រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិកលោក Antony Blinken ស្ថិតនៅក្នុងប្រទេសអ៊ីស្រាអែលនៅថ្ងៃពុធនេះដើម្បីពិភាក្សាជាមួយពួកមេដឹកនាំអ៊ីស្រាអែលអំពីសំណើផ្អាកការប្រយុទ្ធនៅក្នុងតំបន់ហ្កាហ្សានិងការដោះលែងចំណាប់ខ្មាំងដែលត្រូវបានឃុំខ្លួនដោយក្រុមហាម៉ាស់។
ជំនួបជាមួយនាយករដ្ឋមន្ត្រីអ៊ីស្រាអែលលោក Benjamin Netanyahu រដ្ឋមន្ត្រីការពារជាតិលោក Yoav Gallantនិងលោកប្រធានាធិបតី Isaac Herzog កើតមានឡើងមួយថ្ងៃបន្ទាប់ពីលោក Blinken បាននិយាយថាពួកមេដឹកនាំក្រុមហាម៉ាស់បានផ្តល់ការឆ្លើយតបរបស់ពួកគេដល់សំណើនេះ។
លោក Blinken បានប្រាប់ពួកអ្នកយកព័ត៌មាននៅក្នុងក្រុងដូហា ប្រទេសកាតាថាសហរដ្ឋអាមេរិកកំពុងសិក្សាការឆ្លើយតបដ៏ធំទូលាយហើយថាខ្លួនបានចែករំលែកជាមួយអ៊ីស្រាអែល។
នៅក្នុងរដ្ឋធានីវ៉ាស៊ីនតោនវិញ ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Joe Bidenបានពណ៌នាការឆ្លើយតបពីក្រុមសកម្មប្រយុទ្ធថា«ជ្រុលហួសហេតុបន្តិច»ហើយបាននិយាយទៀតថាការចរចាកំពុងបន្ត។
សហរដ្ឋអាមេរិក អេហ្ស៊ីបនិងកាតាបានជួយព្រាងសំណើឈប់បាញ់គ្នាដែលបច្ចុប្បន្ននេះកំពុងពិចារណាដែលនឹងរួមមានការឈប់បាញ់គ្នានៅក្នុងការប្រយុទ្ធអស់រាប់សប្តាហ៍និងការដោះលែងចំណាប់ខ្មាំងដែលត្រូវបានឃុំខ្លួនដោយក្រុមហាម៉ាសនៅតំបន់ហ្កាហ្សា។
ការឈប់បាញ់គ្នាកាលពីពេលមុននៅចុងខែវិច្ឆិកាដែលមានរយៈពេលមួយសប្តាហ៍ហើយបានឱ្យមានការដោះលែងចំណាប់ខ្មាំង១០០នាក់ពីតំបន់ហ្កាហ្សានិងពួកអ្នកទោសប៉ាឡេស្ទីន២៤០នាក់ដែលត្រូវបានឃុំខ្លួនដោយអ៊ីស្រាអែល។ យោធាអ៊ីស្រាអែលបាននិយាយកាលពីថ្ងៃអង្គារថាចំណាប់ខ្មាំងដែលនៅសេសសល់ចំនួន៣១នាក់បានស្លាប់៕
អ្នកយកព័ត៌មានវីអូអេប្រចាំនៅអង្គការសហប្រជាជាតិអ្នកស្រី Margaret Besheer និងប្រធានការិយាល័យវីអូអេប្រចាំសេតវិមានអ្នកស្រី Patsy Widakuswara បានផ្តល់សេចក្តី រាយការណ៍នេះ។ ព័ត៌មានខ្លះនៃសេចក្តីរាយការណ៍នេះដកស្រង់ពីទីភ្នាក់ងារសារព័ត៌មាន AFPនិង Reuters
វេទិកាបញ្ចេញមតិ