រដ្ឋមន្ត្រីក្រសួងសុខាភិបាលអង់គ្លេសលោក Matt Hancock បាននិយាយកាលពីថ្ងៃសុក្រថា រដ្ឋាភិបាលកំពុងគិតពីការបិទប្រទេសជាលើកទី២ នៅពេលដែលករណីជំងឺកូវីដ១៩ថ្មីបន្តកើនឡើងខ្លាំងនៅពេលថ្មីៗនេះក្នុងប្រទេសអង់គ្លេស។
រដ្ឋមន្ត្រី Hancock បានធ្វើអត្ថាធិប្បាយនេះនៅក្នុងកិច្ចសម្ភាសន៍ នៅពេលវិធានការបិទសកម្មភាពសង្គមថ្មី បានត្រូវអនុវត្តរួចស្រេចនៅក្នុងតំបន់ភាគឦសានប្រទេសអង់គ្លេស។
លោក Hancock បានថ្លែងថា ចំនួននៃករណីឆ្លងចេះតែកើនឡើងនៅប៉ុន្មានសប្តាហ៍ចុងក្រោយនេះ ហើយចំនួនមនុស្សព្យាបាលនៅមន្ទីរពេទ្យ និងស្លាប់ដោយសារវីរុសកូរ៉ូណា កើនឡើងពីរដងនៅរៀងរាល់៨ថ្ងៃ។
លោករដ្ឋមន្ត្រីសុខាភិបាល បាននិយាយថា ការបិទប្រទេសទាំងមូលគឺបន្ទាត់ការពារចុងក្រោយ ហើយរដ្ឋាភិបាលចង់ដាក់ប្រទេសនៅដាច់ពីគេ បិទតំបន់ដូចជារដ្ឋាភិបាលចាប់ផ្តើមនៅថ្ងៃនេះ។ តែលោកថ្លែងថា រដ្ឋាភិបាលនឹងធ្វើអ្វីដែលចាំបាច់ដើម្បីការពារជីវិតនិងជីវភាពរស់នៅ»។
លោក Hancock បានជំរុញឲ្យពលរដ្ឋអង់គ្លេសអនុវត្តតាមបញ្ញត្តិមិនត្រូវប្រមូលផ្តុំជាសាធារណៈលើសពី៦នាក់ ធ្វើតាមការកំណត់របស់អាជ្ញាធរមូលដ្ឋាននៅតំបន់របស់គេ និងឲ្យស្ថិតនៅដាច់ដោយឡែកពីគេប្រសិនបើធ្វើតេស្តឃើញវិជ្ជមាន។
តាមតួលេខពីសាកលវិទ្យាល័យ Johns Hopkins ប្រទេសអង់គ្លេសមានចំនួនអ្នកស្លាប់ដោយកូវីដ១៩ច្រើនជាងគេទី៥ក្នុងពិភពលោកបន្ទាប់ពីសហរដ្ឋអាមេរិក ប្រេស៊ីល ឥណ្ឌា និងម៉ិកស៊ិក។
គិតមកត្រឹមថ្ងៃសុក្រ ប្រទេសអង់គ្លេសមានអ្នកស្លាប់ពីជំងឺកូវីដ១៩ចំនួនជាង៤១.៧០០នាក់ និងអ្នកឆ្លងវីរុសកូរ៉ូណាសរុបជាង៣៨៤.០០០នាក់៕