ប្រទេសអេស្ប៉ាញកាលពីថ្ងៃអង្គារបានខឹងសម្បារនឹងសេចក្តីណែនាំរបស់រដ្ឋាភិបាលអង់គ្លេសនិងអាល្លឺម៉ង់ឲ្យពលរដ្ឋខ្លួនជៀសវាងការធ្វើដំណើរទៅកម្សាន្តនៅតាមកោះនិងឆ្នេរក្នុងប្រទេសអេស្ប៉ាញដោយសារនៅទីនោះកំពុងមានការកើនការឆ្លងជំងឺកូវីដ១៩ ក្នុងអំឡុងទេសចរណ៍មមាញឹករដូវក្តៅរបស់អេស្ប៉ាញ។
សេដ្ឋកិច្ចអេស្ប៉ាញពឹងផ្អែកខ្លាំងលើវិស័យទេសចរណ៍ រួមទាំងអ្នកទេសចរពីប្រទេសអឺរ៉ុបខាងជើងដូចអង់គ្លេសនិងអាល្លឺម៉ង់ដែលមកកម្សាន្តរដូវក្តៅ ហើយរំពឹងថា នឹងអាចជំរុញសេដ្ឋកិច្ចខ្លះដែលត្រូវប៉ះពាល់ខ្លាំងដោយកូវីដ១៩ ដោយមានការបាត់បង់ការងាររហូត១លានរវាងខែមេសានិងមិថុនា។
នាយករដ្ឋមន្ត្រីអេស្ប៉ាញលោក Pedro Sanchez បានថ្លែងកាលពីថ្ងៃចន្ទថា វាជាកំហុសមួយដែលចក្រភពអង់គ្លេសមើលតែលើតួលេខឆ្លងកូវីដ១៩នៅអេស្ប៉ាញនិងមិនគិតជាលក្ខណៈតំបន់អឺរ៉ុប។ មន្ត្រីទេសចរណ៍អេស្ប៉ាញមួយរូបត្រូវប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកដកស្រង់សម្តីថា អត្រាឆ្លងនៅតាមកោះរបស់អេស្ប៉ាញទាបជាងនៅចក្រភពអង់គ្លេស។
ប៉ុន្តែចក្រភពអង់គ្លេសថា ខ្លួនប្រកាន់ជំហរដដែលចំពោះការតម្រូវឲ្យធ្វើចត្តាឡីស័កពលរដ្ឋអេស្ប៉ាញដែលត្រូវដាក់កាលពីថ្ងៃអាទិត្យនិងការណែនាំធ្វើដំណើរដែលត្រូវចេញកាលពីថ្ងៃចន្ទ៕
ប្រទេសអេស្ប៉ាញមកទល់នឹងពេលនេះមានអ្នកឆ្លងសរុបជាង២៧៨.០០០នាក់ និងអ្នកស្លាប់ជាង២៨.០០០នាក់ ហើយតំបន់ខ្លះមានករណីកើនឡើងវិញក្នុងពីរសប្តាហ៍ចុងក្រោយនេះ៕