ប្រធានស្តីទីរបស់អតីតគណបក្សសង្រ្គោះជាតិ លោក សម រង្ស៊ី នៅថ្ងៃព្រហស្បតិ៍នេះ បានទៅដល់ទឹកដីនៃប្រទេសឥណ្ឌូណេស៊ី ក្រោយមានសេចក្តីរាយការណ៍ពីការហាមឃាត់រូបលោកមិនឲ្យធ្វើដំណើរតាមជើងយន្តហោះចូលប្រទេសឥណ្ឌូណេស៊ីកាលពីថ្ងៃពុធ។
កាលពីថ្ងៃពុធ លោក សម រង្ស៊ី បានបង្ហោះនៅលើប្រព័ន្ធសង្គម Twitter របស់លោកថា លោកបានខកខានជើងយនុ្តហោះចេញពីប្រទេសម៉ាឡេស៊ីទៅទីក្រុងហ្សាការតា។ ប៉ុន្តែលោកមិនបានបញ្ជាក់ពីមូលហេតុនោះទេ។
លោកស្រី មូរ សុខហួរ អនុប្រធានគណបក្សសង្រ្គោះជាតិ បានថ្លែងប្រាប់VOAនៅថ្ងៃព្រហស្បតិ៍នេះថា លោក សម រង្ស៊ី បានទៅដល់ទីក្រុងហ្សាការតានៃប្រទេសឥណ្ឌូណេស៊ីនៅព្រឹកថ្ងៃព្រហស្បតិ៍នេះ ហើយលោកបានជួបជាមួយតំណាងរាស្រ្តមួយចំនួន។ ប៉ុន្តែលោកស្រីមិនបានបញ្ជាក់ថាតំណាងរាស្រ្តណានោះទេ។
លោកស្រីបន្តថាការធ្វើដំណើរទៅប្រទេសឥណ្ឌូណេស៊ីនាពេលនេះគឺដើម្បីចងបណ្តាញជាមួយអ្នកប្រជាធិបតេយ្យនៅបណ្តាអាស៊ាន។ លោកស្រីមានប្រសាសន៍ថា៖ «យើងជាអ្នកប្រជាធិបតេយ្យ យើងត្រូវតែខិតខំចងមិត្តភាព ជាមួយនឹងអ្នកប្រជាធិបតេយ្យដូចគ្នា ជាពិសេសអ្នកប្រជាធិបតេយ្យនៅតំបន់អាស៊ាន។ ដើម្បីលទ្ធិប្រជាធិបតេយ្យ ដើម្បីការពារសិទ្ធិមនុស្ស អ្នកប្រជាធិបតេយ្យ ត្រូវតែរួមកម្លាំងគ្នា ដើម្បីបញ្ជាក់ឲ្យច្បាស់ថា អ្នកប្រជាធិបតេយ្យនៅជាមួយគ្នា ពង្រឹងគ្រឹះមូលដ្ឋាននៃប្រជាធិបតេយ្យនៅអាស៊ានទាំងមូល»។
ក្រុមហ៊ុនអាកាសចរណ៍ម៉ាឡេស៊ី Malaysia Airlines បានប្រាប់សារព័ត៌មានបរទេស Reuters កាលពីថ្ងៃពុធថា ក្រុមហ៊ុនបានទទួលការណែនាំពីអាជ្ញាធរឥណ្ឌូណេស៊ីមិនឲ្យលោក សម រង្ស៊ី ធ្វើដំណើរចូលទឹកដីឥណ្ឌូណេស៊ី។
លោក សម រង្ស៊ី បានបង្ហោះសារនៅលើ Twitter ថាលោកនៅថ្ងៃព្រហស្បតិ៍នេះបានធ្វើដំណើរតាមជើងយន្តហោះMH711ហើយទៅដល់ព្រលានយន្តហោះអន្តរជាតិ Jakarta Soekarno Hatta នៅវេលាម៉ោង១០និង១០នាទីព្រឹក។
VOA មិនអាចសុំការឆ្លើយតបបន្ថែមពីក្រុមហ៊ុនអាកាសចរណ៍ម៉ាឡេស៊ី Malaysia Airlines បាននៅឡើយទេ។
ស្ថានទូតឥណ្ឌណេស៊ីប្រចាំនៅកម្ពុជាបានប្រាប់ VOA ថា ស្ថានទូតមិនទាន់បានទទួលព័ត៌មានទាក់ទងអំពីបញ្ហានេះពីរដ្ឋាភិបាលរបស់ឥណ្ឌូណេស៊ីនៅឡើយទេ។
VOA មិនអាចសុំការឆ្លើយតបពីក្រសួងការបរទេសឥណ្ឌូណេស៊ី តាមអ៊ីម៉េលបានដែរ។
រហូតមកដល់ពេលនេះ មិនទាន់មានព័ត៌មានថា មូលហេតុអ្វីបានជាលោក សម រង្ស៊ី អាចធ្វើដំណើរចូលដល់ប្រទេសឥណ្ឌូណេស៊ីនៅថ្ងៃនេះបាន ក្រោយពីមានការខកខានកាលពីថ្ងៃពុធ។
លោក Phil Robertson អនុប្រធានទទួលបន្ទុកតំបន់អាស៊ីនៃអង្គការសិទ្ធិមនុស្ស Human Rights Watch លោកបានថ្លែងថា រដ្ឋាភិបាលឥណ្ឌូណេស៊ីបានសម្រេចចិត្តដាក់ជាអាទិភាពនូវតម្រូវការនៃការគោរពសិទ្ធិមនុស្ស និងប្រជាធិបតេយ្យ ជាជាងវិធានការមិនជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុងរបស់អាស៊ាន។
លោកបានថ្លែងប្រាប់ VOA តាមរយៈអ៊ីម៉េលឬសារអេឡិចត្រូនិកថា៖ «ក្នុងនាមជាប្រទេសមួយនៃប្រទេសជាសមាជិកអាស៊ានតិចតួច ដែលប្រកាន់ខ្ជាប់នូវការអនុវត្តគោលការណ៍លទ្ធិប្រជាធិបតេយ្យ ឥណ្ឌណេស៊ីពិតជាចង់ឮអ្វីដែលលោក សម រង្ស៊ី និងសហការីរបស់គណបក្សសង្រ្គោះជាតិ ត្រូវតែនិយាយ ហើយវាគឺជាការវិវត្តមួយដ៏វិជ្ជមាន ដែលឥណ្ឌូណេស៊ី អនុញ្ញាតឲ្យពួកគេចូលក្នុងប្រទេស។ វាអាក្រក់ណាស់ដែលប្រទេសថៃ វៀតណាម និងឡាវ មិនមានគោលការណ៍ប្រជាធិបតេយ្យទាំងនោះ»។
លោកបញ្ជាក់ថា ទស្សនកិច្ចនេះនឹងអនុញ្ញាតឲ្យលោក សម រង្ស៊ី «អាចតតាំងនឹងឥរិយាបទរំលោភសិទ្ធិនិងការគាំទ្ររបស់អាស៊ានទៅកាន់លោក ហ៊ុន សែន ដែលមិនអនុញ្ញាតឲ្យមានការវិលត្រឡប់មកវិញរបស់អ្នកនិរទេសខ្លួនគណបក្សសង្រ្គោះជាតិ មកភ្នំពេញវិញ»។ លោកបន្តថា ការជួបជាមួយមន្រ្តីសិទ្ធិមនុស្សរបស់អង្គការសង្គមស៊ីវិល ក៏ដូចជាតំណាងនៃគណៈកម្មការអន្តររដ្ឋាភិបាលសិទ្ធិមនុស្សអាស៊ាន លោក សម រង្ស៊ី នឹងអាចស្វែងរកការគាំទ្រក្នុងកម្រិតតំបន់។
លោក សម រង្ស៊ី បានស្នាក់នៅប្រទេសម៉ាឡេស៊ី ចាប់ពីថ្ងៃទី៩ វិច្ឆិកា នៅពេលលោកខកខានមិនបានចូលមកប្រទេសកម្ពុជា តាមច្រកព្រំដែនថៃ ដោយសារលោកមិនត្រូវបានអនុញ្ញាតឲ្យចូលទៅដីប្រទេសថៃ កន្លែងដែលសកម្មជនរបស់លោកស្នាក់នៅនិងត្រៀមខ្លួនចូលមកប្រទេសកម្ពុជា។ រដ្ឋាភិបាលបានត្រៀមកម្លាំងរាប់រយ រាប់ពាន់នាក់ នៅតាមព្រំដែន ដើម្បីទប់ទល់នឹងការវិលត្រឡប់នេះ ដែលរដ្ឋាភិបាលចាត់ទុកថា ជាការផ្តួលរំលំរដ្ឋាភិបាល។
លោក សម រង្ស៊ី មិនត្រូវបានចាប់ខ្លួននៅប្រទេសម៉ាឡេស៊ីនោះទេ ហើយលោកបានជួបជាមួយតំណាងរាស្រ្តរបស់ម៉ាឡេស៊ីមួយចំនួនផងដែរ។
អ្នកនាំពាក្យរបស់រដ្ឋាភិបាល លោក ផៃ ស៊ីផាន បានហៅសកម្មភាពយុទ្ធនាការប្រជាធិបតេយ្យនិងការទូតរបស់លោក សម រង្ស៊ី នៅតំបន់អាស៊ានថា គ្រាន់តែជា«ទេសចរឧទ្ទាម»តែប៉ុណ្ណោះ។
លោកបញ្ជាក់ថា៖«ខ្ញុំមើលឃើញថាគាត់គ្រាន់តែជាទេសចរ ដែលគេហៅថាទេសចរឧទ្ទាមតែប៉ុណ្ណោះ»។ លោកចាត់ទុកសកម្មភាពរបស់លោក សម រង្ស៊ី «ជាសកម្មភាពបរាជ័យ ឲ្យគេចាប់អារម្មណ៍តាមបណ្តាញសារព័ត៌មានតែប៉ុណ្ណោះ»។
លោក ផៃ ស៊ីផាន បន្តថា រដ្ឋាភិបាលរបស់លោកមិនបានរារាំងលោក សម រង្ស៊ី នោះទេ ប៉ុន្តែការចូលមករបស់លោក សម រង្ស៊ី ត្រូវប្រឈមនឹងចំណាត់ការរបស់តុលាការ។
ពីរាជធានីភ្នំពេញ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន នៅថ្ងៃនេះ ក៏បានបន្តការព្រមានលោក សម រង្ស៊ី និងបានចាត់ទុកថាអ្នកដែលត្រៀមទទួលលោកនៅក្រៅប្រទេស និងអ្នកគេចខ្លួននៅក្រៅប្រទេសគឺជា«អ្នកចាញ់បោក»លោក សម រង្ស៊ី។
ទោះជាយ៉ាងណា លោកអំពាវនាវឲ្យអ្នកទាំងនោះអាចចូលប្រទេសវិញ ដោយពុំមានការចាប់ខ្លួន ដោយលោកស្នើឲ្យតុលាការពិនិត្យមើលទិដ្ឋភាពផ្លូវច្បាប់លើពួកគេ។
លោកស្រី មូរ សុខហួរ នៃគណបក្សសង្រ្គោះជាតិ បានថ្លែងថា ការបញ្ជាឲ្យដោះលែង និងចាប់ចងសកម្មជនបក្សប្រឆាំង «ជារឿងធម្មតារបស់លោក ហ៊ុន សែន»។ លោកស្រីស្នើឲ្យបញ្ចប់ការគំរាមកំហែង ការយកខ្មែរជាសត្រូវ ហើយចាប់ផ្តើមដំណើរការផ្សះផ្សាជាតិទាំងអស់គ្នា៕