មន្ត្រីប៉ូលិសនៃស្នងការដ្ឋាននគរបាលក្រុងភ្នំពេញនៅថ្ងៃពុធនេះបានបន្តសាកសួរជនសង្ស័យបន្ថែមទៀតពាក់ព័ន្ធនឹងការបាញ់សម្លាប់លោកឧកញ៉ា អ៊ឹង ម៉េងជឺ ដែលធ្វើឱ្យកក្រើកក្នុងទីក្រុងភ្នំពេញ។
រហូតមកដល់ពេលនេះក្រុមសមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យចំនួន៤នាក់ហើយ ដែលសុទ្ធសឹងជាអង្គរក្សផ្ទាល់ របស់លោកឧកញ៉ា ថោង សារ៉ាត់។
ជនសង្ស័យទាំងបួននាក់កំពុងឃុំខ្លួននៅស្នងការប៉ូលិសក្រុងភ្នំពេញ។
មន្ត្រីប៉ូលិសបានបញ្ជាក់ថាជនសង្ស័យទាំងបួននាក់ដែលក្រុមសមត្ថកិច្ចបានឃាត់ខ្លួនរួមមានលោក ទៀង វាសនា អាយុ៤៤ឆ្នាំ កុយ ចាន់ថុល អាយុ២៩ឆ្នាំ មាស សម្បត្តិ អាយុ ២៧ ឆ្នាំ និង លី សៅ ដែលក្រុមសមត្ថកិច្ចបានឃាត់ខ្លួនចុងក្រោយគេនៅព្រឹកថ្ងៃពុធនេះ។
លោក អ៊ិន បូរ៉ា ប្រធាននាយកដ្ឋានព្រហ្មទណ្ឌក្រសួងមហាផ្ទៃមានប្រសាសន៍ថាក្រុមសមត្ថកិច្ចបានរកឃើញចម្លើយវិជ្ជមានមួយចំនួនហើយដែលជនសង្ស័យបានឆ្លើយសារភាពថាជាប់ពាក់ព័ន្ធនឹងការបាញ់សម្លាប់លោកឧកញ៉ា អ៊ឹង ម៉េងជឺ។
លោកនិយាយថា៖ «នៅកំពុងសាកសួរដដែលយើងបានវិជ្ជមានច្រើន»។
លោកឧកញ៉ា អ៊ឹង ម៉េងជឺ អាយុ៥៣ឆ្នាំត្រូវបានជនមិនស្គាល់មុខម្នាក់បាញ់និងកាំភ្លើងខ្លីចំនួន៨គ្រាប់កាលពីថ្ងៃទី២២ខែវិច្ឆិកាកន្លងទៅនេះបណ្តាលឱ្យជនរងគ្រោះបានស្លាប់ភ្លាមៗនៅកន្លែងកើតហេតុក្នុងខណៈពេលដែលលោកបានធ្វើដំណើរចាកចេញពីរថយន្តទៅទិញផ្លែឈើនៅតូបលក់ផ្លែឈើមួយនៅជិតម្តុំអាងទឹកអូឡាំពិក។
ឃាតកម្មទៅលើលោកឧកញ៉ា អ៊ឹង ម៉េងជឺ ត្រូវបានបណ្តាញសង្គមហ្វេសប៊ុកបានបង្ហោះរូបជនសង្ស័យបានចុះពីលើម៉ូតូមកបាញ់ជនរងគ្រោះនៅចម្ងាយយ៉ាងយ៉ាងកៀកបំផុតរួចហើយបានគេចខ្លួនបាត់ដោយសុវត្ថិភាព។
ក្រោយពីឃាតកម្មបានមួយសប្តាហ៍ក្រុមសមត្ថកិច្ចបានឃុំខ្លួនអង្គរក្សលោកឧកញ៉ា ថោង សារ៉ាត់ចំនួនបួននាក់ជាបន្តបន្ទាប់ដើម្បីស៊ើបអង្កេតបន្ត។ ក៏ប៉ុន្តែលោកឧកញ៉ា ថោង សារ៉ាត់ សមត្ថកិច្ចមិនបានឃុំខ្លួនទេក្រោយពីបានកោះហៅមកសាកសួរកាលពីថ្ងៃអង្គារ។
អ្នកស្រី កែវ សារី ដែលអះអាងថាត្រូវជាម្តាយ និង លោក ថោង ចំរើន ត្រូវជាឪពុក លោកឧកញ៉ា ថោង សារ៉ាត់បានចេញមុខមកការពារជំនួសកូនអ្នកថាមានភាពស្អាតស្អំមិនជាប់ពាក់ព័ន្ធនឹងករណីឃាតកម្មនេះទេ។
ថ្លែងក្នុងសន្និសីទកាសែតនៅថ្ងៃពុធនេះទាំងលោកចំរើន និង អ្នកស្រី សារី ដែលនិយាយភាសារខ្មែរមិនច្បាស់បាននិយាយថាលោក ថោង សារ៉ាត់ បានរត់គេចទៅលាក់ខ្លួននៅកន្លែងមានសុវត្ថិភាពហើយដោយសារខ្លាចក្រែងសមត្ថកិច្ចចាប់ខ្លួនទាំងគ្មានកំហុស។
អ្នកស្រីសារី និង លោកចំរើន និយាយថា៖ «គេចខ្លួនបាត់ហើយ អត់នៅផ្ទះទេ។ ធ្វើផ្តេសផ្តាសខ្ញុំអត់ព្រមថ្ងៃណាតុលាការហោះកូនខ្ញុំទៅ អត់ទាន់ហៅទៅទេ។ តុលាការដកសិទ្ធិមនុស្សកូនខ្ញុំ»។
លោកឧកញ៉ា ថោង សារ៉ាត់ កាលពីថ្ងៃអង្គារម្សិលមិញបានប្រាប់វីអូអេតាមរយៈទូរស័ព្ទថាលោកមិនជាប់ពាក់ព័ន្ធនឹងករណីឃាតកម្មលើលោកឧកញ៉ា អ៊ឹង ម៉េងជឺ ទេ។
លោកមានប្រសាសន៍ថាលោកមិនដែលស្គាល់ មិនដែលមានទំនាស់ និង មិនដែលរកស៊ីជាមួយជនរងគ្រោះផងដែរ។ លោកបានបញ្ជាក់ថា ចំណែកឯភិនភាគនៅក្នុងវីដេអូឃ្លីបដែលបានបង្ហាញពីសកម្មភាពឃាតករបាញ់សម្លាប់ទៅលើជនរងគ្រោះក៏មិនមានលក្ខណៈដូចគ្នានិងអង្គរក្សរបស់លោកដែរ។
លោក ជួន សុវណ្ណ ស្នងការប៉ូលិសក្រុងភ្នំពេញមិនអាចស្នើសុំដើម្បីសេចក្តីអត្ថាធិប្បាយបានទេដោយទូរស័ព្ទរបស់លោកមិនមានអ្នកទទួល៕