សហរដ្ឋអាមេរិក នឹងផ្តល់វ៉ាក់សាំងជាង១លានដូសដែលជាជំនួយឥតសំណងដល់កម្ពុជាក្នុងពេលឆាប់ៗនេះ ប៉ុន្តែមិនបានបញ្ជាក់កាលបរិច្ឆេទជាក់លាក់អំពីការមកដល់នៃវ៉ាក់សាំងអាមេរិកនេះទេ។ នេះបើយោងតាមឯកអគ្គរដ្ឋទូតអាមេរិកប្រចាំនៅកម្ពុជា លោក W. Patrick Murphy ដែលបានបង្ហោះសារនៅលើប្រព័ន្ធ Twitter របស់លោកនៅថ្ងៃសុក្រនេះ។
លោក Murphy បានសរសេរថា អាមេរិកនឹងបរិច្ចាគវ៉ាក់សាំងប្រភេទ Johnson &Johnson ជាង១លានដូសដល់ប្រជាជនកម្ពុជា តាមយន្តការកូវ៉ាក់សម្រាប់ប្រទេសកំពុងអភិវឌ្ឍន៍និងក្រីក្រ។ លោកបញ្ជាក់ថាអាមេរិកនឹងធ្វើការយ៉ាងស្និទ្ធជាមួយកម្ពុជា ក្រោមយន្តការកូវ៉ាក់ អង្គការសុខភាពពិភពលោក (WHO) និងអង្គការយូនីសេហ្វ (Unicef) ដើម្បីបញ្ជូនវ៉ាក់សាំងមកកម្ពុជាក្នុងពេលឆាប់ៗ។
Johnson &Johnson ជាប្រភេទវ៉ាក់សាំងដែលចាក់តែមួយដូសទេ ដើម្បីបង្ការជំងឺកូវីដ១៩។ ក្រុមអ្នកស្រាវជ្រាវនៅមហាវិទ្យាល័យពេទ្យ Grossman នៃសាកលវិទ្យាល័យ New York បានលើកឡើងកាលពីពេលថ្មីៗថា វ៉ាក់សាំង Johnson & Johnson អាចមានប្រសិទ្ធភាពតិចប្រឆាំងនឹងវីរុសកូរ៉ូណាបំប្លែងថ្មីដែលតា (Delta)។
ចំណែករដ្ឋាភិបាលប្រទេសជប៉ុននឹងបញ្ជូនវ៉ាក់សាំងប្រភេទអាស្រ្តាហ្សេនីកា(AstraZeneca) ប្រមាណ៣៣ម៉ឺនដូសក្នុងចំណោមជាង១លានដូសដែលបានសន្យាផ្តល់ឲ្យកម្ពុជាតាមយន្តការកូវ៉ាក់ ដែលនឹងមកដល់នៅយប់ថ្ងៃសុក្រនេះ តាមការគ្រោងទុក។ នេះបើតាមអ្នកស្រី យក់ សម្បត្តិ អ្នកនាំពាក្យក្រសួងសុខាភិបាលដែលបានប្រាប់អ្នកសារព័ត៌មានកាលពីថ្ងៃព្រហស្បតិ៍។
គួរបញ្ជាក់ថាកម្ពុជាបានសម្រុកចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ដល់ពលរដ្ឋរបស់ខ្លួន ដែលរហូតមកដល់ពេលនេះបានជាង៦លាន៥សែននាក់ហើយ គឺស្មើប្រមាណ៦៥%នៃគោលដៅចាក់ឲ្យបានយ៉ាងតិច១០លាននាក់។ វ៉ាក់សាំងដែលចាក់ដល់ពលរដ្ឋយ៉ាងច្រើននេះ ភាគច្រើនជាវ៉ាក់សាំងចិនស៊ីណូហ្វាម (Sinopharm) និងស៊ីណូវ៉ាក់(Sinovac) ដែលកម្ពុជាទទួលបានតាមរយៈជំនួយឥតសំណង និងការបញ្ជាទិញពីប្រទេសចិន៕