ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ពលរដ្ឋ​នៅ​ទំនប់​៩៤ ទាមទារ​ឱ្យ​ក្រុមហ៊ុន OCIC ស្ដារ​ប្រឡាយ​ឡើង​វិញ​ដើម្បី​បញ្ចៀស​ហានិភ័យ​ផ្សេងៗ​លើ​លំនៅឋាន


ប្រជាពលរដ្ឋរស់នៅក្នុងស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល លើករូបថតដែលពួកគេថាក្រុមហ៊ុន OCIC ចាក់ដីលុបប្រឡាយទំនប់៩៤ នៅក្នុងទីធ្លាសាលាខេត្តកណ្តាល កាលពីថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៤។ (លាស់ លីបលីប/វីអូអេ)
ប្រជាពលរដ្ឋរស់នៅក្នុងស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល លើករូបថតដែលពួកគេថាក្រុមហ៊ុន OCIC ចាក់ដីលុបប្រឡាយទំនប់៩៤ នៅក្នុងទីធ្លាសាលាខេត្តកណ្តាល កាលពីថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៤។ (លាស់ លីបលីប/វីអូអេ)

ការ​តវ៉ា​នៅ​តំបន់​ដែលមាន​គម្រោងសាងសង់​ព្រលានយន្ត​ហោះ​អន្តរជាតិ​ភ្នំពេញ​ថ្មី​ បាន​កើត​ឡើង​សាជាថ្មី​ទៀត​កាល​ពីព្រឹកថ្ងៃ​ពុធ ​ដោយ​ប្រជាពលរដ្ឋ​ប្រមាណ ១០០​នាក់​ បាន​ដាក់ញត្តិនៅ​សាលា​ខេត្ត​កណ្តាល ​ដើម្បី​ទាមទារឱ្យក្រុមហ៊ុន OCIC ​បញ្ឈប់​ការ​ចាក់​ដីលុប​ប្រឡាយ​ដែល​បង្ក​ការរំខាន​ដល់​ការ​រស់​នៅ ​ឬអាច​បង្កការ​ខូច​ខាត​ផ្ទះសម្បែង​របស់​ពួកគេក្នុងរដូវ​វស្សា​។ ​

អ្នកស្រី ចាន់ សុភ័ណ្ឌ ​អាយុ៤២ឆ្នាំ រស់នៅ​ក្នុងភូមិអំពៅ​ព្រៃ ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល​ ​រយៈ​ពេល​២៣ឆ្នាំមកនេះ ប្រាប់​វីអូអេ​នៅថ្ងៃពុធ​នេះថា ​ប្រជា​ពលរដ្ឋ​ស្នើ​ឱ្យ​ក្រុមហ៊ុន​សាង​សង់​ព្រលាន​យន្ត​ហោះ​អន្តរ​ជាតិ​ភ្នំពេញ​ថ្មី គឺ​ក្រុមហ៊ុន OCIC កាយយកដី​ចេញ​ពី​ប្រឡាយ​ត្រង់​ទំនប់​៩៤ ​នេះ​វិញ ដោយ​សារ​តែ​ពលរដ្ឋ​ប្រមាណ ​៦០០​គ្រួសារ ភ័យ​ខ្លាច​ពេល​ទឹក​ឡើង​ខ្លាំង​នា​ខែវ​ស្សា​ ផ្ទះ​របស់​ពួក​គេ​អាច​នឹង​រង​ការ​ខូច​ខាត។ ​

អ្នកស្រីថ្លែង​ថា៖ ​«វា​ពិបាក​ទុក្ខ​វេទនា រឿង​ក្មេង​ ចាស់ជរា ​ពេលខែ​ទឹកឡើង ទឹកជំនន់ មានគ្រោះភ័យ ​ហូរ​ម៉េច​ទាន់ ព្រោះ​ឆ្នាំ​ទៅ ​ផ្ទះ​៣ [ឬ]​៤ ហូរ​ទៅ​តាម​ទឹក​អស់​ហើយ​»។ ​

អ្នកស្រី​បន្ថែម​ថា​ តំណាង​ក្រុមហ៊ុន ​OCIC ​សន្យា​ថា​ ផ្តល់​សំណង​ឱ្យ​ពលរដ្ឋ​ចំនួន​១​ពាន់​ដុល្លារ​អាមេរិក​ដើម្បី​រើផ្ទះ​ពី​ទីតាំង​ចាស់ទៅ​ទីតាំង​ថ្មី​ ប៉ុន្តែ​ពលរដ្ឋ​ថា​មិន​អាច​ទទួល​យក​បានទេ​។ ​

អ្នកស្រីរៀបរាប់​ថា៖ ​«ហើយ​មាន​ប៉ះពាល់ផ្ទះ​៣ ឬ៤​ផ្ទះនេះ ថាធ្វើ​ស្ពាន​ប៉ាឡេ ហើយ​ឱ្យមួយ​ផ្ទះ ១ពាន់​[ដុល្លារ​] ហើយ​យក ១​ពាន់​ហ្នឹង យក​ទៅធ្វើអី​? ហើយ​គាត់​ថា​ឱ្យ​ទៅ​នៅ​ដីមុខ​វត្ត​បណ្តោះ​អាសន្ន​សិន​។ បណ្តោះ​អាសន្ន សុទ្ធតែ​ដី​គេ​ហ្នឹង​។ ​ថ្ងៃក្រោយ​គាត់​ដេញ​យើង​ដដែល​ហ្នឹង ​ហើយ​យើង​មានអីជា​ទីជម្រក»។ ​

ពលរដ្ឋម្នាក់​ទៀត ​អ្នកស្រី ​ស៊ិន ធារ៉ា​ អាយុ​៥១​ឆ្នាំ ក៏​សំណូម​ពរ​ឱ្យ​ក្រុមហ៊ុន ​OCIC ​កាយ​ដីដែល​ក្រុម​ហ៊ុន​ចាក់​នោះ ​យកចេញពី​ប្រឡាយឱ្យអស់វិញផងដែរ​ និង​ត្រូវ​ស្តារប្រឡាយ​ឱ្យមាន​ទំហំ​ដូច​ដើម​ដើម្បី​ធានា​សុវត្ថិភាពរស់​នៅ​របស់​ពលរដ្ឋ​។

អ្នកស្រី​ប្រាប់វីអូអេ​ថា៖ ​«ប្រជាជន​សូមសំណូមពរថា ​ឱ្យកាយ​ប្រឡាយ​ហ្នឹងឡើង វិញមក ដីរបស់​លោកត្រឹម​ប៉ុន្មាន យកត្រឹមហ្នឹងចុះ ប្រជាជន​អត់មាន​ទំនាស់​ដែរ​ អត់​មាន​ទាស់​ទេ តែសុំ​ឱ្យ​កាយ​ទំនប់​ហ្នឹង​ឡើង​មកវិញ​ កាយ​ដី​ហ្នឹង ធ្វើ​ជាប្រឡោះអូរ​វិញ​ឱ្យ​បាន»។

ទីតាំងវិវាទរវាងពលរដ្ឋនិងក្រុមហ៊ុនសាងសងព្រលាន OCIC ចាក់ដី នៅត្រង់ទំនប់៩៤ ក្នុងស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល ថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៤។ (លាស់ លីបលីប/វីអូអេ)
ទីតាំងវិវាទរវាងពលរដ្ឋនិងក្រុមហ៊ុនសាងសងព្រលាន OCIC ចាក់ដី នៅត្រង់ទំនប់៩៤ ក្នុងស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល ថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៤។ (លាស់ លីបលីប/វីអូអេ)
លោក ជីវ កុកសាយ តំណាងក្រុមហ៊ុន OCIC ផ្តល់បទសម្ភាសន៍ដល់វីអូអេនៅត្រង់ទំនប់៩៤ ក្នុងស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល កាលពីថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៤។ (លាស់ លីបលីប/វីអូអេ)
លោក ជីវ កុកសាយ តំណាងក្រុមហ៊ុន OCIC ផ្តល់បទសម្ភាសន៍ដល់វីអូអេនៅត្រង់ទំនប់៩៤ ក្នុងស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល កាលពីថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៤។ (លាស់ លីបលីប/វីអូអេ)

បើតាម​ញត្តិ​ដាក់​ទៅកាន់​សាលា​ខេត្តកណ្តាល ​នៅ​ថ្ងៃពុធនេះ ប្រជាពលរដ្ឋ​បាន​ស្នើសុំ​លោក​ គង់​ សោភ័ណ្ឌ​ អភិបាល​ខេត្តកណ្តាល ​ជួយ​អន្តរាគមន៍​ចំពោះ​គម្រោង​របស់​ក្រុមហ៊ុន​ព្រលាន​យន្ត​ហោះ​អន្តរជាតិ​ភ្នំពេញ​ថ្មី ដើម្បី​កាយ​អាចម៍ដី ឬ​ជីក​ដីចេញ ពី​ប្រឡាយ​ឡើយវិញ​ ក្រោយពី​ខាង​ក្រុម​ហ៊ុន​នេះ​បាន​ចាក់​ដី​បំពេញ​លុប​ប្រឡាយ​។

ប៉ុន្តែ​តំណាង​ក្រុមហ៊ុន ​OCIC គឺ​លោក ជីវ កុក​សាយ ​ប្រាប់​វីអូអេថា ភាគី​ក្រុមហ៊ុន​បាន​ហៅ​អ្នក​បច្ចេក​ទេស​ម​ក​សិក្សារកដំណោះ​ស្រាយ​ជុំវិញ​ករណី​នេះ ​និង​ថា​ការ​ចាក់ដី​នេះ ​គឺ​ចាក់ត្រឹម​ព្រំដីក្រុម​ហ៊ុន​ដែល​មាន​ប្លង់​រឹង​។

លោក​ប្រាប់វីអូអេ នៅ​ត្រង់​ចំណុច​ដី​ ដែល​ពលរដ្ឋ​កំពុង​ទាមទារ​នោះ​ថា​៖ «យើង​ចាក់​តែ​លើដីកម្មសិទ្ធិ​ប្លង់រឹងទេ​។ យើងអត់​មានចាក់ចូលដីប្រឡាយ​អីទេ។ សូមបញ្ជាក់ អ៊ីចឹង និយាយ​តែការពិត»។

បើតាម​លោក ជីវ កុកសាយ ​ក្រុមហ៊ុនក៏​បាន​រៀប​ចំដី​បណ្តោះ​អាសន្ន​ឱ្យ​ពលរដ្ឋ​ទៅរស់​នៅ​ក្បែរ​តំបន់​នោះដែល​នៅមុខវត្ត​ ​និង​ផ្តល់​លុយ​ចំនួន​ ១​ពាន់​ដុល្លារ​ក្នុង​មួយ​ផ្ទះ​ ដើម្បី​ឱ្យ​ពលរដ្ឋរុះរើ​ផ្ទះពី​ទីតាំង​ចាស់​ទៅ​ទីតាំងថ្មី​។​

វីអូអេ​មិន​ទាន់អាច​សុំការ​អត្ថាធិប្បាយពីអភិបាល​ខេត្ត​កណ្តាល លោក គង់ សោភ័ណ្ឌ បាននៅ​ឡើយ​ទេ។

ទោះយ៉ាង​ណា អភិបាល​ស្រុកកណ្តាលស្ទឹង លោក អ៊ូច សៅវឿន ប្រាប់វីអូអេ​នៅថ្ងៃពុធ​នេះថា ​កាល​ពីថ្ងៃ​អង្គារ​អាជ្ញាធរ​បាន​ហៅ​ភាគី​ប្រជាពលរដ្ឋ និង​ភាគីក្រុមហ៊ុនមក​ពិនិត្យ​មើល​គម្រោង​បញ្ចៀស​មុខ​ទឹក ត្រង់ទំនប់៩៤ នេះ​ ​ដោយ​ឃើញ​ថាប៉ះ​ផ្ទះ​ប្រជាពលរដ្ឋ​ប្រមាណ ​៤​ខ្នង។ លោក​បន្ថែមថា ​គោល​ការណ៍ ​ដែល​បាន​ពិភាក្សា​គ្នា​នោះ ​គឺ​អនុញ្ញាត​ឱ្យ​ពលរដ្ឋ​ដែល​រងផល​ប៉ះពាល់ទៅរស់​នៅ​ទីតាំង​បណ្តោះ​អាសន្ន​ ​ដែល​នៅជិត​នោះ​។

លោកថ្លែង​ថា៖ ​«ម្សិលម៉ិញ ​អញ្ជើញខាង​តំណាង​គាត់មកហើយ​ ដើម្បីរៀបចំធ្វើ​ បញ្ចៀស​មុខទឹក​។​ហើយ​ខាង​បងប្អូនក៏​បាន​មកជួបជុំគ្នា ដើម្បី​ពិនិត្យគម្រោង​បញ្ចៀស​មុខ​ទឹក​ហ្នឹង ដើម្បី​កុំឱ្យប៉ះ​ពាល់ជាមួយហ្នឹង​ខ្នង​ផ្ទះ ពី​ខាង​លិច​ទំនប់​ហ្នឹង។ ​ហើយ​ជា​គោលការណ៍​យើង​ត្រូវធ្វើស្ពាន​មួយ​ឆ្លង​ទំនប់​៩៤ ប្រវែង​ប្រមាណ ​២០ម៉ែត្រ​ ដើម្បី យកទឹកទៅ​ជំនារ​បែកខាងកើត​របស់ទំនប់ ដើម្បីដោះបញ្ហា​ផ្ទះនៅ​ខាង​លិច​ទំនប់​»។

ជុំវិញ​ការ​បន្ត​តវ៉ា​របស់​ពលរដ្ឋ​ដែល​នៅទាមទារ​ឱ្យក្រុមហ៊ុន​កាយដី​ចេញពី​ប្រឡាយ​វិញនោះ​ អភិបាល​ស្រុកកណ្តាលស្ទឹង​រូបនេះ​ថា​ អាជ្ញាធរ​នឹង​បន្ត​ដោះ​ស្រាយ​ រវាងពលរដ្ឋ និង​ក្រុមហ៊ុន OCIC​ បន្ថែម​ទៀត​។

គួរបញ្ជាក់ថា កាល​ពី​ឆ្នាំ ​២០១៨​ រដ្ឋាភិបាល​កម្ពុជា​បាន​អនុម័ត​យល់ព្រម​លើ​ផែន​ការ​សាង​សង់​ព្រលាន​យន្តហោះ​ថ្មីឱ្យ​ក្រុមហ៊ុន​វិនិយោគ​អាកាសយានដ្ឋាន​កម្ពុជា សម្រាប់គម្រោងសាងសង់​ព្រលាន​យន្ត​ហោះថ្មី ដែល​ជាគម្រោងរួម​របស់​ក្រុមហ៊ុនសាជីវកម្ម​វិនិយោគ​ក្រៅប្រទេស​កម្ពុជា ហៅកាត់​ថា ​(OCIC) និង​រដ្ឋ​លេខា​ធិការដ្ឋាន​អាកាសចរ ស៊ីវិល​។

ការ​សាង​សង់​ព្រលាន​យន្តហោះ​អន្តរជាតិ​ភ្នំពេញ​ថ្មីនេះ ឬហៅម្យ៉ាង​ទៀត​ថា​ ​អាកាស​យាន​ដ្ឋាន​អន្តរជាតិ​តេជោតា​ខ្មៅ​ថ្មី​ ត្រូវ​ការទឹក​ប្រាក់​ប្រមាណ ​១.៥០០​លាន​ដុល្លារ​អាមេរិក ហើយ​ត្រូវ​ប្រើ​ប្រាស់​ដី​ទំហំ​ ២.៦០០​ហិកតា​ ដោយផ្នែក​ខ្លះ​ស្ថិត​នៅខេត្ត​កណ្តាល និងខ្លះ​ទៀត​ស្ថិតនៅ​ខេត្តតាកែវ​។ ដំណើរ​ការ​សាង​សង់​ព្រលាន​យន្តហោះថ្មី​នេះ​បាន​ប្រឈម​នឹង​ការ​តវ៉ា​របស់​ប្រជាពល​រដ្ឋ​នៅស្រុក​កណ្តាល​ស្ទឹង​ខេត្តកណ្តាល ពាក់​ព័ន្ធការ​រំលោទសិទ្ធិដីធ្លី​ ឬ​ផ្តល់​សំណង​ខូច​ខាត​តិច​តួច​ចំពោះ​តម្លៃ​ដី​ ដែល​មិន​ទាន់​ដោះ​ស្រាយ​នៅឡើយ​ ហើយ​និង​ផល​រំខាន​មួយចំនួន​ទៀត​ ដូច​ជា​ការចាក់​ដី​លុប​ប្រឡាយ​នៅ​ទំនប់​៩៤ ​នេះ​ជាដើម​៕

វេទិកា​បញ្ចេញ​មតិ

XS
SM
MD
LG