ក្រសួងការពារជាតិអាមេរិកបានឲ្យដឹងនៅថ្ងៃសុក្រនេះថា អ្នកបំផ្ទុះគ្រាប់បែកអត្តឃាតដែលបានធ្វើឡើងនៅខាងក្រៅអាកាសយានដ្ឋានទីក្រុងកាប៊ុលកាលពីថ្ងៃព្រហស្បតិ៍ ដែលបានសម្លាប់មនុស្សជាង ១០០ នាក់ រួមទាំងបុគ្គលិកយោធាអាមេរិកផងដែរ តាមពិតមានតែម្នាក់ទេ គឺខុសពីការជឿជាក់ពីមុនដែលគេបានគិតថាបានធ្វើឡើងដោយមនុស្សពីរនាក់នោះ។
ឧត្តមសេនីយ៍យោធាលោក Hank Taylor បានប្រាប់អ្នកយកព័ត៌មាននៅឯសន្និសីទសារព័ត៌មានមួយនៅមន្ទីរបញ្ចកោណថា៖ «វាមិនមែនជារឿងគួរឲ្យភ្ញាក់ផ្អើលទេ ដែលការភ័ន្តច្រឡំនៅពេលមានព្រឹត្តិការណ៍ដ៏ជ្រួលច្របល់ខ្លាំងបែបនេះ អាចបណ្តាលឱ្យមានការរាយការណ៍ព័ត៌មានខ្លះ ខុសនោះ»។
ហ្វូងមនុស្សដែលអន្ទះសាចង់ចាកចេញពីប្រទេសអាហ្វហ្គានីស្ថាន បានប្រមូលផ្តុំគ្នាជាថ្មីនៅខាងក្រៅអាកាសយានដ្ឋានទីក្រុងកាប៊ុលនៅព្រឹកថ្ងៃសុក្រខណៈដែលជើងហោះហើរជម្លៀស បានចាប់ផ្តើមឡើងវិញ គឺមិនដល់មួយថ្ងៃ បន្ទាប់ពីការបំផ្ទុះគ្រាប់បែកដ៏ប្រល័យនោះ។
កាសែត The Wall Street Journal បានរាយការណ៍ថា ក្រោយមកទៀតនៅថ្ងៃសុក្រដដែលនេះ ហ្វូងមនុស្សបានបំបែកគ្នា នៅពេលមានពាក្យចចាមអារ៉ាមថា នឹងមានការវាយប្រហារភេរវកម្មមួយទៀត នឹងកើតឡើង។ អ្នកយកព័ត៌មានរបស់វីអូអេម្នាក់ដែលបានទៅមើលតំបន់នោះនៅព្រឹកថ្ងៃសុក្របានឃើញថា តាមដងផ្លូវភាគច្រើន គឺមានភាពទទេរដោយមានកងសន្តិសុខតាលីបង់រារាំងមិនឲ្យចូលទៅកាន់ផ្លូវក្បែរអាកាសយានដ្ឋាននោះ។
ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Joe Biden បានប្តេជ្ញាសងសឹកចំពោះអ្នកដែលទទួលខុសត្រូវចំពោះការវាយប្រហារដ៏ប្រល័យកាលពីថ្ងៃព្រហស្បតិ៍ ដែលបានធ្វើឡើងនៅខាងក្រៅអាកាសយានដ្ឋានទីក្រុងកាប៊ុល ដែលបានសម្លាប់បុគ្គលិកយោធាអាមេរិកយ៉ាងតិច ១៣ នាក់ និងជនស៊ីវិលរាប់សិបនាក់។ ពួកគេទាំងនោះ បានប្រមូលផ្តុំគ្នាដោយសង្ឃឹមថា នឹងភៀសខ្លួនចេញពីប្រទេសដែលគ្រប់គ្រងដោយក្រុមតាលីបង់។
ក្រុមរដ្ឋអ៊ីស្លាម បានអះអាងទទួលខុសត្រូវចំពោះការវាយប្រហារនេះនៅក្នុងសេចក្តីរាយការណ៍មួយនៅលើបណ្តាញ Telegram របស់ទីភ្នាក់ងារព័ត៌មានរបស់ខ្លួន នៅប៉ុន្មានម៉ោងបន្ទាប់ពីអ្នកបំផ្ទុះគ្រាប់បែកអត្តឃាត បានវាយប្រហារទីតាំងពីរកន្លែង មួយនៅក្បែរបរិវេណនៃអាកាសយានដ្ឋានអន្តរជាតិ Hamid Karzai ក្បែរច្រកទ្វារ Abbey និងមួយកន្លែងទៀតនៅខាងក្រៅសណ្ឋាគារនៅក្បែរនោះ។
មន្រ្តីសេតវិមានម្នាក់បាននិយាយនៅថ្ងៃសុក្រថា មនុស្សប្រហែល ១០៥.០០០ នាក់ បានចាកចេញពីប្រទេសអាហ្វហ្គានីស្ថានតាមយន្តហោះជម្លៀស ចាប់តាំងពីថ្ងៃទី១៤ ខែសីហាមក គឺមួយថ្ងៃមុនពេលក្រុមតាលីបង់ចូលកាន់កាប់ទីក្រុងកាប៊ុល ហើយមនុស្សសរុបប្រមាណ ១១០.៦០០នាក់ ត្រូវបានជម្លៀស ចាប់តាំងពីចុងខែកក្កដា។ មន្ត្រីរូបនេះបាននិយាយទៀតថា ចាប់តាំងពីថ្ងៃព្រហស្បតិ៍មក មនុស្សចំនួន ១២.៥០០ នាក់ ត្រូវបានជម្លៀសចេញពីទីក្រុងកាប៊ុល៕