រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិកលោក Rex Tillerson បានបញ្ជាក់ថា សហរដ្ឋអាមេរិកកំពុងពិចារណាដាក់កំហិតចំពោះការលក់ប្រេងរបស់ប្រទេសវ៉េណេស៊ុយអេឡា ដើម្បីជាការដាក់សម្ពាធលើប្រទេសនេះ។
នៅក្នុងអំឡុងពេលធ្វើទស្សនកិច្ចទៅកាន់ប្រទេសអាហ្សង់ទីនកាលពីថ្ងៃអាទិត្យម្សិលមិញ លោក Tillerson បាននិយាយថា នៅក្នុងអំឡុងពេលលោកជួបពិភាក្សាជាមួយនឹងក្រុមមេដឹកនាំប្រទេសអាហ្សង់ទីន លោកបានលើកឡើងពីលទ្ធភាពនៃការដាក់ទណ្ឌកម្មប្រេងថាជាវិធីមួយដើម្បីធានាឲ្យមាន «ការបោះឆ្នោតដោយសេរី ត្រឹមត្រូវ និងអាចពិនិត្យផ្ទៀងផ្ទាត់បាន» នៅក្នុងប្រទេសវ៉េណេស៊ុយអេឡា។
ប៉ុន្តែ លោក Tillerson ក៏បានបញ្ជាក់ផងដែរថា លោកចង់ស្វែងរកមធ្យោបាយដើម្បីបន្ធូរបន្ថយផលប៉ះពាល់អវិជ្ជមានដែលការដាក់ទណ្ឌកម្មនេះអាចមានមកលើក្រុមហ៊ុនប្រេងរបស់សហរដ្ឋអាមេរិក ប្រជាពលរដ្ឋវ៉េណេស៊ុយអេឡា និងបណ្ដាប្រទេសដទៃទៀតនៅក្នុងតំបន់ដែលពឹងផ្អែកលើប្រេងរបស់ប្រទេសវ៉េណេស៊ុយអេឡា។
លោក Tillerson បាននិយាយយ៉ាងដូច្នេះថា៖ «ដោយសារតែស្ថានភាពនៅក្នុងប្រទេសវ៉េណេស៊ុយអេឡាកាន់តែធ្ងន់ធ្ងរទៅ ដូច្នេះចំណុចមួយដែលត្រូវពិចារណាចំពោះការដាក់ទណ្ឌកម្មប្រេងនេះ គឺផលប៉ះពាល់ដែលទណ្ឌកម្មនេះអាចមានចំពោះប្រជាពលរដ្ឋវ៉េណេស៊ុយអេឡា និងថាតើការដាក់ទណ្ឌកម្មនេះអាចជួយបញ្ចប់ស្ថានការណ៍យ៉ាប់យ៉ឺននៅក្នុងប្រទេសវ៉េណេស៊ុយអេឡាបានកាន់តែឆាប់ដែរឬក៏យ៉ាងណានោះ»។
ប្រទេសវ៉េណេស៊ុយអេឡាគឺជាប្រទេសផ្គត់ផ្គង់ប្រេងធំបំផុតទី ៣ ចំពោះសហរដ្ឋអាមេរិក។ ឧស្សាហកម្មប្រេងសហរដ្ឋអាមេរិកបានឲ្យដឹងថា ការហាមឃាត់ចំពោះការនាំចូលប្រេងពីប្រទេសវ៉េណេស៊ុយអេឡាអាចប៉ះពាល់ដល់ចំនួនការងារនៅក្នុងសហរដ្ឋអាមេរិក និងធ្វើឲ្យតម្លៃសាំងឡើងថ្លៃ៕