មនុស្សយ៉ាងតិចមនុស្ស១៧នាក់ បានស្លាប់ និង២៤នាក់ រងរបួសនៅក្នុងហេតុការណ៍បាក់អគារកំពុងសាងសង់មួយក្នុងខេត្តព្រះសីហនុ កាលពីម៉ោង៤ភ្លឺថ្ងៃសៅរ៍នេះ។ នេះបើយោងតាមអាជ្ញាធរខេត្តព្រះសីហនុនៅព្រឹកថ្ងៃអាទិត្យនេះ។ តួលេខនេះត្រូវគេរំពឹងថានឹងមានការប្រែប្រួលទៀត។
យោងតាមសេចក្តីប្រកាសព័ត៌មានមួយចេញផ្សាយនៅព្រឹកថ្ងៃអាទិត្យនេះ រដ្ឋបាលខេត្តព្រះសីហនុ បានឲ្យដឹងថា ក្រុមជួយសង្រ្គោះបានរកឃើញមនុស្សស្លាប់ចំនួន១៥នាក់ ហើយអាជ្ញាធរ កំពុងបន្តប្រតិបត្តិការជួយសង្រ្គោះ។
អគារបាក់នេះ មានកម្ពស់៧ជាន់ មានទីតាំងស្ថិតនៅក្នុងភូមិ៣ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ក្នុងខេត្តព្រះសីហនុ ដែលកំពុងមានការកើនឡើងយ៉ាងគំហុកនូវសំណង់ ខណ:មានកំណើនជនជាតិចិនមករស់នៅ និងរកស៊ីក្នុងខេត្តមួយនេះ។
សំណង់ដែលបាក់នេះ មានទទឹង១៥ម៉ែត្រ បណ្តោយ៣០ម៉ែត្រ និងកំពុងដំណើរការសាងសង់បានប្រមាណ៧០ទៅ៨០ភាគរយ។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ខេត្តព្រះសីហនុ។ អាជ្ញាធរកំពុងស៊ើបអង្កេតរកមូលហេតុនៃការបាក់អគារនេះ។
លោក យន្ត មីន អភិបាលខេត្តព្រះសីហនុ បានប្រាប់អ្នកសារព័ត៌មាននៅកន្លែងបាក់សំណង់អគារថា អាជ្ញាធរបានឃាត់សំណង់នេះ ចំនួន២ដងរួចមកហើយ ដោយលោកថាការធ្វើសំណង់នេះមិនអនុវត្តតាមបច្ចេកទេស។ ប៉ុន្តែលោកមិនបានបញ្ជាក់ថាមូលហេតុអ្វីបានជាមិនមានការបញ្ឈប់ការដ្ឋានសំណង់ រហូតមកដល់ថ្ងៃគ្រោះថ្នាក់។
លោកមានប្រសាសន៍ថា៖ «ហើយកន្លងទៅ ខេត្តធ្លាប់ឃាត់ញឹកណាស់សំណង់ដទៃ។ ខ្លះគាត់ស្តាប់ទៅ ខ្លះគាត់លួច។ អញ្ចឹងអានេះ ខ្ញុំឃាត់ពីរដងហើយ»។
សមត្ថកិច្ចបានចាប់ខ្លួនមនុស្ស៤នាក់ រហូតមកដល់ពេលនេះ ក្នុងនោះមានជនជាតិចិន៣នាក់ ដែលជាម្ចាស់ការដ្ឋានសំណង់ អ្នកម៉ៅការសាងសង់ អ្នកម៉ៅការបូកជញ្ជាំងអគារ និងជនជាតិខ្មែរម្នាក់ដែលជាម្ចាស់ដី។ នេះបើយោងតាមសេចក្តីប្រកាសរបស់អាជ្ញាធរខេត្ត។
ក្រុងព្រះសីហនុ កំពុងរីកដុះដាលសំណង់យ៉ាងគំហុក ក្នុងរយ:ពេលពីរបីឆ្នាំចុងក្រោយនេះ ក្រោយមានកំណើនជនជាតិចិនយ៉ាងគំហុកមកក្នុងខេត្តមួយនេះ។ សំណង់ទាំងនេះមានដូចជាសណ្ឋាគារ កាស៊ីណូ ភោជនីយដ្ឋាន កន្លែងស្នាក់សម្រាប់ជួល និងសំណង់ផ្សេងៗ៕