មន្ត្រីជាន់ខ្ពស់នៃក្រសួងសុខាភិបាលកម្ពុជា នៅថ្ងៃអង្គារនេះ បានអះអាងសាជាថ្មីថាឱសថបុរាណចិនដែលត្រូវបានអនុញ្ញាតឲ្យចរាចរនៅលើទីផ្សារកម្ពុជាកាលពីខែមេសា មិនមែនជាឱសថព្យាបាលជំងឺកូវីដ១៩នោះទេ ប៉ុន្តែវាអាចជួយសម្រាលរោគសញ្ញា និងទប់កុំឲ្យវិវឌ្ឍទៅសភាពធ្ងន់ធ្ងរ។
នេះជាការលើកឡើងរបស់អ្នកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាអ្នកនាំពាក្យ ដែលបានថ្លែងក្នុងកិច្ចសម្ភាសន៍មួយជាមួយសារព័ត៌មាន Fresh News ដែលស្និទ្ធនឹងរដ្ឋាភិបាល កាលពីព្រឹកថ្ងៃអង្គារ ក្នុងពេលអ្នកស្រីនាំយកថវិកា១០លានរៀល អាហារនិងរបស់របរផ្សេងៗផ្តល់ឲ្យអ្នកចាក់វ៉ាក់សាំងទី៦លាន ដែលទទួលជំនួយពីនាយករដ្ឋមន្ត្រី។
អ្នកស្រី ឱ វណ្ណឌីន បានឲ្យដឹងថាកន្លងទៅ ឱសថបុរាណចិន ឈ្មោះលៀងហ្វាឈួន (LIANHUA QINGWEN) ត្រូវបានប្រើប្រាស់ក្នុងពេលដែលមានជំងឺSARSក្នុងឆ្នាំ២០០៣ និងជំងឺផ្តាសាយបក្សី ដែលជួយព្យាបាលជំងឺរលាកផ្លូវដង្ហើម។ អ្នកស្រីបន្ថែមថាថ្នាំបុរាណចិននេះជាប្រភេទឱសថដែលជួយសម្រាលរោគសញ្ញានៃជំងឺកូវីដ១៩ ដូចជាក្តៅខ្លួន ក្អកផ្តាសាយ តឹងច្រមុះ និងឈឺបំពង់កជាដើម ដើម្បីទប់កុំឲ្យមានការវិវឌ្ឍធ្ងន់ធ្ងរ។
អ្នកស្រីថ្លែងថា៖ «ខ្ញុំបញ្ជាក់ម្តងទៀតថ្នាំនេះមិនមែនទៅសម្លាប់វីរុសជំងឺកូវីដ១៩ទេ។ មកដល់ពេលនេះ នៅលើសាកលលោក មិនទាន់មានឱសថណាដែលរកឃើញថាទៅសម្លាប់វីរុសកូវីដ១៩នៅឡើយទេ»។
អ្នកនាំពាក្យក្រសួងសុខាភិបាលរូបនោះក៏បានអំពាវនាវឲ្យប្រជាពលរដ្ឋប្រើប្រាស់ដោយប្រុងប្រយ័ត្ន មិនចេះតែលេបនោះទេ ដោយត្រូវពិគ្រោះជាមួយគ្រូពេទ្យជាមុនសិន។ លោកស្រីបញ្ជាក់ថាឱសថបុរាណនេះអាចប្រើប្រាស់ក្នុងរយៈពេល៧ថ្ងៃទៅ១០ថ្ងៃតែប៉ុណ្ណោះ។
ទោះជាយ៉ាងណា អ្នកស្រីបានអំពាវនាវឲ្យប្រជាពលរដ្ឋទៅព្យាបាលនៅមន្ទីរពេទ្យជាបន្ទាន់ បើមានរោគសញ្ញាជំងឺកូវីដ១៩ធ្ងន់ធ្ងរ។
បើតាមអ្នកស្រី ឱ វណ្ណឌីន ការអនុញ្ញាតឲ្យប្រើប្រាស់ឱសថបុរាណចិននេះ អាចជាវិធីសាស្ត្រមួយក្នុងចំណោមវិធីសាស្ត្រផ្សេងទៀត ដើម្បីឲ្យអ្នកជំងឺឈានទៅរកការជាសះស្បើយពីជំងឺ៕