សហរដ្ឋអាមេរិកនឹងដាក់ទណ្ឌកម្មលើថ្នាក់ដឹកនាំរដ្ឋប្រហារយោធា នៅក្នុងប្រទេសមីយ៉ាន់ម៉ា។ នេះបើតាមការប្រកាសរបស់លោកប្រធានាធិបតី Joe Biden កាលពីថ្ងៃពុធម្សិលមិញ។
លោក Biden បានបញ្ជាក់ជាថ្មីម្តងទៀតថា យោធាមីយ៉ាន់ម៉ាត្រូវតែបោះបង់ចោលនូវអំណាចដែលខ្លួនបានដណ្តើមយក «និង [ត្រូវ] បង្ហាញនូវការគោរពចំពោះតួនាទីរបស់ប្រជាពលរដ្ឋ» ដូចដែល «បានបង្ហាញឡើងនៅក្នុងការបោះឆ្នោតរបស់ប្រទេសមីយ៉ាន់ម៉ា កាលពីថ្ងៃទី ៨ ខែវិច្ឆិកា ឆ្នាំមុន»។
លោក Biden បានប្រកាសថា រដ្ឋាភិបាលសហរដ្ឋអាមេរិក «នឹងចាត់វិធានការដើម្បីរារាំងក្រុមឧត្តមសេនីយ៍នានា [របស់ប្រទេសមីយ៉ាន់ម៉ា] មិនឲ្យមានលទ្ធភាពមិនត្រឹមត្រូវ នៅក្នុងការប្រើប្រាស់ថវិការបស់រដ្ឋាភិបាលមីយ៉ាន់ម៉ាចំនួន ១ ពាន់លានដុល្លារ»។
លោក Biden ក៏បានអនុម័តផងដែរលើបទបញ្ជានីតិប្រតិបត្តិមួយ «ដែលអាចឲ្យសហរដ្ឋអាមេរិកដាក់ទណ្ឌកម្មបានភ្លាមៗ លើថ្នាក់ដឹកនាំរដ្ឋប្រហារយោធា [មីយ៉ាន់ម៉ា] លើផលប្រយោជន៍ផ្នែកពាណិជ្ជកម្មរបស់ពួកគេ និងលើសមាជិកក្រុមគ្រួសារជិតសិ្នទ្ធរបស់ពួកគេ»។
គោលដៅនៃការដាក់ទណ្ឌកម្មជុំទីមួយនឹងត្រូវកំណត់នៅសប្តាហ៍នេះ។ នេះបើតាមការពន្យល់របស់លោក Biden នៅក្នុងការលើកឡើងរបស់លោកអំពីស្ថានភាពនៅក្នុងប្រទេសមីយ៉ាន់ម៉ា។
លោក Biden បានបន្ថែមថា៖ «យើងក៏នឹងដាក់កំហិតផងដែរលើការត្រួតពិនិត្យការនាំចេញដ៏តឹងតែង សម្រាប់ទ្រព្យសម្បត្តិបង្កកនៅក្នុងសហរដ្ឋអាមេរិកទាំងឡាយណា ដែលផ្តល់ប្រយោជន៍ដល់រដ្ឋាភិបាលមីយ៉ាន់ម៉ា ខណៈរក្សាការគាំទ្ររបស់យើងចំពោះផ្នែកសុខាភិបាល អង្គការសង្គមស៊ីវិល និងផ្នែកផ្សេងៗទៀត ដែលផ្តល់ប្រយោជន៍ដោយផ្ទាល់ដល់ប្រជាពលរដ្ឋមីយ៉ាន់ម៉ា»។
ការធ្វើរដ្ឋប្រហាររបស់យោធាមីយ៉ាន់ម៉ា កាលពីថ្ងៃទី ១ ខែកុម្ភៈកន្លងទៅនេះ បានជំរុញឲ្យមានការធ្វើបាតុកម្មប្រឆាំងនៅទូទាំងប្រទេសមីយ៉ាន់ម៉ា រយៈពេល ៦ ថ្ងៃជាប់ៗគ្នា គិតត្រឹមថ្ងៃព្រហស្បតិ៍នេះ៕