កាលពីថ្ងៃចន្ទ សាលាដំបូងរាជធានីភ្នំពេញ បានបន្តសវនាការកាត់ទោសអ្នកផលិតភាពយន្តឯកសារសញ្ជាតិអូស្ត្រាលី លោក James Ricketson ក្នុងសំណុំរឿងប្រមូលព័ត៌មានដែលនាំឲ្យអន្តរាយដល់ការការពារជាតិកម្ពុជា ដែលស្មើនឹងបទចារកម្ម។
អ្នកផលិតភាពយន្តឯកសារជនជាតិអូស្រ្តាលីរូបនោះ ត្រូវបានចាប់ឃុំខ្លួននៅក្នុងខែមិថុនា ឆ្នាំ២០១៧ បន្ទាប់ពីលោកបានបង្ហោះដ្រូនដើម្បីថតរូបការប្រមូលផ្តុំរបស់ក្រុមអ្នកគាំទ្រគណបក្សសង្គ្រោះជាតិ ដែលជាគណបក្សប្រឆាំង។ គណបក្សប្រឆាំងនេះ ត្រូវបានរំលាយកាលពីចុងឆ្នាំមុន ដោយចោទថា មានបំណងផ្តួលរំលំរដ្ឋាភិបាលនៅមុនការបោះឆ្នោតថ្នាក់ជាតិចូលមកដល់នៅក្នុងខែកក្កដាកន្លងទៅ។
ក្នុងសវនាការដែលបានធ្វើឡើងជិតពីរម៉ោង នៅសាលាដំបូងរាជធានីភ្នំពេញកាលពីរសៀលថ្ងៃចន្ទ ក្រុមប្រឹក្សាជំនុំជម្រះបានបន្តសាកសួរសាក្សីមួយរូបបន្ថែមក្នុងចំណោមសាក្សីទាំងប្រាំពីររូប ដើម្បីបញ្ជាក់ពីភាពគ្មានទោសរបស់លោក Ricketson។
អ្នកស្រី ចាប ភី ដែលអះអាងថា មានវ័យ៣០ឆ្នាំ និងជាសាក្សីរបស់លោក James Ricketson បានប្រាប់ក្រុមប្រឹក្សាជំនុំជម្រះថា អ្នកស្រីបានស្គាល់លោក Ricketson តាំងពីនៅអាយុប្រមាណ១០ឆ្នាំ រហូតដល់អ្នកស្រីមានប្តី និងកូនជាច្រើននាក់។
អ្នកស្រីអះអាងថា លោក Ricketson គឺជាមនុស្សមានចិត្តសប្បុរស ដោយបានជួយឲ្យអ្នកស្រីចាកផុតពីការរស់នៅអនាថាតាមចិញ្ចើមផ្លូវ រហូតដល់បានបង្កើតជាក្រុមគ្រួសារមួយនៅឯខេត្តព្រៃវែង។
អ្នកស្រីបាននិយាយក្នុងន័យដើមថា៖
«ពេលស្គាល់ James ជីវភាពបានធូរធារជាងមុន»។
អ្នកស្រីបន្ថែមថា៖
«គាត់ឲ្យខ្ញុំឈប់ដើរសុំទាន ហើយឲ្យខ្ញុំចេះដឹង មានអនាគត»។
យ៉ាងណាក៏ដោយ អ្នកស្រីនិយាយថា ដោយសារជីវភាពលំបាក អ្នកស្រីមិនអាចរៀនចេះដឹងជ្រៅជ្រះនោះឡើយ ហើយក៏បានយកប្តីដោយមិនរៀបការ នៅក្នុងវ័យប្រមាណ២០ឆ្នាំ។ អ្នកស្រីបានប្រាប់តុលាការថា នៅពេលដែលអ្នកស្រីអាយុ១២ឆ្នាំ ហើយឪពុកអ្នកស្រីក៏បានស្លាប់ចោលនោះ អ្នកស្រីក៏បានសុំលោក Ricketson ធ្វើជាឪពុកធម៌ ដោយមិនមានការជំទាស់ពីម្តាយអ្នកស្រីនោះទេ។
នៅពេលបន្តផ្តល់សក្ខីកម្មក្នុងសាលសវនាការនៅចំពោះលោកចៅក្រមសេង លាងដែលជាប្រធានក្រុមប្រឹក្សាជំនុំជម្រះ អ្នកស្រី ចាប ភី ត្រូវបានសួរដោយលោក គង់ សំអុន មេធាវីការពារក្តីលោក Ricketson អំពីបញ្ហានយោបាយ រាប់ចាប់តាំងពីពេលដែលអ្នកស្រីស្គាល់លោក Ricketson។
លោក គង់ សំអុន បានសួរក្នុងន័យដើមថា៖
«តើគាត់មាននិយាយអំពីព័ត៌មានយោធា និងសន្តិសុខជាតិទេ? មានទេ?»
អ្នកស្រី ចាប ភី បានតបក្នុងន័យដើមថា៖
«អត់ទេ គាត់អត់ដែលនិយាយទេ»។
លោកមេធាវីបានចោទសួរបន្តថា៖
«តើគាត់ដែលឲ្យអ្នកស្រីយកព័ត៌មាននយោបាយផ្តល់ឲ្យគាត់ទេ?»
អ្នកស្រីចាបភីតបថា៖
«គាត់ថា កូនឯងស្រឡាញ់បក្សណាបោះឲ្យបក្សនោះទៅ»។
បន្ទាប់ពីការឆ្លងឆ្លើយរវាងលោកមេធាវី គង់ សំអុន និងសាក្សីឈ្មោះ ចាប ភី ដែលកំពុងមានផ្ទៃពោះរួចមកនោះ លោកព្រះរាជអាជ្ញា សៀង សុខ បានចោទសួរអ្នកស្រីចាប ភី អំពីការថតរូបភាពតាមមាស៊ីនកាម៉េរ៉ា និងវីដេអូ និងប្រភពលុយ ដែលអ្នកផលិតភាពយន្តអូស្ត្រាលីគឺលោក Ricketson បានផ្តល់ឲ្យអ្នកស្រី ចាប ភី នៅក្រោយពេលដែលលោក Ricketson ថតយករូបភាពអ្នកស្រី ចាប ភី ម្តងៗ។
លោក សៀង សុខ បានលើកជាសំណួរក្នុងន័យដើមថា៖
«តើការថតនោះ ជា fix ឬ video?»
អ្នកស្រី ចាប ភី បានបញ្ជាក់ថា៖
«ថតជាកុន»។
លោកព្រះរាជអាជ្ញាបានសួរអ្នកស្រី ចាប ភី បន្ថែមថា៖
«គាត់មានបញ្ជាក់លុយបានមកទីណាទេ?»
អ្នកស្រី ចាប ភី បានរៀបរាប់ប្រាប់តុលាការថា អ្នកស្រីមិនបានដឹងពីប្រភពលុយនោះទេ ហើយអ្នកស្រីក៏មិនបានដឹងថា លោក Ricketson ជាអ្នកកាសែតផងដែរ។ អ្នកស្រីបានប្រាប់ក្រុមប្រឹក្សាជំនុំជម្រះបន្ថែមថា នៅក្នុងការថតរូបនោះ លោកRicketson បានសុំការអនុញ្ញាតពីម្តាយបង្កើតរបស់អ្នកស្រី ដោយផ្ទាល់មាត់ ពោលគឺមិនមានការចុះកិច្ចព្រមព្រៀងជាលាយលក្ខណ៍អក្សរនោះទេ។
កាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍មុន តុលាការបានសួរសាក្សីរបស់លោក Ricketsonមួយរូបមកពីប្រទេសអូស្រ្តាលី គឺលោក Peter Weir ដែលជាអ្នកផលិតភាពយន្តជនជាតិអូស្រ្តាលីល្បីល្បាញមួយរូប និងជាអ្នកដែលបានធ្វើការជាមួយក្រុមហ៊ុន Hollywood ក្នុងនាមជាអ្នកដឹកនាំផលិតភាពយន្ត។
លោកPeter បានប្រាប់តុលាការនាពេលនោះថា លោក Ricketson គឺគ្រាន់តែជាអ្នកផលិតកុនឯករាជ្យមួយរូបប៉ុណ្ណោះ ហើយថា លោក Ricketson មិនមែនជាសមាជិករបស់គណបក្សនយោបាយណាមួយនោះទេ។
នៅក្នុងសវនាការ ដែលបានបន្តកាលពីថ្ងៃចន្ទ ប្រធានក្រុមប្រឹក្សាជំនុំជម្រះលោកសេង លាង បានលើកឡើងអំពីខ្សែភាពយន្តមួយមានចំណងជើងថា «ពិភពរបស់ចាន់ធី» ឬជាភាសាអង់គេ្លស (Chanthy's World)។ លោកចៅក្រម សេង លាង បានចោទសួរអ្នកស្រី ចាប ភី អំពីនរណាជាតួឯកដែលសម្តែងនៅក្នុងរឿងនោះ ហើយក៏បានសួរអំពីប្រភពលុយ ដែលអ្នកស្រី ចាប ភី បានទទួលពីលោក Ricketson ផងដែរ។
ដូចការឆ្លើយរបស់អ្នកស្រីជាមួយលោកព្រះរាជអាជ្ញា សៀង សុខ អ្នកស្រី ចាប ភីថ្លែងជាច្រើនដងថា អ្នកស្រីមិនដឹងពីប្រភពលុយផ្តល់ឲ្យដោយលោក James Ricketson នោះទេ។ អ្នកស្រីក៏បានប្រាប់តុលាការថា អ្នកស្រីក៏មិនបានដឹងថា អ្នកស្រីជាតួឯកក្នុងរឿង«ពិភពរបស់ចាន់ធី»ផងដែរ។
ដោយប្រឈមនឹងបញ្ហាពេលវេលាមានកំណត់ លោកចៅក្រម សេង លាង បានប្រកាសលើកពេលបើកសវនាការបន្តនៅថ្ងៃព្រហស្បតិ៍ និងថ្ងៃសុក្រខាងមុខនេះ។ នៅមុនពេលប្រកាសលើកពេលសវនាការនោះ ក្រុមប្រឹក្សាជំនុំជម្រះក៏បានសួរដេញដោលអំពីប្រវត្តិការងាររបស់លោក Ricketson នៅប្រទេសអូស្រ្តាលី និងទ្រព្យសម្បតិ្តដែលឪពុកម្តាយរបស់លោកបានបន្សល់ទុកឲ្យ។
ក្នុងនាមលោកជាអ្នកផលិតកុនឯករាជ្យ លោក Ricketson បានប្រាប់តុលាការថា លោកគ្មានផ្ទះ និងគ្មានដីទេ ហើយលោកថា ក្រោយពេលឪពុកម្តាយលោកស្លាប់ទៅ លោកបានជួលផ្ទះគេនៅ និងមានកូនប្រុសបង្កើតម្នាក់នៅអូស្រ្តាលី និងកូនស្រីចិញ្ចឹមម្នាក់នៅសហរដ្ឋអាមេរិក។ លោកបានបន្តថា លោកបានប្រើប្រាស់លុយដែលលោកបានសន្សំទុកមកជួយក្មេងៗក្រីក្រនៅកម្ពុជា ដោយក្នុងនោះលោកបានទទួលយកអ្នកស្រី ចាប ភី ជាកូនស្រីធម៌របស់លោក។
លោក Ricketson ត្រូវបានចោទប្រកាន់ពីបទចារកម្ម ដែលបានចែងក្នុងមាត្រា៤៤៦នៃក្រមព្រហ្មទណ្ឌកម្ពុជា។ មាត្រា៤៤៦ ហាមឃាត់ការប្រមូលព័ត៌មាន ដែលមានផលប៉ះពាល់ដល់សន្តិសុខជាតិ។ លោកប្រឈមនឹងការជាប់ពន្ធនាគារ១០ឆ្នាំ ប្រសិនបើរកឃើញថា មានទោស៕