ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ក្រសួង​ការពារ​ជាតិ​អង់គ្លេស​ថា​អ្នក​ទោស​​ធ្វើ​ទាហាន​នៅ​ក្រុម Wagner​ ដែល​ត្រូវ​លើកលែង​ទោស​ទំនង​បន្ត​​ជា​ទាហាន​អាជីព​ជាប់​កិច្ចសន្យា


បុគ្គលិក​សង្គ្រោះ​បន្ទាន់​​ធ្វើ​ការ​នៅ​ទីតាំង​អគារ​មួយ​កន្លែង​ដែល​ត្រូវ​បំផ្លាញ​ដោយ​ការ​វាយប្រហារ​ពី​រុស្ស៊ី ​នៅ​ទីក្រុង​កំពង់ផែ Odesa ប្រទេស​អ៊ុយក្រែន កាល​ពី​ថ្ងៃ​ទី​២០ ខែ​កក្កដា ឆ្នាំ​២០២៣។​
បុគ្គលិក​សង្គ្រោះ​បន្ទាន់​​ធ្វើ​ការ​នៅ​ទីតាំង​អគារ​មួយ​កន្លែង​ដែល​ត្រូវ​បំផ្លាញ​ដោយ​ការ​វាយប្រហារ​ពី​រុស្ស៊ី ​នៅ​ទីក្រុង​កំពង់ផែ Odesa ប្រទេស​អ៊ុយក្រែន កាល​ពី​ថ្ងៃ​ទី​២០ ខែ​កក្កដា ឆ្នាំ​២០២៣។​

ពួក​ទាហាន​ស៊ីឈ្នួល​ដែល​ជា​អ្នក​ទោស​បម្រើ​ក្នុង​ក្រុម Wagner​ ចុងក្រោយ​មាន​កំណត់​ពេល​ត្រូវ​រួច​ពី​កាតព្វកិច្ចរបស់​ខ្លួន​«ក្នុង​ប៉ុន្មាន​ថ្ងៃ​ខាង​មុខ​នេះ»។ នេះ​បើ​តាម​ក្រសួង​ការពារ​ជាតិ​ចក្រភព​អង់គ្លេស​នៅ​ថ្ងៃ​សុក្រ​នេះ។

ក្រសួង​ការពារ​ជាតិ​អង់គ្លេស​បាន​ប្រាប់​ឱ្យ​ដឹង​នៅ​ក្នុង​របាយការណ៍​ស៊ើបការណ៍​សម្ងាត់​ប្រចាំ​ថ្ងៃ​មួយអំពី​ការឈ្លានពាន​របស់​រុស្ស៊ី​លើ​ប្រទេស​អ៊ុយក្រែន​ថា​ចំនួន​ពិរុទ្ធជន​ដ៏​ច្រើន​ដែល​បាន​លើកលែង​ទោស​នឹង​«ទំនង»​បន្ត​ធ្វើការ​ជាទាហាន​អាជីព​ជាប់​កិច្ច​សន្យារបស់​ក្រុម Wagner។ រុស្ស៊ី​ឥឡូវនេះ​ត្រួតត្រា​បណ្តាញ​ជ្រើសរើស​អ្នក​ទោស​របស់​ក្រុម Wagner។

ក្រុម Wagnerបាន​រីក​លូតលាស់​ក្លាយ​ជា​អង្គការ​មួយ​ដែល​បាន​រៀបចំ​ការបះបោរ​ប្រឆាំង​អាជ្ញាធរ​របស់​ប្រធានាធិបតី​រុស្ស៊ី ​លោក​Vladimir Putin​ កាលពី​ខែ​មុន។ ការបញ្ចប់​កម្មវិធី​ជ្រើសរើស​អ្នក​ទោស​របស់​ក្រុម Wagnerកត់សម្គាល់​នូវ​ព្រឹត្តិការណ៍​នៃ​ការបង្ហូរ​ឈាម​ដ៏​ខ្លាំង​បំផុត​មួយ​នៅ​ក្នុង​ប្រវត្តិសាស្ត្រ​យោធា​សម័យ​ទំនើប ​ដោយ​មាន​ទាហានជ្រើស​រើស​ជា​អ្នក​ទោស​២ម៉ឺន​នាក់​បាន​ស្លាប់​ក្នុង​ប៉ុន្មាន​ខែ​មុន។

កាលពី​យប់​ថ្ងៃ​ព្រហស្បតិ៍ ​ប្រធានាធិបតី​អ៊ុយក្រែន​លោកVolodymyr Zelenskyy បាន​និយាយ​នៅ​ក្នុង​សុន្ទរកថា​ប្រចាំ​ថ្ងៃ​របស់​លោក​ថា​រុស្ស៊ី​បាន​ប្រើ​«មីស៊ីល​ប្រភេទ​ផ្សេងៗ»​ជិត៧០​គ្រាប់​វាយ​ប្រហារ​លើ​អ៊ុយក្រែន​ចាប់តាំងពី​ថ្ងៃ​ចន្ទ​មក​«ហើយ​និង​វាយ​ប្រហារ​យ៉ាង​ខ្លាំង​ក្លា​ប្រឆាំង​នឹង​តំបន់ Odesaនិង Mykolaiv​និង​ទីក្រុង​និង​សហគមន៍នានា​នៅ​ភាគ​ខាង​ត្បូង​របស់​យើង»។

លោក​ប្រធានាធិបតី​បាន​មាន​ប្រសាសន៍​ទៀត​ថា​ជា​អកុសល​«ទាហានការពារ​ដែន​អាកាស​របស់​យើង​មិន​អាច​ការពារ​ដែន​អាកាស​អ៊ុយក្រែន​ទាំង​មូល​បាន»​ក៏​ប៉ុន្តែ ​អ៊ុយក្រែន​កំពុង​ធ្វើការ​ដើម្បី​ទទួល​បាន​ប្រព័ន្ធ​ការពារ​ដែន​អាកាស​ផ្សេង​ទៀត។

រុស្ស៊ី​បាន​វាយប្រហារ​ទីក្រុង​នានា​នៅ​ផ្នែក​ខាង​ត្បូង​ប្រទេស​អ៊ុយក្រែន​ដោយ​ប្រើ​ដ្រូន​និង​មីស៊ីល​៣​យប់​ជាប់ៗ​គ្នា​កាលពី​ថ្ងៃព្រហស្បតិ៍ ​ជា​ពិសេស​ដៅ​លើ​ទីក្រុង Odesa​ ដែល​ជា​កំពង់ផែ​ដ៏​សំខាន់​នៅ​សមុទ្រ​ខ្មៅ​របស់​អ៊ុយក្រែន។

មនុស្ស​២នាក់​បាន​ត្រូវ​សម្លាប់​នៅ​ក្នុង​ទីក្រុង Odesaហើយ​១៩នាក់​ទៀត​បាន​រងរបួស​នៅ​ក្នុង​ទីក្រុង Mykolaiv​ ដែល​ជា​ទីក្រុង​មួយ​ជាប់​សមុទ្រ​ខ្មៅ។ នេះ​បើ​តាម​ពួក​មន្ត្រី​អ៊ុយក្រែន៕

អ្នក​ឆ្លើយឆ្លង​ព័ត៌មាន​សន្តិសុខ​ជាតិ​របស់ VOA លោក Jeff Seldin អ្នក​យក​ព័ត៌មាន​របស់​ VOA​ប្រចាំ​ក្រសួង​ការពារ​ជាតិ អ្នកស្រី​Carla Babb អ្នកយកព័ត៌មាន​របស់ VOAប្រចាំ​សេតវិមាន​អ្នកស្រី​ Anita Powel អ្នកយកព័ត៌មានVOAនៅ​អង្គការ​សហប្រជាជាតិ​អ្នកស្រី​ Margaret Besheer និង​អ្នកស្រី​ Anna Chernikova អ្នក​យក​ព័ត៌មាន​របស់ VOA​ ​នៅ​ទីក្រុង​កៀវ​បាន​ផ្តល់​សេចក្តី​រាយការណ៍​នេះ។ ព័ត៌មាន​ខ្លះ​នៃ​សេចក្តី​រាយការណ៍​នេះ​ដកស្រង់​ពី​ទីភ្នាក់ងារ​សារព័ត៌មាន AP, AFPនិង Reuters។

XS
SM
MD
LG