អ្នកជំនាញខាងផ្នែកជំងឺឆ្លងរបស់សហរដ្ឋអាមេរិក លោក Anthony Fauci បាននិយាយកាលពីថ្ងៃអង្គារម្សិលមិញថា លោកនិងសមាជិកផ្សេងទៀតនៃក្រុមការងារពិសេសសេតវិមានទទួលបន្ទុកកិច្ចការវីរុសកូរ៉ូណា មិនទទួលបានការណែនាំឲ្យកាត់បន្ថយការធ្វើតេស្តរកជំងឺកូវីដ១៩ ដូចការអះអាងរបស់លោកប្រធានាធិបតី Donald Trump ដែលថា លោកបានណែនាំឲ្យធ្វើដូច្នេះនោះទេ។
លោក Fauci បានបញ្ជាក់នៅក្នុងសវនាការរបស់គណៈកម្មាធិការថាមពល និងពាណិជ្ជកម្មនៃរដ្ឋសភាស្ដីអំពីវិធានការឆ្លើយតបរបស់រដ្ឋបាលលោក Trump ចំពោះការឆ្លងរាលដាលនៃជំងឺកូវីដ១៩ ថា៖ «ក្នុងនាមជាសមាជិកម្នាក់នៃក្រុមការងារពិសេស និងក្នុងនាមសហសេវិករបស់ខ្ញុំនៃក្រុមការងារពិសេស ខ្ញុំដឹងយ៉ាងច្បាស់តាមអ្វីដែលខ្ញុំដឹងកន្លងមកថា គ្មាននរណាម្នាក់ក្នុងចំណោមយើងទាំងអស់គ្នាទទួលបានការណែនាំឲ្យកាត់បន្ថយការធ្វើតេស្តនោះទេ។
ការលើកឡើងរបស់លោក Fauci បានធ្វើឡើងតែប៉ុន្មានម៉ោងក្រោយមកប៉ុណ្ណោះ បន្ទាប់ពីលោកប្រធានាធិបតី Donald Trump នៅតែបញ្ជាក់ថា លោកមិនមែនលេងសើចទេជាមួយនឹងអ្វីដែលលោកបាននិយាយនៅពេលលោកថ្លែងទៅកាន់ក្រុមអ្នកគាំទ្រក្នុងយុទ្ធនាការឃោសនាបោះឆ្នោតកាលពីថ្ងៃសៅរ៍សប្ដាហ៍មុនក្នុងទីក្រុង Tulsa រដ្ឋ Oklahoma នោះ។ នៅពេលនោះលោកបានបញ្ជាក់ថា លោកបានស្នើរដ្ឋបាលរបស់លោកឲ្យកាត់បន្ថយការធ្វើតេស្ត ដោយសារការធ្វើតេស្តច្រើនគឺនឹងឃើញអ្នកឆ្លងកាន់តែច្រើន។
ចាប់តាំងពីពេលនោះមក មន្ត្រីសេតវិមានបានព្យាយាមកែសម្រួលការលើកឡើងរបស់លោក Trump ដោយថា ពាក្យសម្ដីរបស់លោកទាំងនោះគ្រាន់តែជាការនិយាយលេងធម្មតាប៉ុណ្ណោះ។
ប៉ុន្តែនៅពេលដែលអ្នកកាសែតសួរលោក Trump កាលពីថ្ងៃអង្គារម្សិលមិញ អំពីថាតើការលើកឡើងរបស់លោកទាំងនេះគ្រាន់តែជាការលេងសើចឬក៏យ៉ាងណានោះ លោកបានឆ្លើយថា៖ «ខ្ញុំមិនមែននិយាយលេងសើចទេ»៕