បន្ទាប់ពីអាជ្ញាធរថៃ បានចាប់ខ្លួនលោក សម សេរី ប្រធានចលនារណសិរ្សរំដោះជាតិខ្មែរកាលពីថ្ងៃពុធ ពាក់ព័ន្ធនឹងការស្នាក់នៅប្រទេសថៃហួសទិដ្ឋាការ នៅថ្ងៃព្រហស្បតិ៍នេះ អ្នកនាំពាក្យក្រសួងមហាផ្ទៃ បញ្ជាក់ថា សមត្ថកិច្ចកម្ពុជាបានស្នើសុំភាគីថៃឱ្យបញ្ជូនលោក សម សេរី មកកម្ពុជាដើម្បីដាក់ទោសពីបទ «ភេរវកម្ម» ទៅតាមសាលក្រមរបស់សាលាដំបូងរាជធានីភ្នំពេញ កាលពីឆ្នាំ២០១៤។
សមត្ថកិច្ចកម្ពុជា ស្នើភាគីថៃឲ្យបញ្ជូនលោក សម សេរី ប្រធានចលនារណសិរ្សរំដោះជាតិខ្មែរ យកមកដាក់ទោសនៅកម្ពុជា ពីបទ «ភេរវកម្ម» ក្រោយពីកម្លាំងសមត្ថកិច្ចថៃ បានចាប់ខ្លួនលោកកាលពីថ្ងៃពុធ។ នេះបើតាមការបញ្ជាក់របស់មន្ត្រីជាន់ខ្ពស់នៃក្រសួងមហាផ្ទៃ។
នាយឧត្ដមសេនីយ៍ ខៀវ សុភ័គ អ្នកនាំពាក្យក្រសួងមហាផ្ទៃ បញ្ជាក់ប្រាប់ VOA នារសៀលថ្ងៃព្រហស្បតិ៍នេះថា សមត្ថកិច្ចកម្ពុជាទើបតែបានដាក់លិខិតផ្លូវការមួយទៅអគ្គតម្រួតរបស់ប្រទេសថៃ ដើម្បីបញ្ជូនឈ្មោះ សម សេរី មកកម្ពុជាដើម្បីទទួលទោស។
លោកបន្ថែមថា សម្រាប់ការបញ្ជូនលោក សម សេរី មកកម្ពុជា ឬអត់នោះ គឺអាស្រ័យលើភាគីថៃ ក្រោយការអនុវត្តទោសនៅប្រទេសថៃពាក់ព័ន្ធនឹងការស្នាក់នៅហួសទិដ្ឋាការរួចរាល់។
នាយឧត្ដមសេនីយ៍ ខៀវ សុភ័គ មានប្រសាសន៍ថា៖
«គាត់មានសាលក្រមមួយរបស់តុលាការសាលាដំបូងយើងនេះ គឺកាត់ទោសគាត់៩ឆ្នាំ ពីបទភេរវកម្ម ហើយសាលក្រមនេះចូលជាស្ថាពរនៅខែ៤ ២០១៤កន្លងទៅ។ ដូច្នេះ យើងមិនចាំបាច់កាត់ទោសអីទៀតទេ អនុវត្តសាលក្រមដែលមានស្រាប់តែម្ដង»។
ឈ្មោះ សម សេរី ហៅ យាន យៀប ជាប្រធានចលនាមួយឈ្មោះ «រណសិរ្សរំដោះជាតិខ្មែរ» ដែលជ្រកកោនក្នុងប្រទេសដាណឺម៉ាក និងជាមនុស្សម្នាក់ ក្នុងចំណោមមនុស្សជាង១០នាក់ផ្សេងទៀត ដែលត្រូវបានសាលាដំបូងរាជធានីភ្នំពេញផ្ដន្ទាទោសឲ្យជាប់ពន្ធនាគារពី៥ឆ្នាំទៅ៩ឆ្នាំ ពីបទរួមគំនិតក្បត់ ដើម្បីផ្ដួលរំលំរាជរដ្ឋាភិបាលកម្ពុជា កាលពីអំឡុងឆ្នាំ២០១៤។
កាលពីថ្ងៃទី១០ ខែមេសា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាសថា លោក សម សេរី ប្រធានរណសិរ្សរំដោះជាតិខ្មែរ ដែលត្រូវបានរដ្ឋាភិបាលចាត់ទុកថាជា «មេភេរវករ» បានរៀបគម្រោងបំផ្ទុះគ្រាប់បែកចំនួន២កន្លែង ក្នុងឱកាសថ្ងៃចូលឆ្នាំថ្មីនៅរាជធានីភ្នំពេញ និងខេត្តសៀមរាប ប៉ុន្តែលោកថា លោកបានដឹងគម្រោងនេះ និងទប់ស្កាត់បានទាន់ពេល។
លោក វ៉ន វុត គណៈកម្មការរដ្ឋបាលរបស់ចលនារណសិរ្សរំដោះជាតិខ្មែរប្រចាំប្រទេសថៃ ប្រាប់ VOA ថា លោក សម សេរី ត្រូវបានសមត្ថកិច្ចថៃចាប់ខ្លួននៅព្រឹកថ្ងៃពុធ ដោយចោទថាលោកបានស្នាក់នៅប្រទេសថៃហួសទិដ្ឋាការ។
លោកបន្ថែមថា លោក សម សេរី បានទៅទីក្រុងបាងកក ប្រទេសថៃ កាលពីខែមករា ឆ្នាំ២០១៨ ដើម្បីជួបជុំសមាជិកនៅទីនោះ និងថា ការចាប់ខ្លួនលោក សម សេរី គឺធ្វើឡើង ខណៈលោកទៅបន្តទិដ្ឋាការ។
លោក វ៉ន វុត បន្ថែមថា ទិដ្ឋាការរបស់លោក សម សេរី មិនទាន់ហួសនៅឡើយ ដូច្នេះលោកថា ការចាប់ខ្លួនលោក សម សេរី អាចមានជាប់ពាក់ព័ន្ធនឹងរដ្ឋាភិបាលកម្ពុជា។
លោកបញ្ជាក់ថា៖
«អាជ្ញាធរខ្មែរគឺតែងតែស្នើសុំដល់រដ្ឋាភិបាលថៃហ្នឹងដើម្បីឲ្យចាប់ខ្លួនលោកប្រធាន សម សេរី ក៏ដូចជាសមាជិករណសិរ្សដទៃផ្សេងទៀតហ្នឹង បញ្ជូនទៅប្រទេសខ្មែរ។ អញ្ចឹងហើយខាងខ្មែរហ្នឹងគឺតែងតែចង់បានលោកប្រធាន សម សេរី អញ្ចឹងហើយគេតែងតែស្វែងរកការចាប់ខ្លួន»។
ការចាប់ខ្លួនលោក សម សេរី ធ្វើឡើងតែប៉ុន្មានថ្ងៃប៉ុណ្ណោះ បន្ទាប់ពីរដ្ឋាភិបាលកម្ពុជា បានផ្សព្វផ្សាយវីដេអូមួយមានចំណងជើងថា «ក្រុមចលនាដែលនាំគ្រោះថ្នាក់សម្រាប់ជាតិ» ដោយបានហៅអតីតគណបក្សប្រឆាំង និងចលនាផ្សេងៗទៀតដែលតែងរិះគន់រដ្ឋាភិបាល ដោយក្នុងនោះមានទាំងចលនា «រណសិរ្សរំដោះជាតិខ្មែរ» របស់លោក សម សេរី ផងថាជាក្រុមភេរវករ និងប្ដេជ្ញាទប់ស្កាត់ និងកម្ទេចចលនាទាំងនោះមិនឲ្យកើតមាន។
គេហទំព័ររបស់អគ្គស្នងការនគរបាលជាតិនាពេលកន្លងមក បញ្ជាក់ថា ចលនា «រណសិរ្សរំដោះជាតិខ្មែរ» នេះ មានគោលបំណងផ្ដួលរំលំរាជរដ្ឋាភិបាលកម្ពុជា តាមរយៈការកសាងកម្លាំងប្រដាប់អាវុធដោយខុសច្បាប់ និងបញ្ជូនភ្នាក់ងារសម្ងាត់ មកស៊ើបទីតាំងយោធាសំខាន់ៗ ហើយនិងធ្វើសកម្មភាពបាចខិត្តប័ណ្ណប្រឆាំងប្រមុខរាជរដ្ឋាភិបាល ព្រមទាំងហ្វឹកហាត់កម្លាំងភេរវកម្ម ដាក់គ្រឿងផ្ទុះដោយសម្ងាត់នៅតាមជាយដែនប្រទេសថៃ និងកសាងបណ្ដាញនៅកម្ពុជា ដើម្បីប្រមូលព័ត៌មាន និងបញ្ជូនព័ត៌មានចេញទៅមេខ្លោងដែលនៅក្រៅប្រទេស៕