ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ប៉ូលិស​ឃាត់​ខ្លួន​អង្គរក្ស​បីនាក់​ក្នុង​ករណី​បាញ់​សម្លាប់​ឧកញ៉ា​អ៊ឹង ម៉េងជឺ


បុណ្យ​សព​លោក ឧកញ៉ា អ៊ឹង ម៉េងជឺ​ (ផ្តល់​ឲ្យ​ដោយ​គ្រួសារ​ជន​រង​គ្រោះ)
បុណ្យ​សព​លោក ឧកញ៉ា អ៊ឹង ម៉េងជឺ​ (ផ្តល់​ឲ្យ​ដោយ​គ្រួសារ​ជន​រង​គ្រោះ)

ជនសង្ស័យ​ដែលជា​អង្គរក្ស​លោក​ឧកញ៉ា​ ថោង​ សារ៉ាត់​ ត្រូវ​បាន​ស្នង​ការ​នគរ​បាល​ក្រុង​ភ្នំពេញ​កោះ​ហៅ​យក​មក​សាក​សួរ​ជា​មួយ​នឹង​លោក​ឧកញ៉ា​ថោង​ សារ៉ាត់​កាល​ពី​ថ្ងៃ​ច័ន្ទ​ក៏ប៉ុន្តែ​លោក​ ថោង​ សារ៉ាត់​ ត្រូវ​បាន​សមត្ថកិច្ច​ដោះ​លែង​មក​វិញ​បន្ទាប់​ពី​បាន​សាក​សួរ​រួច​មក​ទាក់​ទងនឹង​ការ​សង្ស័យ​ថា​ជាប់​ពាក់​ព័ន្ធ​នឹង​ករណី​បាញ់​សម្លាប់​ លោក​ឧកញ៉ា​ អ៊ឹង ម៉េងជឺ។​

ក្រុម​មន្ត្រី​មាន​សមត្ថកិច្ច​ ទាំង​មន្ត្រី​ជាន់​ខ្ពស់​ក្រសួង​មហា​ផ្ទៃ​ និង​ លោក​ ជួន សុវណ្ណ​ ស្នង​ការ​ប៉ូលិស​ក្រុង​ភ្នំពេញ​មិន​បាន​ធ្វើ​អត្ថាធិប្បាយ​ទេ​ជុំវិញ​ការ​ចាប់​ឃាត់​ខ្លួន​ជនសង្ស័យ​ទាំង​នោះ។​

ចំណែក​លោក​ អ៊ិន បូរ៉ា​ ប្រធាន​នាយក​ដ្ឋាន​ព្រហ្មទណ្ឌ​ក្រសួង​មហាផ្ទៃ​មិន​បាន​ធ្វើ​អត្ថាធិប្បាយ​ឱ្យបាន​ពិស្តារ​ទេ។ ​លោក​គ្រាន់​តែ​បាន​និយាយ​ថា​ការ​ចាប់​ខ្លួន​ជន​សង្ស័យ​គឺ​ស្ថិត​ក្នុង​ដំណាក់​កាល​នៃ​ការ​ស៊ើប​អង្កេត​របស់​សមត្ថកិច្ច​នៅ​ឡើយដោយ​មិន​ទាន់​អះអាង​ថា​ពួកគេ​ជាប់​ពាក់​ព័ន្ធ​នឹង​ករណី​បាញ់​សម្លាប់​លោក​ឧកញ៉ា អ៊ឹង ម៉េងជឺ​ឬ​ក៏​យ៉ាង​ណា?​

លោក​និយាយ​ថា៖​«ឥឡូវ​ខាង​ភ្នំពេញ​កំពុង​តែ​សួរ​មិន​ដឹង​លទ្ធផល​យ៉ាងម៉េច​នៅ​ឡើយ​ទេ។ ​ចាំ​មើល​ឱ្យគេ​សួរ​បាន​បន្តិច​សិន​ទៅ»។​

លោក​ឧកញ៉ា​ អ៊ឹង ម៉េងជឺ​ អាយុ​៥៣​ឆ្នាំ​ត្រូវ​បាន​ជន​មិន​ស្គាល់​មុខ​ម្នាក់​បាញ់​ដោយ​កាំ​ភ្លើង​ខ្លី​ចំនួន​៨​គ្រាប់​កាល​ពី​ថ្ងៃ​ទី​២២​ខែ​វិច្ឆិកា​កន្លង​ទៅ​នេះ​បណ្តាល​ឱ្យស្លាប់​ភ្លាមៗ​នៅ​កន្លែង​កើត​ហេតុ​ក្នុង​ខណៈពេល​ដែល​លោក​បាន​ធ្វើ​ដំណើរ​ចាក​ចេញ​ពី​រថ​យន្ត​ទៅ​ទិញ​ផ្លែ​ឈើ​នៅ​តូប​លក់​ផ្លែ​ឈើ​មួយ​នៅ​ជិត​ម្តុំ​អាង​ទឹក​អូឡាំពិក។​

ឃាតកម្ម​ទៅ​លើ​លោក​ឧកញ៉ា អ៊ឹង ម៉េងជឺ​ ត្រូវ​បាន​បណ្តាញ​សង្គម​ហ្វេស​ប៊ុក​បង្ហោះរូប​ជន​សង្ស័យ​ឃើញ​ចុះ​ពី​លើ​ម៉ូតូ​មក​បាញ់​ជនរង​គ្រោះ​រួច​ហើយ​បាន​គេច​ខ្លួន​បាត់​ដោយ​សុវត្ថិភាព។​

លោក​ឧកញ៉ា ​ថោង​ សារ៉ាត់​ ដែល​សមត្ថកិច្ច​បាន​កោះ​ហៅ​មក​សាក​សួរ​កាល​ពី​ថ្ងៃ​ច័ន្ទ​បាន​បដិសេធ​ថា​លោក​និង​អង្គរក្ស​របស់​លោក​ទាំង​៣​នាក់មិន​ជាប់​ពាក់​ព័ន្ធ​នឹង​ករណី​ឃាតកម្ម​នេះ​ទេ។​

លោក​ ថោង សារ៉ាត់​ ម្ចាស់​សិប្បកម្ម​សាច់​ប៉ាត​តេ​៩៩៩​ និង​ បូរី​៩៩៩​បាន​បញ្ជាក់​ថា​លោក​មិន​ដែល​ស្គាល់​និង​មាន​ទំនាស់​ជាមួយ​លោក​ឧកញ៉ា​ អ៊ឹង ម៉េងជឺ​ទេ។​ លោក​មាន​ប្រសាសន៍​ថា​នៅ​ថ្ងៃ​កើត​ហេតុ​ទាំង​អង្គរក្ស​របស់​លោកទាំង​៣​នាក់​ដែល​មាន​ឈ្មោះ​សង្ស័យ​និង​លោក​ផ្ទាល់​មិន​បាន​ចេញ​ក្រៅ​ផ្ទះ​ទេ​គឺ​នៅ​ក្នុង​គេ​ហដ្ឋាន​ជាមួយ​គ្នា​ហើយ​រូប​ភិន​ភាគ​ដែល​បាន​បង្ហោះនៅ​ក្នុង​វីដេអូ​ឃ្លី​ប​នៅតាម​បណ្តាញ​សង្គមហ្វេស​ប៊ុក​មិនមាន​រូប​រាង​ដូច​អង្គរក្ស​ទាំង​បី​នាក់​នោះ​ដែរ។​

លោក​និយាយ​ថា៖​«ខ្ញុំ​មាន​ការ​ជាប់​ពាក់​ព័ន្ធ​នឹង​ករណី​ឃាតកម្ម​ហ្នឹង​ដែរ? ​ អញ្ចឹង​បាន​ខ្ញុំ​ឆ្ងល់។​ទីមួយ​ខ្ញុំ​ជាមួយ​លោក​ឧកញ៉ា អ៊ឹង ម៉េង​ជឺ​គឺ​មិន​ដែល​ស្គាល់​គ្នា​សោះ។ ​ខ្ញុំ​មិន​ដែល​ស្គាល់​គាត់​ គាត់​ក៏មិន​ដែល​ស្គាល់​ខ្ញុំ​ ហើយ​មិន​ដែល​រក​ស៊ី​ស្អី​ចូល​គ្នា​សោះ។​ ដល់​ពេល​ថ្ងៃ​ស្លាប់ហ្នឹង​ឃើញ​ហ្វេស​ប៊ុក​បាន​ឮ​ឈ្មោះ​អ៊ឹង ម៉េង​ជឺ​នៅ​លើ​ហ្វេស​ប៊ុក​ហ្នឹង​តែ​ម្តង»។​

សារ​ព័ត៌​មាន​ក្នុង​ស្រុក​ជា​ច្រើន​បាន​ផ្សព្វ​ផ្សាយ​ថា​ឃាតកម្ម​បាញ់​សម្លាប់​លោក​ឧកញ៉ា អ៊ឹង ម៉េងជឺ​ បាន​កើត​មាន​ឡើង​នៅ​មុន​ពេល​ដែល​លោក​គ្រោង​នឹង​ត្រូវ​ចូល​ខ្លួន​ទៅ​បំភ្លឺ​ក្នុង​តុលាការ​នៅ​ថ្ងៃ​ទី​១០​ខែធ្នូ​ខាង​មុខនេះពាក់​ព័ន្ធ​នឹង​ទំនាស់​ដីធ្លី​មួយ​កន្លែង​ជាមួយ​នឹង​ឧកញ៉ា​ម្នាក់​ផ្សេង​ទៀត​ដែល​មាន​តម្លៃ​រាប់​លាន​ដុល្លារ​សហរដ្ឋ​អាមេរិក។​

លោក​ ឧកញ៉ា ​ថោង សារ៉ាត់​មាន​ប្រសាសន៍​ថា​លោក​ក៏​មិន​មាន​រឿងក្តី​ក្តាំ​ក្នុង​តុលាការ​ជាមួយ​លោក​ឧកញ៉ា អ៊ឹង ម៉េងជី​មុន​ពេល​ដែល​ជន​រងគ្រោះ​ត្រូវ​បាន​ឃាតករ​បាញ់​សម្លាប់៕

XS
SM
MD
LG