ពួកមន្ត្រីតួកគី បានឃាត់ខ្លួនសមាជិកសភា១២នាក់ដែលតំណាងគណបក្សលម្អៀងទៅខាងពួកជនអំបូរឃើដ ធំជាងគេរបស់ប្រទេសនេះកាលពីថ្ងៃសុក្រដែលបានបណ្តាលឱ្យមានការប្រឆាំងពីពួកប្រទេសក្នុងសហភាពអឺរ៉ុប និងស.រ.អា.។
លោករដ្ឋមន្ត្រីការបរទេសតួកគី Mevlut Cavusoglu បានឆ្លើយតបជាបន្ទាន់ ដោយលោកបានហៅប្រតិកម្មរបស់ពួកមេដឹកនាំសហភាពអឺរ៉ុបដល់ការចាប់ខ្លួនពួកសមាជិកសភាទាំងនេះ ថាជាការមិនអាចទទួលយកបានទេ ហើយលោកបានចោទប្រកាន់ប្រទេសភាគច្រើនក្នុងសហភាពអឺរ៉ុបថាគាំទ្រខ្លាំងដល់គណបក្សសកម្មប្រយុទ្ធឃើដ ដែលហៅកាត់ថា PKK។
លោករដ្ឋមន្ត្រីការបរទេសតួកគី បាននិយាយប្រាប់ពួកអ្នកកាសែតថា៖ «ប្រទេសច្រើនបំផុតក្នុងសហភាពអឺរ៉ុបគាំទ្រខ្លាំងណាស់ដល់ PKK។ យើងនឹងមិនទទួលមេរៀនពីពួកគេអំពីនីតិរដ្ឋទេ»។
ពួកបស្ចឹមប្រទេសជាច្រើនបានរិះគន់ខ្លាំងឡើងៗដល់ការប្រើអំណាចដោយអាជ្ញាធរតួកគី ចាប់តាំងពីស្ថានភាពគ្រាមានអាសន្នបានត្រូវប្រកាសនៅក្រោយមានរដ្ឋប្រហារគ្មានជោគជ័យមួយកាលពីខែកក្កដា។ អាជ្ញាធរតួកគី បានចាប់ខ្លួនមន្ត្រី១១ម៉ឺននាក់នៅក្នុងរយៈពេលប៉ុន្មានខែក្រោយរដ្ឋប្រហារនោះ។
លោក Selahattin Demitras និងលោក Figen Yiksedag ដែលជាសហមេដឹកនាំនៃគណបក្សប្រជាធិបតេយ្យរបស់ប្រជាជន ហៅកាត់ថា HDP ឋិតនៅក្នុងចំណោមសមាជិកសភា១២ រូប ដែលបានជាប់គុកកាលពីថ្ងៃសុក្រ។ សមាជិកសភាខ្លះបានត្រូវដោះលែងនៅពេលបន្ទាប់៕