វ៉ាស៊ីនតោន៖ ក្រុមអ្នកឃ្លាំមើលក្នុងប្រទេសកម្ពុជាទទូចដល់រដ្ឋាភិបាលឲ្យពិចារណាចំពោះរបាយការណ៍សិទ្ធិមនុស្សរបស់មន្ត្រីអ.ស.ប.ជាជាងការបដិសេធភ្លាមៗ។
អ្នករាយការណ៍ពិសេសរបស់អ.ស.ប.ផ្នែកសិទ្ធិមនុស្សប្រចាំកម្ពុជា លោក ស៊ូយ៉ា ស៊ូបេឌីបានចេញរបាយការណ៍ចុងក្រោយមួយទាក់ទងនឹងស្ថានការណ៍សិទ្ធិមនុស្ស និងដំណើរការ
ប្រជាធិបតេយ្យ នីតិរដ្ឋនៅកម្ពុជាដោយចង់ឲ្យរដ្ឋាភិបាលកែទម្រង់នៅចំណុចមួយចំនួន។
របាយការណ៍នោះត្រូវបានច្រានចោល ហើយធ្វើឲ្យមានប្រតិកម្មពីក្រុមមន្ត្រីរដ្ឋាភិបាលកម្ពុជាភ្លាមៗថា ជារបាយការណ៍មិនឆ្លុះបញ្ចាំងពីស្ថានការណ៍ពិតជាក់ស្តែងទេ។ ក៏ប៉ុន្តែក្រុមមន្ត្រីសង្គមស៊ីវិលឯករាជ្យនិងអ្នកវិភាគឯករាជ្យនៅកម្ពុជានិយាយថា របាយការណ៍ចុងក្រោយរបស់លោក ស៊ូយ៉ា ស៊ូបេឌី ឆ្លុះបញ្ចាំងពីការណ៍ពិតជាក់ស្តែង ហើយទទូចឲ្យរដ្ឋាភិបាលពិចារណា។
របាយការណ៍កាលពីចុងខែសីហារបស់លោកស៊ូយ៉ា ស៊ូបេឌីបានបង្ហាញ ឲ្យឃើញពីការរំលោភសិទ្ធិមនុស្ស ការបណ្តេញចេញពីលំនៅដ្ឋាន ការរិតត្បិតសេរីភាពបញ្ចេញមតិ ប្រព័ន្ធបោះឆ្នោតមានបញ្ហាជាច្រើនដែលមិនអាចឲ្យអ្នកបោះឆ្នោតជឿទុកចិត្តបាន ដែលគួរកែទម្រង់។
លោកបណ្ឌិត ឡៅ ម៉ុងហៃ អ្នកវិភាគឯករាជ្យក្នុងប្រទេសកម្ពុជា បានអះអាងថា របាយការណ៍របស់លោក ស៊ូយ៉ា ស៊ូបេឌី គួរជារបាយការណ៍ពិតជាក់ស្តែងដែលរដ្ឋាភិបាលគួរពិចារណាកែទម្រង់។
«បើតាមខ្ញុំ មួយឆ្នាំ ពីរឆ្នាំនេះដែលខ្ញុំមកផ្ទាល់តាមដានព្រឹត្តិការណ៍ជាហូរហែរមក វាដូចជារបាយការណ៍នេះឆ្លុះបញ្ចាំងនូវស្ថានភាពជាក់ស្តែងនៅប្រទេសកម្ពុជាក្នុងវិស័យសិទ្ធិមនុស្ស នីតិរដ្ឋ ប្រជាធិបតេយ្យ ហើយនិងអ្វីដែលរបាយការណ៍ហ្នឹងផ្តោតអារម្មណ៍ គឺការបោះឆ្នោតនិងយន្តការស្ថាប័នរៀបចំការបោះឆ្នោត ហ្នឹងដែរ បាទ»។លោកបណ្ឌិត ឡៅ ម៉ុងហៃ
របាយការណ៍របស់មន្ត្រីអ.ស.ប.ដដែលបានអះអាងថា ប្រព័ន្ធបោះឆ្នោតនៅកម្ពុជាមានបញ្ហាឆ្គាំឆ្គងច្រើនផ្នែករដ្ឋបាលដែលមន្ត្រីរាជការមានសកម្មភាពសកម្មខាងនយោបាយ មានការបំភិតបំភ័យលើសកម្មជនគណៈបក្សនយោបាយ ការប្រើប្រាស់ទ្រព្យសម្បត្តិរដ្ឋដើម្បីចូលរួមប្រតិបត្តិការឃោសនា ឬសកម្មភាពនយោបាយ មានការប្រើប្រាស់ប្រព័ន្ធឃោសនាមិនស្មើភាព សមាជិកគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតមិនឯករាជ្យ និងសកម្មភាពផ្សេងៗទៀតដែលធ្វើឲ្យអ្នកបោះឆ្នោតបាត់ជំនឿ។ ដោយឡែកពាក់ព័ន្ធនឹងស្ថានការណ៍សិទ្ធិមនុស្ស របាយការណ៍លោកស៊ូបេឌីបាននិយាយពីការបង្ក្រាបដោយអំពើហិង្សានិងការខកខានរបស់រដ្ឋាភិបាលក្នុងការដោះស្រាយបញ្ហាដីធ្លីបូរីកីឡានិងតំបន់បឹងកក់ដែលលោកស៊ូបេឌីបានអះអាងថា ករណីបឹងកក់ជា«និមិត្តសញ្ញានៃការអស់សង្ឃឹម» ដែលថាសហគមន៍នានានៅទូទាំងប្រទេសប្រឈមមុខនៅក្នុងការដោះស្រាយទំនាស់ដីធ្លីរបស់ពួកគេ។ មួយវិញទៀត បញ្ហាបញ្ចេញមតិវិញ លោកស៊ូបេឌីបានអះអាងថា សេរីភាពនៃការបញ្ចេញមតិនៅតែជាក្តីបារម្ភដ៏សំខាន់។
លោកថ្លែងដូច្នេះដោយយោងថា ពលរដ្ឋជាច្រើនខ្លាចមិនហ៊ានបញ្ចេញមតិដោយសារខ្លាចត្រូវគេចាប់ខ្លួននិងឃុំខ្លួនក្រោមច្បាប់ក្រមព្រហ្មទណ្ឌស្តីពីការញុះញង់ និងបរិហារកេរ្តិ៍ព្រហ្មទណ្ឌ។ របាយការណ៍ដដែលបានបញ្ជាក់ទៀតថា ចាប់តាំងពីដើមឆ្នាំមក មន្ត្រីការពារសិទ្ធិមនុស្ស មន្ត្រីសង្គមស៊ីវិល អ្នកសារព័ត៌មានត្រូវរងការគម្រាមកំហែង បំភិតបំភ័យ ការបាញ់ប្រហារកម្មកររោងចក្រនៅខេត្តស្វាយរៀង ការបាញ់ប្រហារពលរដ្ឋនៅខេត្តក្រចេះស្លាប់និងរបួសដោយសារការតវ៉ារឿងដីធ្លី ការបាញ់សម្លាប់សកម្មជនឆ្នើមផ្នែកការពារធនធានធម្មជាតិគឺលោកឈុត វុទ្ធីនៅខេត្តកោះកុងជាដើម។
លោកអំ សំអាត ប្រធានក្រុមអ្នកស៊ើបអង្កេតអង្គការសិទ្ធិមនុស្សលីការដូគាំទ្ររបាយការណ៍របស់លោកស៊ូយ៉ា ស៊ូបេឌី ថាជារបាយការណ៍ដែលកើតចេញពីការបានទទួលនិងពិនិត្យឃើញនៅពេលលោកបានមកបំពេញទស្សនកិច្ចក្នុងប្រទេសកម្ពុជា ដែលលោកថា រដ្ឋាភិបាលគួរទទួលយកចំណុចនានាមកកែតម្រូវនិងពន្យល់ចំណុចខ្លះដែលរដ្ឋាភិបាលបានធ្វើដោយជៀសវាងការបដិសេធជាទម្លាប់នោះ។
«រាជរដ្ឋាភិបាល លោកគួរតែពិនិត្យហើយពិចារណា ហើយគិតថាអ្វីដែលយើងបានធ្វើគឺយើងឆ្លើយតបថា យើងបានធ្វើអ្វីដែលយើងខ្វះចន្លោះគឺយើងនឹងខិតខំបំពេញបន្ថែមដើម្បីឲ្យប្រទេសកម្ពុជាយើងនឹងក្លាយទៅជាប្រទេសដែលប្រកាន់លទ្ធិប្រជាធិបតេយ្យ មាននីតិរដ្ឋនិងការគោរពសិទ្ធិមនុស្សដ៏ត្រឹមត្រូវមួយនោះបាទ»។
លោកសំអាតបន្ថែមថា ការត្រួតពិនិត្យមើលមុនការបដិសេធគឺជារឿងមួយដែលគេអាចមើលឃើញថា កម្ពុជាមានឆន្ទៈចំពោះការគោរពសិទ្ធិមនុស្ស ការលើកស្ទួយសិទ្ធិមនុស្សក្នុងប្រទេសកម្ពុជា។ បើពុំដូច្នោះទេលោកថា រឿងដែលខ្វះចន្លោះនានានឹងលែងកែប្រែបាន។
លោក ផៃ ស៊ីផាន អ្នកនាំពាក្យរបស់រដ្ឋាភិបាលនិងជារដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្ត្រីកម្ពុជា បានថ្លែងការពារជំហររដ្ឋាភិបាល ដោយអះអាងថារបាយការណ៍របស់លោកស៊ូបេឌី ជារបាយការណ៍មិនសមរម្យតាមស្ថានការណ៍កម្ពុជាទេ។
«អ្វីដែលលោកស៊ូបេឌីលោកមើលឃើញហ្នឹងគឺជាអ្វីនៅក្នុងតម្លៃសកលទេតែវាមិនអាចយកតម្លៃសកលយកមកអនុវត្តនៅលើអ្វីដែលកម្ពុជាត្រូវតែធ្វើបានទាំងអស់នោះឡើយ។ យើងមើលទៅតើនៅក្នុងឆ្នាំណាដែលរដ្ឋធម្មនុញ្ញស.រ.អា.បានសរសេរ ហើយ១០០ឆ្នាំក្រោយមកទើបបាននារីមានសិទ្ធិទៅចូលរួមការបោះឆ្នោត។ ដូច្នេះអ្វីៗវាទាមទារនូវសមត្ថភាព លទ្ធភាពនិងពេលវេលា»។
លោកផៃ ស៊ីផានអះអាងបន្ថែមថា រាជរដ្ឋាភិបាលកម្ពុជាមានអទិភាពរបស់ខ្លួនច្រើនក្នុងការបំពេញទៅមុខ តែការធ្វើកិច្ចការបានគឺអាស្រ័យទៅលើលទ្ធភាព និងវប្បធម៌របស់ខ្លួន។ នេះជារឿងសំខាន់។
លោក ស៊ួន ប៊ុនស័ក្តិ នាយកលេខាធិការដ្ឋានអង្គការប្រព្រឹត្តិកម្មដែលមានអង្គការសមាគម២០ជាសមាជិក បានអះអាងថា រាជរដ្ឋាភិបាលមានសិទ្ធិនឹងធ្វើប្រតិកម្មលើការចោទប្រកាន់នានា។
«អញ្ចឹងអ្វីដែលគេរកឃើញគឺខ្ញុំយល់ថា វាឆ្លុះបញ្ចាំងនូវការណ៍ពិតច្រើនដែរ។ មែនទែនទៅសម្រាប់ប្រទេសកម្ពុជាយើង ខាងរដ្ឋាភិបាលក្នុងឋានៈជាអ្នកដឹកនាំកិច្ចការរដ្ឋ ដែលគ្រប់គ្រងស្រុកទេសហ្នឹងគឺគេមានសិទ្ធិឆ្លើយបដិសេធ ឆ្លើយបំភ្លឺពីជំហររបស់គេផងដែរ»។
ទោះជាយ៉ាងណាក៏ដោយ លោកបណ្ឌិត ឡៅ ម៉ុងហៃបានអធិប្បាយថាការមិនទទួលស្គាល់របស់រដ្ឋាភិបាលជារឿងធម្មតាដើម្បីការពារអ្វីដែលរដ្ឋាភិបាលបានធ្វើកន្លងមកថា ជារឿងគ្រប់គ្រាន់។
«ខាងរដ្ឋាភិបាលគឺប្រកាន់យកថា អ្វីៗដែលបានធ្វើ ហើយបានរៀបចំហ្នឹង វាត្រឹមត្រូវតាមលក្ខណៈប្រជាធិបតេយ្យ គោរពសិទ្ធិមនុស្សដឹកនាំដោយនីតិរដ្ឋហ្នឹងឯង។ ក៏ប៉ុន្តែការណ៍ពិតជាក់ស្តែងមិនអញ្ចឹងទេ។ រួចតែដល់ពេលមានការចង្អុលបង្ហាញនូវកង្វះខាតនៅឡើយនោះគឺចេះតែមានប្រតិកម្ម»។
លោកបណ្ឌិតឡៅ ម៉ុងហៃបានកត់សម្គាល់ថា ប្រតិកម្មរបស់រដ្ឋាភិបាលលើ លោក ស៊ូយ៉ា ស៊ូបេឌី ពេលនេះមិនធ្ងន់ធ្ងរដូចមុនៗទេ។ លោកសំដៅទៅលើការវាយប្រហាររបស់មេដឹកនាំកម្ពុជាគឺលោកនាយករដ្ឋមន្ត្រី ហ៊ុន សែនដែលធ្លាប់បានបរិហាររិះគន់ធ្ងន់ៗលើលោក យ៉ះ ហ្កៃ អតីតៈតំណាងពិសេសអ.ស.ប.ទទួលបន្ទុកសិទ្ធិមនុស្សនៅកម្ពុជាកាលពីឆ្នាំ២០០៦ ដែលលើកឡើងស្រដៀងគ្នានឹងលោក ស៊ូយ៉ា ស៊ូបេឌី ដែរអំពីស្ថានការណ៍សិទ្ធិ មនុស្សអន់ថយក្នុងប្រទេសកម្ពុជា៕