លោក Joe Biden នឹងបង្កើតឲ្យមានរូបភាពនៃការឯកភាពគ្នាមួយ មុនពេលពិធីស្បថចូលកាន់តំណែងរបស់លោកជាប្រធានាធិបតីថ្មីរបស់សហរដ្ឋអាមេរិកចូលមកដល់នៅថ្ងៃពុធនេះ ដោយលោកនឹងចូលរួមក្នុងកម្មវិធីគោរពសាសនាមួយ ជាមួយថ្នាក់ដឹកនាំជាន់ខ្ពស់នៃរដ្ឋសភានិងព្រឹទ្ធសភាចំនួន ៤ រូប ទាំងខាងគណបក្សសាធារណរដ្ឋនិងទាំងគណបក្សប្រជាធិបតេយ្យ។
កន្លងមក លោក Biden បាននិយាយនៅក្នុងយុទ្ធនាការឃោសនាបោះឆ្នោតរបស់លោក និងនៅក្រោយការបោះឆ្នោត អំពីគោលបំណងរបស់លោកនៅក្នុងការបង្រួបបង្រួមជាតិ ដែលកំពុងតែមានការបែកបាក់យ៉ាងខ្លាំងនេះ។
លោក Ron Klain ដែលជានាយខុទ្ទកាល័យរបស់លោក Biden បានបង្ហោះសារបន្តនៅលើ Twitter កាលពីថ្ងៃអង្គារថា លោក Biden បានធ្វើការអញ្ជើញដោយស្ងៀមស្ងាត់នូវមេដឹកនាំសភាខាងគណបក្សប្រជាធិបតេយ្យអ្នកស្រី Nancy Pelosi និងលោក Chuck Schumer ក៏ដូចជាមេដឹកនាំសភាខាងគណបក្សសាធារណរដ្ឋលោក Mitch McConnell និងលោក Kevin McCarthy ផងដែរ ឲ្យចូលរួមជាមួយលោកនៅក្នុងកម្មវិធីសាសានា Mass នៅព្រះវិហារគ្រិស្ដសាសនា St. Matthew's Cathedral។
អ្នកនាំពាក្យរបស់ថ្នាក់ដឹកនាំសភាទាំង ៤ រូប បានបញ្ជាក់ថា ថ្នាក់ដឹកនាំសភាដែលត្រូវបានអញ្ជើញនោះនឹងចូលរួមជាមួយលោក Biden នៅក្នុងកម្មវិធីគ្រិស្ដសាសានានេះ។
សមាជិកព្រឹទ្ធសភាលោក Chris Coons ខាងគណបក្សប្រជាធិបតេយ្យ បានបា្រប់ទូរទស្សន៍ CNN ថា កម្មវិធីគោរពសាសនាក្នុងព្រះវិហារគ្រិស្ដសាសនានេះ «គឺជាផ្នែកដ៏សំខាន់មួយនៅក្នុងការគោរពនូវប្រពៃណីទំនៀមទម្លាប់»។
លោក Coons បានបន្ថែមថា ពិធីសាសនានេះ «គឺជាការរំឮកអំពីថាតើលោក Joe Biden ជានរណា និងអំពីថាតើយើងទាំងអស់គ្នាជានរណាក្នុងនាមជាប្រជាជាតិមួយដែលមានក្តីសង្ឃឹមនិងសុទិដ្ឋិនិយម»៕