ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក Biden និង​អ្នកស្រី Harris ​នឹង​គោរព​វិញ្ញាណក្ខន្ធ​អ្នក​ស្លាប់​ដោយ​​​​កូវីដ១៩ នៅ​​មុន​ពិធី​ស្បថ​ចូល​កាន់​តំណែង


ទិដ្ឋភាពវិមាន Washington និងវាល National Mall នៅរដ្ឋធានីវ៉ាស៊ីនតោន ខណៈកងទ័ពអាកាសអាមេរិក ដើរកាត់បរិវេណជណ្តើរខាងលិចនៃវិមានសភាសហរដ្ឋអាមេរិក កាលពីថ្ងៃច័ន្ទ ទី១៨ ខែមករា ឆ្នាំ២០២១។
ទិដ្ឋភាពវិមាន Washington និងវាល National Mall នៅរដ្ឋធានីវ៉ាស៊ីនតោន ខណៈកងទ័ពអាកាសអាមេរិក ដើរកាត់បរិវេណជណ្តើរខាងលិចនៃវិមានសភាសហរដ្ឋអាមេរិក កាលពីថ្ងៃច័ន្ទ ទី១៨ ខែមករា ឆ្នាំ២០២១។

មួយ​ថ្ងៃ​មុន​ពិធី​ស្បថ​ចូល​កាន់​តំណែង ប្រធានាធិបតី​ជាប់​ឆ្នោត​សហរដ្ឋ​អាមេរិក​លោក Joe Biden និង​អនុ​ប្រធានាធិបតី​ជាប់​ឆ្នោត​អ្នកស្រី Kamala Harris នឹង​គោរព​វិញ្ញាណក្ខន្ធ​ពលរដ្ឋ​អាមេរិកាំង​ចំនួន​ ៤​សែន​នាក់ ​ដែល​បាន​ស្លាប់​ដោយសារ​ជំងឺ​កូវីដ១៩​ នៅ​ក្នុង​ពិធី​មួយ​នៅ​ថ្ងៃ​អង្គារ​នេះ​ នៅ​ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន។

អ្នកស្រី Jill Biden ដែល​ជា​ភរិយារបស់លោក Biden និង​លោក Doug Emhoff ​ដែលជា​ស្វាមីរបស់អ្នកស្រី Harris ក៏នឹងចូលរួមពិធីនេះផងដែរ ​ដើម្បី​បំភ្លឺ​ភ្លើង​ចំនួន​ ៤០០ ​នៅ​ឯ​ស្រះ​ទឹក​មុខវិមានបូជនីយដ្ឋាន​អតីត​ប្រធានាធិបតី Lincoln (Lincoln Memorial Reflecting Pool) ដែល​ស្ថិត​នៅ​ចុង​ម្ខាង​ទៀតនៃ​វាល​ National Mall ទល់​មុខ​អគារ​វិមាន​សភា​ដែល​នៅ​ទីនោះ​លោក Biden និងអ្នកស្រី Harris នឹងត្រូវ​ស្បថ​ចូល​កាន់​តំណែង​នៅ​ថ្ងៃ​ពុធ​ស្អែក​នេះ។

ព្រឹត្តិការណ៍​ផ្សេង​ទៀត​នៅ​ទូទាំង​សហរដ្ឋ​អាមេរិក រួម​មាន​ការ​ដុត​ភ្លើង​បំភ្លឺ​នៅ​ពេល​ជាមួយ​គ្នា​ដែរ​ នៅ​អគារ Empire State Building នៅ​ក្រុង New York និង​អគារ Space Needle នៅទីក្រុង Seattle រដ្ឋ​វ៉ាស៊ីនតោន។ គណៈកម្មាធិការ​រៀបចំ​ពិធី​ស្បថ​ចូល​កាន់​តំណែង​របស់​លោក Biden បាន​បញ្ជាក់​ថា ទីក្រុង​នានា កុលសម្ព័ន្ធ​ជនជាតិ​ដើម​អាមេរិកនិង​សហគមន៍​រាប់​រយ​ ក៏​នឹង​ចូលរួម​នៅ​ក្នុង​«ពិធី​សាមគ្គី​ជាតិ»​នេះ​ដែរ។

លោក Biden និង​អ្នកស្រី Harris នឹង​ផ្តោត​លើ​ការ​រកដោះស្រាយ​វិបត្តិ​ជំងឺ​កូវីដ​១៩ ជា​អាទិភាព​ដំបូង​មួយ​នៃ​រដ្ឋបាល​របស់​លោក ​ដោយ​គ្រោងចាក់​វ៉ាក់សាំងឱ្យ​បាន​ចំនួន​ ១០០​លាន​ នៅ​ក្នុង​រយៈពេល​ ១០០​ថ្ងៃ​ដំបូង និង​ជួយ​ឧបត្ថម្ភអ្នក​ដែល​រង​ផល​ប៉ះពាល់​សេដ្ឋកិច្ច​ពី​ការ​រាតត្បាត​នៃ​ជំងឺ​នេះ។​

រហូត​មកទល់​ពេល​នេះ មាន​មនុស្ស​ជាង​ ១២ ​លាន​នាក់​ បាន​ទទួល​ការ​ចាក់​វ៉ាក់សាំង​ដូស​ទី១ ​នៃ​ចំនួន​សរុប ២​ដូស​ នៅ​ក្នុង​សហរដ្ឋ​អាមេរិក​ ដែល​មានការ​ឆ្លង​និង​ការ​ស្លាប់​ច្រើន​ជាង​ប្រទេស​ណា​ទាំងអស់​នៅ​ក្នុង​ពិភពលោក៕

XS
SM
MD
LG