ប្រទេសប្រេស៊ីលបានប្រែក្លាយពហុកីឡាដ្ឋានបាល់ទាត់មួយឲ្យទៅជារោងភាពយន្តដែលបើកឡានចូលមើលបាន នៅក្នុងកិច្ចប្រឹងប្រែងចុងក្រោយបំផុតដើម្បីលើកទឹកចិត្តស្មារតីប្រទេសជាតិ ខណៈដែលប្រទេសនេះកំពុងព្យាយាមទាំងលំបាកក្នុងគ្រប់គ្រងស្ថានភាពនៃការរាតត្បាតជំងឺកូវីដ១៩។
ក្លឹបកីឡាបាល់ទាត់ Palmeiras បានប្រែក្លាយពហុកីឡាដ្ឋាននោះនៅក្នុងទីក្រុង Sao Paulo ដោយអាចឲ្យទទួលឲ្យរថយន្ត៣០០គ្រឿងអាចបើកចូលទស្សនាភាពយន្តបានដោយមិនចេញពីរថយន្ត។
ពហុកីឡាដ្ឋានដែលប្រែក្លាយជាកន្លែងកម្សាន្តថ្មីនេះ បានបើកកាលពីថ្ងៃពុធ រហូតដល់ថ្ងៃទី១៩ ខែកក្កដា ហើយអ្នកបើកចូលមើលការបញ្ចាំងកុនដោយផ្ទាល់ពីរថយន្តផ្ទាល់ខ្លួន ត្រូវបង់ប្រាក់ពី២៣ដល់១០០ដុល្លារ ដោយតម្រូវមិនឲ្យមានមនុស្សលើសពី៤នាក់ទេក្នុងរថយន្តនីមួយៗ។
ការបញ្ចាំងភាពយន្តនៅទីធ្លាបើកចំហនេះជាកន្លែងបន្ធូរអារម្មណ៍បន្តិចសម្រាប់ពលរដ្ឋប្រទេសដែលប្រទេសពួកគេបានក្លាយជាកន្លែងផ្ទុះរាតត្បាតកូវីដ១៩ខ្លាំងជាងនៅអាមេរិកឡាទីនដោយមានអ្នកឆ្លងជាង១,២លាននាក់និងអ្នកស្លាប់ពីជំងឺនេះដល់ជាង៥៥.០០០នាក់៕