ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អាមេរិក​ថ្កោលទោស​វ៉េណេស៊ុយអេឡា បន្ទាប់​ពី​សភា​ដែល​គាំទ្រ​រដ្ឋាភិបាល យក​មេដឹកនាំ​គណបក្ស​ប្រឆាំង​ជា​គោលដៅ


លោក Freddy Guevara អនុប្រធាន​ទី១​នៃ​រដ្ឋសភា​ធ្វើ​សេចក្តី​ថ្លែងការណ៍​ទៅ​កាន់​សារព័ត៌មាន នៅ​រដ្ឋសភា នៅ​ក្នុង​ក្រុង Caracas កាលពី​ថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៧។
លោក Freddy Guevara អនុប្រធាន​ទី១​នៃ​រដ្ឋសភា​ធ្វើ​សេចក្តី​ថ្លែងការណ៍​ទៅ​កាន់​សារព័ត៌មាន នៅ​រដ្ឋសភា នៅ​ក្នុង​ក្រុង Caracas កាលពី​ថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៧។

សហរដ្ឋអាមេរិក​បាន​ថ្កោលទោស​ប្រទេស​វ៉េណេស៊ុយអេឡា បន្ទាប់​ពី​សភា​ធម្មនុញ្ញ​ដែល​គាំទ្រ​រដ្ឋាភិបាល​បាន​ប្រកាស​ថា លោក Freddy Guevara មេដឹកនាំ​បក្ស​ប្រឆាំង​ មិន​មាន​អភ័យឯកសិទ្ធិ​ទៀត​ទេ​ពី​ការ​កាត់ទោស នៅ​ពេល​ដែល​លោក​ស្វែងរក​សិទ្ធិ​ជ្រកកោន​នៅ​ឯ​ភូមិគ្រឹះ​ឯកអគ្គរដ្ឋទូត​ឈីលី នៅ​ក្នុង​ទីក្រុង ការ៉ាកាស នោះ។ ​

លោក Guevara បាន​បង្ហោះ​វីដេអូ​មួយ ដោយ​និយាយ​ថា លោក​មិន​សោកស្តាយ​នោះ​ទេ​ចំពោះ​ការ​មិន​ធ្វើ​តាម​បញ្ជា បន្ទាប់​ពី​សភា​ធម្មនុញ្ញ​បាន​បោះឆ្នោត​ជា​ឯកច្ឆន្ទ​កាល​ពី​ថ្ងៃ​ចន្ទ។ ការ​បោះឆ្នោត​នោះ​ត្រូវ​បាន​គេ​រំពឹង​ទុក​ជាមុន​រួច​ទៅ​ហើយ បន្ទាប់​ពី​តុលាការ​កំពូល​កាល​ពី​ថ្ងៃ​សុក្រ ហាមឃាត់​លោក Guevara មិន​ឲ្យ​ចាកចេញ​ពី​ប្រទេស វ៉េណេស៊ុយអេឡា និង​បាន​ចោទ​ប្រកាន់​លោក​ថា​បង្ក​ឲ្យ​មាន​ភាពចលាចល​និង​បទ​ឧក្រិដ្ឋ​នានា។​

លោក Guevara ដែល​ជា​សមាជិក​ជាន់ខ្ពស់​លំដាប់​ទីពីរ​នៃ​សភា​ដែល​គ្រប់គ្រង​ដោយ​គណបក្ស​ប្រឆាំង បាន​ជួយ​ដឹកនាំ​ការ​តវ៉ា​ដែល​បណ្តាលឲ្យ​មាន​មនុស្ស​ស្លាប់​នៅក្នុង​ឆ្នាំ​នេះ ដើម្បី​ប្រឆាំង​នឹង​លោក​ប្រធានាធិបតី Nicolas Maduro។ ​

អ្នកស្រី Heather Nauert អ្នកនាំពាក្យ​ក្រសួង​ការបរទេស​អាមេរិក​បាន​មាន​ប្រសាសន៍​កាលពី​ថ្ងៃ​អង្គារ​ថា «តាមរយៈ​ការ​ព្យាយាម​រឹតត្បិត​អនុប្រធាន​សភា​ដែល​ត្រូវ​បាន​បោះឆ្នោត​ជ្រើសរើស​តាម​លទ្ធិប្រជាធិបតេយ្យ និង​ដក​ចេញ​នូវ​អភ័យឯកសិទ្ធិ​របស់​មេដឹកនាំ​គណបក្ស​ប្រឆាំង គឺ​លោក Freddy Guevara ហើយ​និង​ហាមឃាត់​លោក​មិន​ឲ្យ​ចាកចេញ​ពី​ប្រទេស របប​នេះ​កំពុង​តែ​ចាត់វិធានការ​ជ្រុលនិយម​មួយ​ទៀត ដើម្បី​បំបិទលំហ​ប្រជាធិបតេយ្យ​នៅ​ក្នុង​ប្រទេស​វ៉េណេស៊ុយអេឡា ​ធ្វើ​ឲ្យ​អ្នក​ប្រឆាំង​ទទួល​រងបទឧក្រិដ្ឋ និង​ត្រួតត្រា​លើ​ព័ត៌មាន»។

ករណី​លោក Guevara បាន​បង្ក​ឲ្យ​មាន​ការ​ព្រួយបារម្ភ​កាន់​តែ​ច្រើន​ឡើង​ទៅ​លើ​ការ​បង្ក្រាប​អ្នក​ដែល​ប្រឆាំង​នឹង​លោក Maduro ហើយ​ធ្វើ​ឲ្យ​គណបក្ស​ប្រឆាំង​មាន​មេដឹកនាំ​កាន់​តែ​តិច​ក្នុង​ការ​តតាំង​ជាមួយ​នឹង​លោក​ប្រធានាធិបតី៕

XS
SM
MD
LG