យ៉ាងហោចណាស់មានជនរងគ្រោះចំនួន៦នាក់បានស្លាប់បាត់បង់ជីវិតក្នុងគ្រោះថ្នាក់បាក់សំណង់អគារមួយកម្ពស់៦ជាន់កាលពីថ្ងៃសុក្រនៅក្រុងកែប។ នេះបើតាមការបញ្ជាក់របស់អ្នកឃ្លាំមើលសិទ្ធិមនុស្ស។
ជនរងគ្រោះចំនួន១៦នាក់ផ្សេងទៀតត្រូវបានអាជ្ញាធរជួយសង្គ្រោះចេញពីគំនរបាក់បែកហើយកំពុងទទួលការព្យាបាលនិងបន្តរុករកអ្នកដែលនៅសេសសល់រហូតដល់យប់ជ្រៅ។ នេះបើតាមការបញ្ជាក់របស់អាជ្ញាធរខេត្តនិងអ្នកការពារសិទ្ធិមនុស្ស។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏បានធ្វើដំណើរទៅដល់កន្លែងកើតហេតុតែក្នុងរយៈពេលប៉ុន្មានម៉ោងក្រោយពីការបាក់រលំអគារនោះដើម្បីដឹកនាំប្រតិបត្តិការសង្គ្រោះដោយផ្ទាល់។
លោក កែន សត្ថា អភិបាលខេត្តកែបបានបញ្ជាក់ប្រាប់ VOA តាមទូរស័ព្ទថា អាជ្ញាធរប្រើប្រាស់កម្លាំងសរុបរួមរបស់ខេត្តដោយមានការចូលរួមពីក្រុមគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយចូលរួមផងដែរ។
លោកបានបន្ថែមថា៖ «យើងកំពុងតែប្រមូលផ្តុំកម្លាំងសរុបទាំងអស់ហើយមធ្យោបាយអីផ្សេងៗទាំងអស់ទាំងថ្នាក់ជាតិថ្នាក់តំបន់អីគឺកំពុងតែប្រញ៉ឹកដៃខ្លាំងណាស់»។
លោកអភិបាលខេត្តបានបន្ថែមថា អគារនោះមានកម្មករធ្វើការប្រហែលជាង៣០នាក់៖
«ឥឡូវនេះតួលេខប្រហែលមានតែ៣០នាក់ឬខ្ទង់លើ៣០នាក់តិចតួចខាងមេការសំណង់នៅទីនោះដែរ មិនទាន់យកព័ត៌មានច្បាស់ គឺក្នុងចំណោម៣០ទេ»។
អ្នកការពារសិទ្ធិមនុស្សបានឲ្យដឹងថា អគារដែលបាក់រលំនៅខេត្តកែបនោះមានម្ចាស់សំណង់ឈ្មោះ ឯក សារុន ជាប្តី និង ប្រពន្ធឈ្មោះ ឈីវ សុធី មានលំនៅបច្ចុប្បន្ននៅក្រុងព្រះសីហនុ។ លោក ឯក សារុន ត្រូវបានអាជ្ញាធរមានសមត្ថកិច្ចឃាត់ខ្លួនសាកសួរពាក់ព័ន្ធនឹងសំណង់នេះ។
លោក យន់ ផល្លី អ្នកសម្របសម្រួលនៃអង្គការសិទ្ធិមនុស្សអាដហុកប្រចាំខេត្តកំពតនិងកែបបានបញ្ជាក់ថាការបាក់នោះកើតឡើងនៅពេលដែលកម្មករសម្រាកដើម្បីទទួលអាហារពេលល្ងាច។
«ក្រោយពីចាក់បេតុងហើយ ក្រុមកម្មករទាំងអស់គាត់បានចុះមកសម្រាកហូបបាយ ហើយនៅពេលដែលហូបបាយជុំគ្នានោះក៏មានការបាក់ស្រុតអគារមកតែម្តង រាបដល់ដីទាំងអស់»។
បើតាមសេចក្តីប្រកាសព័ត៌មានរដ្ឋបាលខេត្តកែបគឺអ្នកស្លាប់បាត់បង់ជីវិតបួននាក់ត្រូវបានយកសាកសពចេញផុតពីគំនរបាក់បែកក្នុងនោះស្ត្រីបីនាក់និងបុរសម្នាក់។ រីឯអ្នកនៅរស់រានមានជីវិតរងរបួសដៃ ក្បាល ជើងនិងពីរនាក់គ្មានរបួសទេ។
លោក យន់ ផល្លី នៃសមាគមអាដហុកបានបន្ថែមថា ក្រុមជួយសង្គ្រោះបានឃើញសាកសពពីរនាក់ទៀតនៅជាប់ក្រោមគំនរបាក់បែក ប៉ុន្តែមិនទាន់ទាញចេញទេដោយប្រញ៉ាប់ជួយអ្នកដែលនៅរស់រានមានជីវិតដោយសារបានឮសំឡេងដង្ហោយហៅ។
ខាងក្រោមជាវីដែអូផ្សាយផ្ទាល់របស់បណ្តាញព័ត៌មានក្នុងស្រុកវីអូឌីនៅវេលាម៉ោង១១យប់ថ្ងៃសុក្រទី៣ ខែមករា ឆ្នាំ ២០១៩ បង្ហាញពីគំនរនៅកន្លែងអគារកម្ពស់៦ជាន់រលំក្នុងខេត្តកែប៖
ពលរដ្ឋកម្ពុជាបានបញ្ចេញមតិតាមបណ្តាញសង្គមចូលរួមអាណិតអាសូរជនរងគ្រោះហើយបានបន់ស្រន់ឱ្យអ្នកដែលនៅជាប់ក្នុងអគារនៅរស់រានមានជីវិត។
លោកឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំនៅកម្ពុជា Patrick Murphy ក៏បានបង្ហោះសារតាមបណ្តាញសង្គមធ្វីតថឺ (Twitter) ផ្ទាល់ខ្លួនចូលរួមរំលែកទុក្ខផងដែរ។ នៅក្នុងទំព័រធ្វីតថឺដែលចេញផ្សាយតែប៉ុន្មានម៉ោងក្រោយហេតុការណ៍នោះ លោកបានសរសេរថា៖
«ក្រៀមក្រំយ៉ាងខ្លាំងដែលបានឃើញព័ត៌មានថ្មីបំផុតស្តីពីការរលំអគារនៅថ្ងៃនេះក្នុងទីក្រុងកែបដែលជាប់មាត់សមុទ្រ។ ខ្ញុំទើបបានចំណាយពេលដ៏អស្ចារ្យជាច្រើនថ្ងៃនៅទីនោះ សូមបួងសួងដល់ក្រុមគ្រួសារជនរងគ្រោះនិងអ្នកដែលប៉ះពាល់ដទៃទៀត ហើយយើងសម្តែងការគាំទ្រទាំងស្រុងដល់ប្រតិបត្តិការជួយសង្គ្រោះដែលកំពុងកើតឡើង»។
ការបាក់អគារនេះកើតឡើងតែក្នុងរយៈពេលជាង៦ខែក្រោយពីសំណង់អគារចិនមួយបានបាក់រលំនៅក្រុងព្រះសីហនុដោយបានសម្លាប់មនុស្សអស់២៨នាក់។ បន្ទាប់ពីនោះរដ្ឋាភិបាលកម្ពុជាបានប្តេជ្ញាពង្រឹងការសុំច្បាប់សាងសង់ដោយអះអាងថាសំណង់មួយចំនួនធ្វើខុសលក្ខណៈបច្ចេកទេសនិងគ្មានច្បាប់អនុញ្ញាត៕