វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ដែលផលិតឡើងដោយក្រុមហ៊ុនឱសថ AstraZeneca ដោយសហការជាមួយសាកលវិទ្យាល័យ Oxford របស់ប្រទេសអង់គ្លេស អាចកាត់បន្ថយការចម្លងវីរុសបានចំនួន ២ ភាគ ៣។ នេះបើតាមការសិក្សាស្រាវជ្រាវមួយ ដែលត្រូវបានផ្សព្វផ្សាយដោយសាកលវិទ្យាល័យ Oxford កាលពីថ្ងៃពុធម្សិលមិញ។
ការសិក្សានោះនៅមិនទាន់បានត្រួតពិនិត្យនៅឡើយពីក្រុមអ្នកជំនាញដូចគ្នា ប៉ុន្តែរដ្ឋមន្ត្រីក្រសួងសុខាភិបាលអង់គ្លេសលោក Matt Hancock បានគូសបញ្ជាក់ប្រាប់ទូរទស្សន៍ BBC ពីការរកឃើញនេះថាជា «ព័ត៌មានល្អមួយ»។
«នេះជាការបង្ហាញឲ្យពិភពលោកដឹងថា លទ្ធផលការងាររបស់សាកលវិទ្យាល័យ Oxford មានប្រសិទ្ធភាពខ្ពស់»។ នេះបើតាមការលើកឡើងរបស់រដ្ឋមន្ត្រីក្រសួងសុខាភិបាលអង់គ្លេសរូបនេះ។
វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ របស់ក្រុមហ៊ុននេះបានរងការរិះគន់ពីប្រទេសមួយចំនួនក្នុងទ្វីបអឺរ៉ុបក្នុងពេលថ្មីៗនេះ ដោយមន្ត្រីអឺរ៉ុបមួយចំនួនបង្ហាញពីការព្រួយបារម្ភពីកង្វះខាតទិន្នន័យ ជុំវិញប្រសិទ្ធភាពនៃការប្រើប្រាស់វ៉ាក់សាំងបង្ការនេះទៅលើមនុស្សចាស់ដែលមានអាយុច្រើន។
ក្រុមប្រឹក្សាផ្តល់យោបល់សុខភាពជាន់ខ្ពស់ក្នុងប្រទេសបារាំងលើកឡើងថា វ៉ាក់សាំងបង្ការរបស់ក្រុមហ៊ុន AstraZeneca ដែលសហការផលិតជាមួយសាកលវិទ្យាល័យ Oxford នេះគួរត្រូវប្រើជាមួយតែក្រុមមនុស្សដែលមានអាយុក្រោម ៦៥ ឆ្នាំតែប៉ុណ្ណោះ។
ដោយឡែក ក្នុងប្រទេសបែលហ្សិកវិញ រដ្ឋាភិបាលនិយាយថាខ្លួននឹងប្រើប្រាស់វ៉ាក់សាំងបង្ការនេះតែជាមួយក្រុមមនុស្សដែលមានអាយុក្រោម ៥៥ ឆ្នាំតែប៉ុណ្ណោះ៕