ក្នុងសប្តាហ៍នេះ បន្ទាប់ពីមានការដោះលែងអ្នកសារព័ត៌មានពីរនាក់ ដែលត្រូវបានចោទពីបទធ្វើចារកម្មនិងការដោះលែងសកម្មជនការពារសិទ្ធិលំនៅដ្ឋាន៤នាក់ដែលត្រូវបានលើកលែងទោសនៅក្នុងប្រទេសកម្ពុជានោះ អ្នកផលិតកុនជនជាតិអូស្រ្តាលីឈ្មោះ James Ricketson នៅបន្តជាប់ឃុំឃាំងដដែល បន្ទាប់ពីថ្ងៃសវនាការចុងក្រោយរបស់លោកកាលពីថ្ងៃសុក្រ។
ការកាត់ទោសបុរសជនជាតិអូស្រា្តលី ដែលបានជាប់ក្នុងពន្ធនាគារក្នុងប្រទេសកម្ពុជាអស់រយៈពេល១៤ខែក្រោមការចោទ«ចារកម្ម»នេះ មិនមានការបកស្រាយពីហេតុផលនោះទេ ហើយបានធ្វើឲ្យការសង្ស័យអំពីការចោទប្រកាន់នេះកាន់តែជ្រៅទៅៗ ក្នុងសវនាការកាលពីថ្ងៃសុក្រម្សិលមិញ ដែលបានបញ្ចប់ទៅដោយការពន្យារពេលឃុំឃាំង សំអាងលើហេតុផលពន្យារពេលនីតិវិធី។
ភស្តុតាងតែមួយគត់ដែលតុលាការបានដាក់បង្ហាញនៅក្នុងសវនាការដែលជាសំអាងសម្រាប់ការចោទប្រកាន់លោក Ricketson ពីបទចារកម្មនោះគឺសារអេឡិចត្រូនិកឆ្លើយឆ្លងធម្មតាជាប្រចាំរវាងលោក Ricketson មេធាវី និងលោក សម រង្ស៊ី អតីតមេដឹកនាំគណបក្សប្រឆាំង ព្រមទាំងរូបថតមួយចំនួនដែលលោកបានថតនៅអំឡុងពេលមានបាតុកម្មនានា។
លោក គង់ សំអុន មេធាវីការពារក្តីឲ្យលោក Ricketson បានព្យាយាមបញ្ជាក់ថា លោក Ricketsonមិនមែនជាចារបុរសនោះទេ។ លោកគ្រាន់តែជាអ្នកផលិតកុនម្នាក់ដែលមានបទពិសោធន៍រាប់ឆ្នាំ និងមានឈ្មោះក្នុងខ្សែភាពយន្តជាច្រើន។
រហូតដល់ចុងបញ្ចប់ សវនាការរបស់តុលាការកាលពីថ្ងៃសុក្រត្រូវបានគេមើលឃើញថា ហាក់ដូចជាវគ្គបង្រៀនអំពីការផលិតកុនជាជាងសវនាការកាត់ទោស នៅពេលលោក Ricketson ព្យាយាមបកស្រាយអំពីថវិកាដែលលោកទទួលបានពីការផលិតកុន ដូចជាថវិកាបានពីទីភ្នាក់ងារ Screen Australia ដែលជាទីភ្នាក់ងាររបស់រដ្ឋាភិបាលអូស្រា្តលីសម្រាប់លើកកម្ពស់ឧស្សាហកម្មភាពយន្តជាដើម៕