ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Joe Biden នឹងធ្វើដំណើរនៅថ្ងៃចន្ទនេះទៅកាន់រដ្ឋ Hawaii ដើម្បីជួបជាមួយមន្ត្រីនិងអ្នករស់រានមានជីវិត និងពិនិត្យមើលការខូចខាតដែលបណ្ដាលមកពីភ្លើងឆេះព្រៃដែលបានបំផ្លិចបំផ្លាញកោះ Maui។
សេតវិមានបានបញ្ជាក់ថា លោក Biden និងអ្នកស្រី Jill Biden ដែលជាភរិយានឹង«មើលឃើញផ្ទាល់ភ្នែកនូវផលប៉ះពាល់នៃភ្លើងឆេះព្រៃដ៏មហន្តរាយ ក៏ដូចជានឹងពិភាក្សាអំពីកិច្ចប្រឹងប្រែងស្តារឡើងវិញផងដែរ»។
ភ្លើងឆេះព្រៃកាលពីដើមខែនេះបានបន្សល់ទុកការបំផ្លិចបំផ្លាញជាទូទៅនៅផ្នែកភាគខាងកើតនៃក្រុង Lahaina ដោយបានសម្លាប់មនុស្សយ៉ាងតិច ១១៤ នាក់។ អភិបាលរដ្ឋ Hawaii លោក Josh Green បាននិយាយថា គេរំពឹងថា ចំនួនអ្នកស្លាប់នឹងកើនឡើងនៅពេលដែលកិច្ចប្រឹងប្រែងស្វែងរកអ្នកដែលបាត់ខ្លួននៅបន្តធ្វើ។
លោក Green បានបញ្ជាក់ក្នុងកម្មវិធី «Face the Nation» របស់ទូរទស្សន៍ CBS កាលពីថ្ងៃអាទិត្យថា ក្រុមរុករកបានធ្វើការរុករកបាន ៨៥% នៃតំបន់រុករកទាំងមូលហើយ ប៉ុន្តែថា ផ្នែកដែលនៅសេសសល់គឺអាចត្រូវការពេលរាប់សប្ដាហ៍ទៀតដើម្បីរុករក។ លោកបាននិយាយថា មនុស្សជាង ១.០០០ នាក់នៅបាត់ខ្លួននៅឡើយ។
លោកក៏បានលើកឡើងអំពីក្ដីបារម្ភទាក់ទិននឹងការកសាងឡើងវិញក្នុងក្រុង Lahaina និងការគោរពវប្បធម៌ជនជាតិដើមកោះ Hawaii ផងដែរ ដោយលោកបាននិយាយថា រដ្ឋបាលរបស់លោក «នឹងស្ដាប់តាមពលរដ្ឋក្រុង Lahaina អំពីរបៀបនិងពេលវេលាដែលយើងកសាងឡើងវិញ»៕
ព័ត៌មានខ្លះសម្រាប់សេចក្ដីរាយការណ៍នេះត្រូវបានដកស្រង់មកពីទីភ្នាក់ងារសារព័ត៌មាន AP និងទីភ្នាក់ងារសារព័ត៌មាន Reuters។