ការកាត់ទោសអ្នកថតភាពយន្តឯកសារអូស្ត្រាលី James Ricketson ក្នុងបទចោទចារកម្ម បានបញ្ចប់នៅថ្ងៃពុធនេះ ១៤ខែក្រោយលោកត្រូវបានចាប់ខ្លួន។
ព្រះរាជអាជ្ញា សៀង សុខ បានចាប់ផ្តើមការជជែកដេញដោលបញ្ចប់ការកាត់ទោសនេះ ដោយផ្តោតទៅលើខ្សែភាពយន្តឯកសាររបស់លោក Ricketson ដែលរៀបរាប់លម្អិតអំពីជីវភាពលំបាកតោកយ៉ាករបស់កុមារកម្ពុជាដែលរស់នៅតាមផ្លូវ។ លោក សៀង សុខ បានថ្លែងថា ខ្សែភាពយន្តឯកសារនេះធ្វើឲ្យមនុស្សស្អប់ប្រទេសកម្ពុជា ហើយថា លោក Ricketson ក្រោយមកបានប្រមូលប្រាក់ពីការលក់ខ្សែភាពយន្តឯកសារនេះ។ ដូច្នេះលោក សៀង សុខ សន្មត់ថាលោក Ricketson ជាចារបុរស។ លោក Ricketson ជាប់ចោទក្នុងបទប្រមូលព័ត៌មានដែលអាចប៉ះពាល់ដល់កិច្ចការការពារប្រទេសរបស់កម្ពុជា ដែលអាចនាំឲ្យមានទោសជាប់ពន្ធនាគារពី ៥ដល់១០ឆ្នាំ។
លោកព្រះរាជអាជ្ញាចោទថាថាលោក Ricketson បន្លំខ្លួនជាអ្នកថតភាពយន្តឯកសារដើម្បីទាក់ទងជាមួយមនុស្សមួយចំនួន ឧទាហរណ៍ដូចជាអតីតមេដឹកនាំគណបក្សប្រឆាំង លោក សម រង្ស៊ីជាដើម។
ក្នុងសេចក្តីថ្លែងបញ្ចប់ការកាត់ទោសរបស់លោក លោក Ricketson បាននិយាយថា ពុំមានការបង្ហាញភស្តុតាងអ្វីសោះ ដែលថាលោកបានទទួលប្រាក់ជាចារបុរសនោះ។ លោកថ្លែងថា មិនមានវិក្កយប័ត្រអ្វីទាល់តែសោះ មិនមានការថតសម្លេងទូរស័ព្ទអ្វីទាល់តែសោះ មិនមានឯកសារធនាគារអ្វីទាល់តែសោះ។ លោកបានថ្លែងថា ព្រះរាជអាជ្ញាមិនបានផ្តល់ភស្តុតាងដែលបង្ហាញថាខ្ញុំបានទទួលប្រាក់ពីប្រទេសណាមួយ ហើយគ្មានអ្វីដែលបង្ហាញថាខ្ញុំធ្វើចារកម្មឲ្យប្រទេសណាមួយដែរ។ តុលាការនឹងប្រកាសសាលក្រមនៅថ្ងៃសុក្រនេះ៕