ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

នាយក​រដ្ឋមន្ត្រី​អង់គ្លេស​លោក​ Johnson ​​លាលែង​ពី​តំណែង


នាយករដ្ឋមន្ត្រីចក្រភពអង់គ្លេសលោក Boris Jonhson ថ្លែងសុន្ទរកថានៅមុខវិមាននាយករដ្ឋមន្ត្រី Downing Street ក្នុងទីក្រុងឡុងដ៍ ថ្ងៃទី ៧ ខែកក្កដា ឆ្នាំ ២០២២។
នាយករដ្ឋមន្ត្រីចក្រភពអង់គ្លេសលោក Boris Jonhson ថ្លែងសុន្ទរកថានៅមុខវិមាននាយករដ្ឋមន្ត្រី Downing Street ក្នុងទីក្រុងឡុងដ៍ ថ្ងៃទី ៧ ខែកក្កដា ឆ្នាំ ២០២២។

នាយករដ្ឋមន្ត្រីចក្រភពអង់គ្លេសលោក Boris Johnson បានប្រកាសលាលែងពីតំណែងជាប្រធានគណបក្ស Conservative ដែលដឹកនាំប្រទេស នៅថ្ងៃព្រហស្បតិ៍នេះ ប៉ុន្តែនឹងនៅបន្តតំណែងជានាយករដ្ឋមន្ត្រី រហូតដល់ពេលប្រធានគណបក្សថ្មីត្រូវបានបោះឆ្នោតជ្រើសតាំង។

លោក Johnson បានថ្លែងថា វាជា«ឆន្ទៈដ៏ច្បាស់»របស់គណបក្សបក្ស Conservative ដែលត្រូវតែមានមេដឹកនាំថ្មី។ លោកក៏បានថ្លែងដែរថា ក្នុងអំឡុងពេលនេះ លោកនឹងនៅបន្តតំណែងជាមេដឹកនាំប្រទេស បើទោះបីជាក្រុមអ្នករិះគន់បាននិយាយថា លោកគួរតែត្រូវចាកចេញពីតំណែងជានាយករដ្ឋមន្ត្រីឲ្យឆាប់តាមតែអាចធ្វើបាន។

ការ​លាលែង​នេះ​កើត​ឡើង​ បន្ទាប់​ពី​រដ្ឋមន្ត្រី​ខុទ្ទកាល័យ​របស់​លោក​ជាច្រើន​នាក់​ និង​រដ្ឋមន្ត្រី​ថ្នាក់​ក្រោម​ និង​ជំនួយ​ការ​ក្រសួង​ជាង​ ៤០ ​នាក់​ បាន​លាលែង​ពី​មុខ​តំណែង ​ចំពេល​មាន​ការ​អំពាវនាវ​ឱ្យ​លោក​ Johnson​ ចុះចេញ​ពី​តំណែង។

​លោក​ Johnson ​បាន​បដិសេធ​រហូត​ដល់​ល្ងាច​ថ្ងៃពុធ ដោយ​ប្តេជ្ញា​បន្ត​កាន់​តំណែង​បន្ទាប់​ពី​រដ្ឋាភិបាល​របស់​លោក​ប្រឈម​នឹង​រឿង​អាស្រូវ​សីលធម៌​ជា​ច្រើន។​

លោក​ Johnson ​បាន​ប្រឈម​នឹង​សំណួរ​ដ៏​តឹងតែង​ពី​សមាជិក​សភា​ ដែល​ខឹង​សម្បារ​ និង​សង្ស័យ​នៅ​ក្នុង​អំឡុង​ពេល​សម័យ​ប្រជុំ​សួរ​ដេញដោល​នាយក​រដ្ឋមន្ត្រី​តាម​ទម្លាប់​នៅក្នុង​សភា​ កាលពី​ថ្ងៃ​ពុធ​ គឺ​មួយ​ថ្ងៃ​បន្ទាប់ពី​រដ្ឋមន្ត្រី​ហិរញ្ញវត្ថុ ​លោក​ Rishi Sunak ​និង​រដ្ឋមន្ត្រី​សុខាភិបាល​លោក​ Sajid Javid​ បាន​លាលែង​តំណែង​បន្ត​គ្នា​តែ​ប៉ុន្មាន​នាទី​ប៉ុណ្ណោះ​ ដោយ​មិន​នឹក​ស្មាន​ដល់។​

លោក​ទាំងពីរ​បាន​លាលែង​ពី​តំណែង ​បន្ទាប់​ពី​លោក ​Johnson​ បាន​សុំ​ទោស​ចំពោះ​ការ​តែងតាំង​សមាជិក​សភា​អភិរក្ស​និយម​លោក ​Chris Pincher ​ឱ្យ​កាន់​តំណែង​សំខាន់​ក្នុង​គណបក្ស​ បើទោះបី​ជាមាន​ការ​ចោទ​ប្រកាន់​ថា ​លោក​Pincher ​បាន​លូក​ស្ទាប​បុរស​ពីរ​នាក់​ នៅ​ឯក្លឹប​ឯកជន​មួយ​ក្នុង​ទីក្រុង​ឡុងដ៍​ ពេល​ស្រវឹង។​

មន្ត្រី​វិមាន​នាយក​រដ្ឋមន្ត្រី​បាន​និយាយ​ពីដំបូង​ថា ​ លោក ​Johnson ​មិន​បាន​ដឹង​ពី​ការ​ចោទ​ប្រកាន់​លោក​ Pincher​ នោះ​ទេ ​ប៉ុន្តែ​ក្រោយ​មក​បាន​ទទួល​ស្គាល់​ថា​ លោក​ត្រូវ​បាន​គេ​ប្រាប់​អំពី​ការ​ចោទ​ប្រកាន់​ពីមុន​លើ​សមាជិក​សភា​នេះ​ក្នុង​ឆ្នាំ ២០១៩។​

នៅ​ក្នុង​លិខិត​លាលែង​ពី​តំណែង លោក ​Sunak ​បាន​សរសេរ​ថា ​សាធារណជន​អង់គ្លេស​ «ពិត​ជា​រំពឹង​ថា​ រដ្ឋាភិបាល​នឹង​ប្រព្រឹត្ត​ត្រឹមត្រូវ​ មាន​សមត្ថភាព​ និង​ប្រាកដ​ប្រជា។​ ខ្ញុំ​ជឿ​ថា ​ស្តង់ដារ​នេះ​មាន​តម្លៃ​ក្នុង​ការ​ប្រយុទ្ធ​ការពារហេតុនេះ​ហើយ​បាន​ជា​ខ្ញុំ​លាលែង​ពី​តំណែង»។​

ភ្លាមៗ​នោះ ​លោក​ Johnson ​បាន​ជំនួស​លោក ​Sunak ​និង​លោក​ Javid​ ដោយ​សមាជិក​ផ្សេង​ទៀត​ពី​ខុទ្ទកាល័យ​របស់​លោក។ ​ប៉ុន្តែ​មន្ត្រី​ខុទ្ទកាល័យ​ម្នាក់​ទៀត​គឺ​លោក ​Simon Hart​ រដ្ឋមន្ត្រី​ទទួល​បន្ទុក​ប្រទេស​ Wales ​បាន​លាលែង​ពី​តំណែងកាលពី​ល្ងាច​ថ្ងៃ​ពុធ​ ដោយ​និយាយ​ថា​ វា​ហួស​ចំណុច​ដែល​អាច​«បកក្រោយ​បាន»។​

រឿង​អាស្រូវ​ចុង​ក្រោយ​នេះ​កើត​ឡើង​តែ​ប៉ុន្មាន​សប្តាហ៍​ប៉ុណ្ណោះ​ បន្ទាប់​ពី​លោក​ Johnson​ បាន​ឆ្លង​ផុត​ការ​បោះឆ្នោត​ដក​សេចក្តី​ទុកចិត្ត​នៅ​ក្នុង​គណបក្ស​អភិរក្ស​របស់​លោក​ ក្រោយ​ពេល​លោក​បាន​ទទួល​ការ​ផាក​ពិន័យ​ពី​ប៉ូលិស​ចំពោះ​ការ​បំពាន​ច្បាប់​បិទ​សកម្មភាព​សង្គម​ ដើម្បី​បង្ការ​ជំងឺកូវីដ១៩​ ព្រោះ​លោក​បាន​រៀបចំ​ពិធី​ជប់លៀង​នៅ​វិមាន​នាយក​រដ្ឋមន្ត្រី៕

(ព័ត៌មានខ្លះ​ក្នុង​សេចក្តី​រាយ​ការណ៍​នេះ​ដក​ស្រង់​ពី​ទីភ្នាក់ងារ​សារ​ព័ត៌មាន​ The Associated Press, Agence France-Presse និង Reuters)

XS
SM
MD
LG