រដ្ឋាភិបាលយោធាមីយ៉ាន់ម៉ាត្រូវបានគេរំពឹងថា នឹងអនុម័តសេចក្តីព្រាងច្បាប់រឹតត្បិតប្រព័ន្ធអ៊ីនធឺណិតតឹងរ៉ឹងជាងមុន ដែលការណ៍នេះបានបង្កឲ្យមានការប្រឆាំងតវ៉ាយ៉ាងច្រើនទាំងក្នុងស្រុកនិងពីក្រៅប្រទេស។
អ្នកជំនាញផ្នែកសន្តិសុខតាមប្រព័ន្ធអ៊ីនធឺណិតនៅក្រុងរ៉ង់ហ្គូន បានប្រាប់ VOA ថា ចិនបានផ្តល់ជំនួយបច្ចេកទេស ដើម្បីឲ្យយោធាមីយ៉ាន់ម៉ាអាចបង្កើត «ជញ្ជាំងការពារ» តាមប្រព័ន្ធអ៊ីនធឺណិត ឬ Firewall ស្រដៀងទៅនឹងជញ្ជាំងការពាររបស់ចិនដែលគេតែងស្គាល់ថា Great Firewall ដែលរឹតត្បិតសកម្មភាពតាមប្រព័ន្ធអ៊ីនធឺណិតរបស់ពលរដ្ឋចិន។
អ្នកជំនាញរូបនេះ ដែល VOA ស្គាល់ បានសុំមិនបញ្ចេញឈ្មោះ ដោយសារការព្រួយបារម្ភពីសន្តិសុខ។
អ្នកជំនាញផ្នែកសន្តិសុខតាមប្រព័ន្ធអ៊ីនធឺណិតខាងលើនេះ បាននិយាយថា អ្នកបច្ចេកទេសព័ត៌មានវិទ្យាចិន និងគ្រឿងសម្ភារៈបានមកដល់មីយ៉ាន់ម៉ា តាមសំណើរបស់រដ្ឋាភិបាលយោធាមីយ៉ាន់ម៉ា ដើម្បីជួយឲ្យយោធាអនុវត្តច្បាប់សន្តិសុខតាមប្រព័ន្ធអ៊ីនធឺណិត ក្នុងគោលបំណងបំបិទសំឡេងក្រុមអ្នករិះគន់ និងបាតុកម្មគាំទ្រលទ្ធិប្រជាធិបតេយ្យតាមប្រព័ន្ធអ៊ីនធឺណិត។
អ្នកជំនាញរូបនេះបានបន្តថា៖ «ទាំងនេះជា[បច្ចេកវិជ្ជា]ជញ្ជាំងការពារ Firewall ពីប្រទេសចិន។ ជញ្ជាំងការពារនេះត្រូវបានបញ្ជូនទៅឱ្យក្រុមហ៊ុនផ្គត់ផ្គង់សេវាកម្មអ៊ីនធឺណិត និងក្រុមហ៊ុនទូរគមនាគមន៍ដូចជា Ooredoo និងT elenor ជាដើម។ ហើយបច្ចេកវិទ្យាទាំងនេះគ្រោងនឹងមានដំណើរការ មុនថ្ងៃទី១៥ ខែកុម្ភៈ»។
យោងទៅតាមសេចក្តីចម្លងនៃសេចក្តីព្រាងច្បាប់រឹតត្បិតតាមប្រព័ន្ធអ៊ីនធឺណិតចំនួន ៣៦ ទំព័រ ដែលត្រូវបានស្នើឡើង និងទទួលបានដោយទីភ្នាក់ងារព័ត៌មាន Reuters និងត្រូវបានប្រែសម្រួលដោយសារព័ត៌មាន Financial Times សេចក្តីព្រាងច្បាប់នេះតម្រូវឲ្យក្រុមហ៊ុនផ្គត់ផ្គង់សេវាកម្មអ៊ីនធឺណិតនៅមីយ៉ាន់ម៉ា រក្សានូវទិន្នន័យអ្នកប្រើប្រាស់នៅឯទីតាំងមួយកំណត់ដោយរដ្ឋាភិបាលរយៈពេលបីឆ្នាំ។
ច្បាប់ថ្មីក៏តម្រូវឲ្យក្រុមហ៊ុនផ្គត់ផ្គង់សេវាកម្មអ៊ីនធឺណិតផ្តល់នូវព័ត៌មានទៅឲ្យក្រុមអាជ្ញាធរនៅ «ក្រោមច្បាប់ដែលមានស្រាប់ទាំងឡាយ» និងផ្តល់អំណាចដល់រដ្ឋដើម្បីធ្វើអន្តរាគមន៍នៅក្នុងករណី ដែលមានការគំរាមកំហែងដល់ «បូរណភាពនិងអធិបតេយ្យភាពដែនដី» របស់មីយ៉ាន់ម៉ា។ ប្រសិនបើរកឃើញថា ខកខាននៅក្នុងការគ្រប់គ្រងទិន្នន័យស្របតាមច្បាប់កំណត់ឲ្យ បុគ្គលរូបនោះអាចប្រឈមនឹងការជាប់ពន្ធនាគាររហូតដល់ទៅបីឆ្នាំ ឬត្រូវផាកពិន័យជាប្រាក់ចំនួន ៧.៥០០ដុល្លារ ឬទាំងពីរ។
អ្នកជំនាញផ្នែកសន្តិសុខតាមប្រព័ន្ធអ៊ីនធឺណិតរូបនោះ និយាយបន្តថា ការតម្រូវខាងលើនេះនឹងត្រូវតាមដានដោយគ្រឿងសម្ភារៈផ្គត់ផ្គង់ជាជញ្ជាំងការពារ Firewall ផ្តល់ឲ្យដោយប្រទេសចិន។
អ្នកជំនាញរូបនេះបានបន្ថែមថា៖ «បច្ចេកវិទ្យាជញ្ជាំងការពារ Firewall ចុងក្រោយមានមុខងារអាចត្រួតពិនិត្យដោយលម្អិត។ ជញ្ជាំងការពារនេះអាចចូលតាមដានចរាចរណ៍ទិន្នន័យ ហើយអ្នកអាចមើលឃើញថា ទិន្នន័យអ្វីខ្លះកំពុងត្រូវបានបញ្ជូន។ ដូច្នេះ ខ្ញុំគិតថា ពួកគេព្យាយាមគ្រប់គ្រងអ៊ីនធឺណិតដោយប្រើបច្ចេកវិទ្យាថ្មីបំផុត»។
អ្នកជំនាញដែល VOA បានសម្ភាសក៏បាននិយាយថា គ្រឿងសម្ភារៈទាំងនោះប្រហែលមកពីក្រុមហ៊ុនទូរគមនាគមន៍ចិន Huawei ប៉ុន្តែ VOA មិនអាចបញ្ជាក់រឿងនេះបាននោះទេ។ កន្លងមករដ្ឋាភិបាលក្រុងវ៉ាស៊ីនតោនបានដាក់បម្រាមលើក្រុមហ៊ុនអាមេរិកពីការធ្វើពាណិជ្ជកម្មជាមួយនឹងក្រុមហ៊ុន Huawei ដោយសារបញ្ហាសន្តិសុខ។
រូបថតនានាលេចចេញតាមបណ្តាញសង្គម Twitter និង Facebook បង្ហាញពីមនុស្សកំពុងដាក់តម្រៀបប្រអប់ទំនិញចេញពីជើងយន្តហោះពីប្រទេសចិនមកកាន់មីយ៉ាន់ម៉ា។ ពលរដ្ឋមីយ៉ាន់ម៉ាជាច្រើនជឿថា ប្រអប់ទាំងនោះមានផ្ទុកនូវគ្រឿងសម្ភារៈ ដែលត្រូវបានប្រើប្រាស់ដោយចិន ដើម្បីដាក់កំហិតលើសកម្មភាពតាមប្រព័ន្ធអ៊ីនធឺណិត។
ចិនបានបដិសេធការចោទប្រកាន់ទាំងនេះ។ លោក Wang Wenbin អ្នកនាំពាក្យក្រសួងការបរទេសចិន បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានមួយ កាលពីថ្ងៃទី១០ ខែកុម្ភៈថា លោកមិនធ្លាប់ដែលបានឮដំណឹងថា ចិនផ្គត់ផ្គង់នូវគ្រឿងសម្ភារៈ និងអ្នកជំនាញផ្នែកព័ត៌មានវិទ្យាទៅកាន់ប្រទេសមីយ៉ាន់ម៉ានោះទេ។
លោកក៏បានស្នើឲ្យពលរដ្ឋឈប់យកចិត្តទុកដាក់លើអ្វី ដែលលោកហៅថា «ការលើកឡើងមិនពិត និងពាក្យចចាមរាម» ជុំវិញការពាក់ព័ន្ធរបស់ចិននៅមីយ៉ាន់ម៉ា។
រដ្ឋាភិបាលចិនមានបទពិសោធន៍ទូលំទូលាយនៅក្នុងផ្នែកការរឹតត្បិតតាមប្រព័ន្ធអ៊ីនធឺណិត។ ដោយសារតែមាន «ជញ្ជាំងការពារ Firewall នៅលើប្រព័ន្ធអ៊ីនធឺណិត» ប្រជាជននៅចិនដីគោកមិនអាចប្រើប្រាស់បណ្តាញសង្គមរបស់បស្ចិមលោក ដូចជា Facebook, Twitter និង Instagram ជាដើម ហើយកម្មវិធីផ្សព្វផ្សាយ និងបណ្តាញសង្គមនៅក្នុងប្រទេសចិន ត្រូវរងការរឹតត្បិតតឹងរ៉ឹង។
ចិនមានផលប្រយោជន៍ផ្នែកសេដ្ឋកិច្ច និងភូមិសាស្រ្តនយោបាយធំធេងនៅមីយ៉ាន់ម៉ា។ ចិនធ្លាប់ជាដៃគូបរទេសសំខាន់បំផុតជាយូរយារណាស់មកហើយជាមួយមីយ៉ាន់ម៉ា ហើយមីយ៉ាន់ម៉ាចាត់ទុកចិន «ជាប្រភពចម្បងនៃការវិនិយោគ ការការពារផ្នែកការទូត និងទម្ងន់គាំទ្រទៅលើក្រុមកុលសម្ព័ន្ធប្រដាប់អាវុធដែលប្រយុទ្ធនឹងយោធានៅក្នុងប្រទេស[មីយាន់ម៉ា]»។ នេះបើយោងទៅតាមអង្គការដោះស្រាយវិបត្តិអន្តរជាតិ (International Crisis Group)។
ទោះបីជាមានការថ្កោលទោសយ៉ាងខ្លាំងពីសំណាក់សហគមន៍អន្តរជាតិជុំវិញការប្រព្រឹត្តរបស់មីយ៉ាន់ម៉ាមកលើជនភាគតិចរ៉ូហ៊ីងយ៉ា (Rohingya) ក៏ដោយ ក៏ចិនបន្តគាំទ្រមីយ៉ាន់ម៉ាដូចដែលខ្លួនបានគាំទ្រយោធាចាប់តាំងពីរដ្ឋប្រហារ កាលពីថ្ងៃទី០១ ខែកុម្ភៈមក។
លោក Christopher Ankersen សាស្រ្តាចារ្យរងនៅមជ្ឈមណ្ឌលកិច្ចការអន្តរជាតិនៃសាកលវិទ្យាល័យ New York បានប្រាប់ VOA ថា រដ្ឋាភិបាលយោធាមីយ៉ាន់ម៉ាមានទំនោរងាកទៅរករដ្ឋាភិបាលក្រុងប៉េកាំង នៅពេលប្រឈមនឹងការដាក់ទណ្ឌកម្មពីសហរដ្ឋអាមេរិក និងពេលត្រូវបានកាត់ផ្តាច់ពីបណ្តាប្រទេសប្រកាន់លទ្ធិប្រជាធិបតេយ្យដទៃទៀត។
លោកបានថ្លែងថា៖ «ទណ្ឌកម្ម និងការបង្កកទ្រព្យដែលត្រូវបានប្រកាសឡើងដោយលោកប្រធានាធិបតី Biden អាចជំរុញឲ្យយោធាមីយ៉ាន់ម៉ាងាកទៅចិនសម្រាប់ជំនួយបន្ថែម»។
កាលពីថ្ងៃពុធទី១០ ខែកុម្ភៈ លោក Biden បានអនុម័តនូវបទបញ្ជា «ជួយជ្រោមជ្រែងការដាក់ទណ្ឌកម្មមកលើមេដឹកនាំយោធា[មីយ៉ាន់ម៉ា] ដែលបានដឹកនាំធ្វើរដ្ឋប្រហារ» ចំពោះផលប្រយោជន៍ផ្នែកធុរកិច្ចនិងសាច់ញតិរបស់មេដឹកនាំយោធាទាំងនោះ។
ក្រុមហ៊ុនផ្តល់សេវាកម្មតាមអ៊ីនធឺណិតធំៗបំផុតមួយចំនួនរបស់ពិភពលោក កំពុងចូលរួមជាមួយនឹងក្រុមសង្គមស៊ីវិលនៅមីយ៉ាន់ម៉ា នៅក្នុងការប្រឆាំងនឹងសេចក្តីព្រាងច្បាប់លើសន្តិសុខតាមប្រព័ន្ធអ៊ីនធឺណិត ដែលត្រូវបានស្នើឡើង ដោយលើកឡើងថា ច្បាប់នេះធ្វើឲ្យប៉ះពាល់សិទ្ធិមនុស្សជាមូលដ្ឋាន និងសេដ្ឋកិច្ច។ រដ្ឋប្រហារដោយយោធាដើម្បីទម្លាក់រដ្ឋាភិបាលជ្រើសតាំងដោយការឆ្នោតពីអំណាចបានបង្កឲ្យមានការធ្វើបាតុកម្មយ៉ាងខ្លាំងតាមដងផ្លូវ។
ក្រុមចម្រុះការពារសិទ្ធិតាមប្រព័ន្ធអ៊ីនធឺណិតនៅអាស៊ី (Asian Internet Coalition) កាលពីថ្ងៃព្រហស្បតិ៍ទី១១ ខែកុម្ភៈ បានចេញនូវសេចក្តីថ្លែងការណ៍មួយ ដោយនិយាយថា សំណើច្បាប់ដែលត្រូវបានធ្វើឡើងនេះបានផ្តល់ឲ្យមេដឹកនាំយោធានូវ «អំណាចមិនធ្លាប់មានពីមុនមកក្នុងការរឹតត្បិតលើពលរដ្ឋ និងរំលោភបំពានឯកជនភាពក៏ដូចជាខុសនឹងបទដ្ឋានលទ្ធិប្រជាធិបតេយ្យ និងសិទ្ធិជាមូលដ្ឋាន។ សមាជិកនៃក្រុមចម្រុះនេះរួមមានក្រុមហ៊ុន Apple, Facebook, Amazon និង Google ជាដើម។
សេចក្តីថ្លែងការណ៍បាននិយាយថា សេចក្តីព្រាងច្បាប់នឹង «ប៉ះពាល់យ៉ាងខ្លាំងទៅលើសេរីភាពនៃការបញ្ចេញមតិ និងតំណាងឲ្យការដើរថយក្រោយពីការជឿនលឿនទៅមុខអស់រយៈពេលជាច្រើនឆ្នាំមកនេះ»។
ក្រុមចម្រុះក៏បានអំពាវនាវឲ្យមេដឹកនាំយោធាពិចារណាពី «ផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរ» ដែលសេចក្តីព្រាងច្បាប់នោះ នឹងមានទៅលើប្រជាជនមីយ៉ាន់ម៉ា និងសេដ្ឋកិច្ចផងដែរ។
អង្គការសង្គមស៊ីវិលមីយ៉ាន់ម៉ាជាង ១៥០ បានលើកឡើងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា «មាត្រាចែងនៅក្នុងសេចក្តីព្រាងច្បាប់នោះគឺ រំលោភបំពានសិទ្ធិមនុស្សរួមមានសេរីភាពនៅក្នុងការបញ្ចេញមតិការការពារទិន្នន័យ និងឯកជនភាព ក៏ដូចជាគោលការណ៍លទ្ធិប្រជាធិបតេយ្យនិងសិទ្ធិមនុស្សផ្សេងទៀត»។
រដ្ឋាភិបាលយោធាមីយ៉ាន់ម៉ាបានបង្អាក់សេវាកម្មផ្គត់ផ្គង់អ៊ីនធឺណិត បន្ទាប់ពីរដ្ឋប្រហារ និងបានបញ្ជាឲ្យបិទការចូលទៅកាន់បណ្តាញសង្គមដូចជា Facebook និង Twitter កាលពីពេលថ្មីៗនេះ នៅក្នុងកិច្ចប្រឹងប្រែងដើម្បីបង្រ្កាបលើក្រុមប្រឆាំង។ ក្រោយមក សេវាកម្មអ៊ីនធឺណិតត្រូវបានដាក់ឲ្យប្រើប្រាស់ឡើងវិញដោយផ្នែក។
ក្រុមហ៊ុន Facebook មានអ្នកប្រើប្រាស់ជាង ២១ លាននាក់ នៅមីយ៉ាន់ម៉ា ដែលមានជិត ៤០ភាគរយនៃប្រជាជនសរុប ហើយជាមធ្យោបាយចម្បងសម្រាប់ពលរដ្ឋមីយ៉ាន់ម៉ាជាច្រើន ដើម្បីទាក់ទងទៅកាន់ពិភពលោក៕
ប្រែសម្រួលដោយលោក ណឹម សុភ័ក្រ្តបញ្ញា