ការសាកល្បងបានចាប់ផ្តើមនៅក្នុងចក្រភពអង់គ្លេសនៅថ្ងៃព្រហស្បតិ៍នេះ ដើម្បីកំណត់ថាតើវ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ផ្សេងគ្នាអាចប្រើរួមគ្នានៅក្នុងការចាក់ ២ ដូសបាន ឬមួយក៏យ៉ាងណានោះ។
ក្រុមអ្នកស្រាវជ្រាវមានបំណងចាក់វ៉ាក់សាំងដូសទីមួយរបស់ក្រុមហ៊ុន Pfizer និង BioNTech លើអ្នកស្ម័គ្រចិត្តជាង ៨០០ នាក់ ហើយរយៈពេល ៤ ឬ ១២ សប្តាហ៍ក្រោយមកទៀត ពួកគេនឹងចាក់វ៉ាក់សាំងមួយដូសទៀត ដែលផលិតឡើងរួមគ្នាដោយក្រុមហ៊ុន AstraZeneca និងសាកលវិទ្យាល័យ Oxford។
មន្ត្រីសុខាភិបាលនិយាយថា ប្រសិនបើវ៉ាក់សាំងទាំង ២ ប្រភេទនេះ ដែលត្រូវបានផលិតឡើងដោយបច្ចេកវិទ្យាខុសៗគ្នា អាចត្រូវបានគេប្រើរួមគ្នាបាន នោះគេនឹងអាចមានភាពបត់បែនកាន់តែខ្លាំងឡើងនៅក្នុងយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ នៅទូទាំងសាកលលោក៕