ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

រដ្ឋមន្ត្រី​ការបរទេស​អង់គ្លេស និង​បារាំង​​មិន​ចូលរួម​ក្នុង​កិច្ច​ពិភាក្សា​ពិសេស​របស់​សហភាព​អឺរ៉ុប​ផ្ដោត​លើ​លោក Trump


រូបឯកសារ៖ រដ្ឋ​មន្ត្រី​ការ​បរទេស​អង់គ្លេស​ លោក Boris Johnson (ស្តាំ) ​និង​លោក​ Jean-Marc Ayrault (ឆ្វេង) ក្នុង​កិច្ច​ប្រជុំ​ថ្នាក់​រដ្ឋ​មន្ត្រី​មួយ​អំពី​អនាគត​ក្រុង​ Mosul កាលពី​ខែ​តុលា។
រូបឯកសារ៖ រដ្ឋ​មន្ត្រី​ការ​បរទេស​អង់គ្លេស​ លោក Boris Johnson (ស្តាំ) ​និង​លោក​ Jean-Marc Ayrault (ឆ្វេង) ក្នុង​កិច្ច​ប្រជុំ​ថ្នាក់​រដ្ឋ​មន្ត្រី​មួយ​អំពី​អនាគត​ក្រុង​ Mosul កាលពី​ខែ​តុលា។

​រដ្ឋមន្ត្រី​ការបរទេស​អង់គ្លេស ​និង​រដ្ឋមន្ត្រី​ការបរទេស​បារាំង​នឹង​មិន​ចូលរួម​នៅ​ក្នុង​កិច្ច​ប្រជុំ​ពិសេស​ជាមួយ​នឹង​សមភាគី​របស់​ខ្លួន​នៃ​សហភាព​អឺរ៉ុប ​ដើម្បី​ពិភាក្សា​អំពី​វិធី​នានា​ក្នុង​ការ​ធ្វើ​ការ​ទំនាក់ទំនង​ជាមួយ​នឹង​លោក ​Donald Trump ​ដែល​ជា​ប្រធានាធិបតី​ជាប់​ឆ្នោត​របស់​សហរដ្ឋ​អាមេរិក នៅ​ថ្ងៃ​អាទិត្យ​នេះ​ទេ។

លោកស្រី ​Federica Mogherini ​ដែល​ជា​ប្រធាន​គោល​នយោបាយ​ការបរទេស​នៃ​សហភាព​អឺរ៉ុប បាន​អំពាវនាវ​ឲ្យ​មាន​ការ​ប្រជុំ​បន្ទាន់​ដែល​នឹង​ធ្វើ​ឡើង​នៅ​ក្នុង​ទីក្រុង​ព្រុចស៊ែល​ ប្រទេស​បែលហ្ស៊ិក​ដោយ​ផ្ដោត​លើ​គោល​នយោបាយ​នានា ​ដែល​ក្នុង​នោះ​រួម​មាន​ទាំង​បញ្ហា​ការ​ប្ដេជ្ញា​ចិត្ត​របស់​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន​ចំពោះ​ទ្វីប​អឺរ៉ុប​ផង​ដែរ បន្ទាប់ពី​ជ័យជម្នះដ៏​គួរ​ឲ្យ​ភ្ញាក់​ផ្អើល​របស់​លោក Trump ​នៅ​ក្នុង​ការ​បោះ​ឆ្នោតសហរដ្ឋ​អាមេរិក​កាល​ពី​ថ្ងៃ​អង្គារ​ទី ៨ ​ខែ​វិច្ឆិកា កន្លង​ទៅ​នេះ។

អ្នក​នាំ​ពាក្យ​របស់​ការិយាល័យ​កិច្ចការ​បរទេស​អង់គ្លេស​បាន​និយាយ​ថា លោក​ Boris Johnson ដែល​ជា​រដ្ឋមន្ត្រី​ការបរទេស​អង់គ្លេស​ នឹង​មិន​ចូលរួម​នៅ​ក្នុង​កិច្ច​ប្រជុំ​នៅ​ថ្ងៃ​អាទិត្យ​នេះ​ទេ ប៉ុន្តែ​នឹង​ចូលរួម​នៅ​ក្នុង​កិច្ច​ប្រជុំ​របស់​ក្រុម​ប្រឹក្សា​កិច្ចការ​បរទេស​របស់​សហភាព​អឺរ៉ុប​ដែល​ធ្វើ​ឡើង​ជា​ប្រក្រតី​នៅ​ថ្ងៃ​ចន្ទ​ស្អែក។

ស្រប​ពេល​ជាមួយ​គ្នា​នោះ​ដែរ ទីភ្នាក់ងារ​ព័ត៌មាន​បារាំង​បាន​រាយការណ៍​ថា រដ្ឋមន្ត្រី​ការបរទេស​បារាំង​លោក ​Jean-Marc Ayrault ​ក៏​នឹង​មិន​ចូលរួម​នៅ​ក្នុង​កិច្ច​ប្រជុំ​នេះ​ដែរ។

ប៉ុន្តែ ​ឯក​អគ្គរដ្ឋទូត​របស់​ចក្រភព​អង់គ្លេស និង​ប្រទេស​បារាំង​ប្រចាំ​សហភាព​អឺរ៉ុប នឹង​ធ្វើ​ជា​តំណាង​ឲ្យ​ប្រទេស​របស់​ខ្លួន​ចូលរួម​នៅ​ក្នុង​កិច្ច​ប្រជុំ​នេះ។

លោក ​Jeaan-Claude Juncker ​ដែល​ជា​ប្រធាន​គណៈកម្មការ​អឺរ៉ុប ដែល​ជា​អង្គ​នីតិ​ប្រតិបត្តិ​របស់​សហភាព​អឺរ៉ុប ​បាន​និយាយ​ថា លោក Trump ​អាច​បង្ក​គ្រោះថ្នាក់​ដល់​ទំនាក់ទំនង​រវាង​សហភាព​អឺរ៉ុប និង​សហរដ្ឋ​អាមេរិក៕

XS
SM
MD
LG