រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក លោក Antony Blinken បានពិភាក្សាអំពីកិច្ចខិតខំប្រឹងប្រែងដើម្បីដោះលែងចំណាប់ខ្មាំងដែលឃុំខ្លួនដោយក្រុមសកម្មប្រយុទ្ធហាម៉ាស់នៅតំបន់ហ្កាហ្សា ខណៈដែលនៅថ្ងៃព្រហស្បតិ៍នេះ លោកបានជួបជាមួយសមាជិកនៃគណៈរដ្ឋមន្ត្រីផ្នែកសង្គ្រាមរបស់នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu។
នៅពេលចាប់ផ្តើមកិច្ចប្រជុំជាមួយលោក Benny Gantz និងលោក Gabi Eisenkot អតីតមេបញ្ជាការយោធាអ៊ីស្រាអែល លោក Blinken បាននិយាយថា កិច្ចពិភាក្សាផ្តោតលើ«ចំណាប់ខ្មាំង និងបំណងប្រាថ្នាដ៏ខ្លាំងក្លាដែលយើងទាំងពីរចង់ឃើញពួកគេត្រឡប់ទៅគ្រួសាររបស់ពួកគេវិញ ដែលជាការងារដែលត្រូវធ្វើដល់ទីបញ្ចប់នោះ»។
លោក Blinken បាននិយាយថា លោកក៏ផ្តល់ព័ត៌មានថ្មីៗពីកិច្ចប្រជុំដែលលោកធ្វើនៅកន្លែងផ្សេងទៀតនៅក្នុងតំបន់ ក្នុងដំណើរទស្សនកិច្ចដែលរួមមាននៅអារ៉ាប៊ីសាអូឌីត អេហ្ស៊ីប កាតា និងតំបន់ West Bank។
លោក Gantz បានប្រាប់លោក Blinken ថា បញ្ហាបន្ទាន់បំផុតគឺការស្វែងរកវិធីដើម្បីនាំយកចំណាប់ខ្មាំងមកវិញ។
កិច្ចប្រជុំនេះធ្វើឡើងនៅពេលដែលអ៊ីស្រាអែល និងក្រុមហាម៉ាសពិចារណាលើសំណើឱ្យមានបទឈប់បាញ់គ្នាបណ្តោះអាសន្នថ្មីមួយ ដែលនឹងរួមបញ្ចូលការផ្អាកការប្រយុទ្ធ និងការដោះលែងចំណាប់ខ្មាំងចេញពីតំបន់ហ្កាហ្សា។
មន្ត្រីជាន់ខ្ពស់របស់ក្រុមហាម៉ាស់បាននិយាយថា គណៈប្រតិភូហាម៉ាសនឹងធ្វើដំណើរទៅកាន់ទីក្រុងគែរនៅថ្ងៃព្រហស្បតិ៍ ដើម្បីបន្តការចរចាជាមួយមន្ត្រីអេហ្ស៊ីប និងកាតា។
លោក Blinken បាននិយាយកាលពីថ្ងៃពុធថា ការឆ្លើយតបរបស់មេដឹកនាំក្រុមហាម៉ាស់ចំពោះផែនការដែលព្រាងដោយមន្ត្រីសហរដ្ឋអាមេរិក អេហ្ស៊ីប កាតា និងអ៊ីស្រាអែល គឺ«ច្បាស់ណាស់ថាមិនមែនជាចំណុចចាប់ផ្តើមទេ» ប៉ុន្តែនៅមាន ឱកាសសម្រាប់ការចរចាដែលកំពុងបន្ត៕
អ្នកស្រី Margaret Besheer អ្នកឆ្លើយឆ្លងព័ត៌មានរបស់ VOA នៅអង្គការសហប្រជាជាតិ អ្នកស្រី Patsy Widakuswara ប្រធានការិយាល័យវីអូអេនៅសេតវិមាន បានរួមចំណែកក្នុងសេចក្តីរាយការណ៍នេះ។
ព័ត៌មានខ្លះត្រូវបានដកស្រង់ចេញពីសេចក្តីរាយការណ៍របស់ទីភ្នាក់ងារសារព័ត៌មាន The Associated Press, Agence France-Presse និង Reuters។
វេទិកាបញ្ចេញមតិ