រូវទេ៕