ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

រុស្ស៊ី​ថា អ៊ុយក្រែន​ប្រើ​ដ្រូន​វាយ​ប្រហារ​លើ​ទីក្រុង​មូស្គូ​និង​តំបន់ Crimea


បុគ្គលិក​សន្តិសុខ​មួយ​រូប​ឈរ​យាម​នៅ​ក្បែរ​អគារ​មួយ​កន្លែង​ ដែល​ត្រូវ​ខូចខាត​ដោយ​អ្វី​ដែល​គេ​គិត​ថា​ជា​ការ​វាយប្រហារ​តាម​ដ្រូន នៅ​ទី​ក្រុង​មូស្គូ ប្រទេស​រុស្ស៊ី កាល​ពី​ថ្ងៃ​ទី​២៤ ខែ​កក្កដា ឆ្នាំ​២០២៣។
បុគ្គលិក​សន្តិសុខ​មួយ​រូប​ឈរ​យាម​នៅ​ក្បែរ​អគារ​មួយ​កន្លែង​ ដែល​ត្រូវ​ខូចខាត​ដោយ​អ្វី​ដែល​គេ​គិត​ថា​ជា​ការ​វាយប្រហារ​តាម​ដ្រូន នៅ​ទី​ក្រុង​មូស្គូ ប្រទេស​រុស្ស៊ី កាល​ពី​ថ្ងៃ​ទី​២៤ ខែ​កក្កដា ឆ្នាំ​២០២៣។

ប្រទេស​រុស្ស៊ី​បាន​រាយការណ៍​ថា ការ​វាយ​ប្រហារ​ដោយ​ដ្រូន​របស់​អ៊ុយក្រែន​នៅ​ថ្ងៃ​ចន្ទ​នេះ​បាន​សំដៅ​លើ​ទីក្រុង​មូស្គូ​និង​តំបន់ Crimea ដែល​រុស្ស៊ី​ត្រួតត្រា។ រី​ឯ​អ៊ុយក្រែន​វិញ​បាន​បញ្ជាក់​ថា រុស្ស៊ី​បាន​ធ្វើ​ការ​វាយ​ប្រហារ​តាម​អាកាស​ថ្មី​ចុងក្រោយ​បង្អស់​របស់​ខ្លួន​លើ​កំពង់ផែ​ទីក្រុង Odesa នៅ​ភាគ​ខាង​ត្បូង​ប្រទេស។

យោធា​រុស្ស៊ី​បាន​និយាយ​ថា ខ្លួន​បាន​បាញ់​ទម្លាក់​ដ្រូន​ពីរ​គ្រឿង​ដែល​វាយ​ប្រហារ​លើ​ទីក្រុង​មូស្គូ។

អភិបាល​ក្រុង​មូស្គូ​លោក Sergei Sobyanin បាន​និយាយ​ថា អគារ​មិន​មែន​សម្រាប់​ស្នាក់នៅ​ពីរ​កន្លែង​ត្រូវ​បាន​បំផ្លាញ ប៉ុន្តែ​ថា​ មិន​មាន​សេចក្ដី​រាយការណ៍​ណា​មួយ​ថា​មាន​អ្នក​ស្លាប់​ឬ​ក៏​រង​របួស​នោះ​ទេ។

ទីភ្នាក់ងារ​សារព័ត៌មាន​របស់​រុស្ស៊ី​បាន​បញ្ជាក់​ថា បំណែក​របស់​ដ្រូន​មួយ​គ្រឿង​ត្រូវ​បាន​រក​ឃើញ​នៅ​តំបន់ Komsomolsky នៅ​ជិត​ក្រសួង​ការពារ​ជាតិ​រុស្ស៊ី។

នៅ​ក្នុង​តំបន់ Crimea អភិបាល​តំបន់​នេះ​ដែល​រុស្ស៊ី​បាន​តែងតាំង​បាន​និយាយ​ថា ការ​វាយ​ប្រហារ​ដោយ​ដ្រូន​មួយ​គ្រឿង​របស់​អ៊ុយក្រែន​បាន​ប៉ះ​ចំ​ឃ្លាំង​គ្រាប់​រំសេវ ហើយ​ប្រព័ន្ធ​ការពារ​ដែន​អាកាស​បាន​បាញ់​ទម្លាក់​ដ្រូន ១១ គ្រឿង។

ស្រប​ពេល​នេះ​ដែរ យោធា​អ៊ុយក្រែន​បាន​លើកឡើង​ថា រុស្ស៊ី​បាន​បំផ្លាញ​ឃ្លាំង​គ្រាប់​ធញ្ញជាតិ​មួយ​កន្លែង​និង​បាន​ធ្វើ​ឱ្យ​បុគ្គលិក ៤ នាក់​រង​របួស​នៅ​ក្នុង​ការ​វាយ​ប្រហារ​ថ្មី​ចុងក្រោយ​បង្អស់​របស់​រុស្ស៊ី​លើ​ហេដ្ឋារចនាសម្ព័ន្ធ​កំពង់ផែ​នៅ​ក្នុង​ទីក្រុង Odesa។

បញ្ជាការដ្ឋាន​យោធ​ភូមិភាគ​ខាង​ត្បូង​របស់​អ៊ុយក្រែន​បាន​បញ្ជាក់​ថា ខ្លួន​បាន​បាញ់​ទម្លាក់​ដ្រូន ៣ គ្រឿង​របស់​រុស្ស៊ី​ដែល​ជា​ផ្នែក​មួយ​នៃ​ការ​វាយ​ប្រហារ​នៅ​ថ្ងៃ​ចន្ទ​នេះ។

រុស្ស៊ី​បាន​វាយ​ប្រហារ​ទីក្រុង Odesa ជា​ច្រើន​ដង​នៅ​ក្នុង​សប្ដាហ៍​បន្ទាប់ពី​ខ្លួន​បាន​ប្រកាស​ចាកចេញ​ពី​គម្រោង​ផ្ដួចផ្ដើម​គ្រាប់​ធញ្ញជាតិ​សមុទ្រ​ខ្មៅ (Black Sea Grain Initiative)។ គម្រោង​នេះ​អនុញ្ញាត​ឱ្យ​មាន​ការ​ដឹក​ជញ្ជូន​គ្រាប់​ធញ្ញជាតិ​ដោយ​សុវត្ថិភាព​ពី​កំពង់ផែ​របស់​អ៊ុយក្រែន​កាត់​តាម​សមុទ្រ​ខ្មៅ។

នៅ​ក្នុង​សុន្ទរកថា​កាលពី​យប់​ថ្ងៃ​អាទិត្យ ប្រធានាធិបតី​អ៊ុយក្រែន​លោក Volodymyr Zelenskyy បាន​ថ្កោលទោស​ការ​វាយ​ប្រហារ​របស់​រុស្ស៊ី​លើ​ទីក្រុង Odesa ជាពិសេស​លើ​មជ្ឈមណ្ឌល​ប្រវត្តិសាស្ត្រ​របស់​ខ្លួន ដែល​ជា​ទីតាំង​បេតិកភណ្ឌ​ពិភពលោក​មួយ​របស់​អង្គការ​យូណេស្កូ (UNESCO)។

លោក Zelenskyy បាន​ប្តេជ្ញា​សងសឹក​វិញ​ដោយ​និយាយ​ថា៖ «រុស្ស៊ី​នឹង​ប្រាកដ​ជា​ស្គាល់​រសជាតិ​នេះ»៕

ព័ត៌មាន​ខ្លះ​នៅ​ក្នុង​សេចក្ដី​រាយការណ៍​នេះ​ត្រូវ​បាន​ផ្ដល់​ឱ្យ​ដោយ​ទីភ្នាក់ងារ​សារព័ត៌មាន AP ទីភ្នាក់ងារ​សារព័ត៌មាន AFP និង​ទីភ្នាក់ងារ​សារព័ត៌មាន Reuters។

XS
SM
MD
LG